ព័ត៌មានមិនធ្វើឱ្យកុមារ - Krusar Reng Mam

ព័ត៌មានមិនធ្វើឱ្យកុមារ

ដោយ ប៊ុនលី មាស - 4 years
ការជួយកុមារងាយរងគ្រោះនៅកម្ពុជាក្នុងការអនុវត្តវិធានការការពារពីជំងឺកូវីដ ១៩
Scroll down to read more

ព័ត៌មានមិនធ្វើកុមារមាន សុវត្ថិភាពឡើយ ការអនុវត្តទើបធ្វើឱ្យកុមារមានសុវត្ថិភាព

©UNICEF Cambodia/2020/ Miguel Jeronimo

នៅក្នុងស្ថានភាពប្រក្រតី កុមារនៅកន្លែងថែទាំកុមារ​មានភាពងាយរងគ្រោះរួចទៅហើយ ដូច្នេះ ក្នុងអំឡុងពេល​នៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ពួកគេកាន់តែងាយរងគ្រោះជាងមុន។ បន្ថែមលើ​បញ្ហាប្រឈម​ដែលមានស្រាប់របស់ពួកគេទាក់ទងនឹង​កង្វះការថែទាំពីគ្រួសារនៅពេលនេះ កុមារទាំងនេះ​​កំពុង​ប្រឈមមុខ​នឹងស្ថានភាពថ្មីមួយ ដែលគ្មានភាពប្រាកដប្រជា។

ដូចកុមារដទៃទៀតនៅក្នុងអំឡុងពេលនេះដែរ ពួកគេមិនអាចទៅសាលារៀនដែលស្ថិត​នៅក្រៅ​បរិវេណរបស់ពួកគេ លេងកំសាន្តដោយសេរី​ដូច​ពួកគេអាចលេង​ជាមួយ​មិត្តភក្តិរបស់ពួកគេកាលពីមុន និងត្រូវនៅក្នុងផ្ទះ​​គ្រប់ពេល។ អ្វីដែលពួកគេអាចសួរ គឺតើពេលណាទើបស្ថានភាពនេះនឹង បញ្ចប់ ហើយគ្មានអ្នកណាម្នាក់ដឹងចម្លើយឡើយ។

©UNICEF Cambodia/2020/ Miguel Jeronimo

កុមារ​នៅបុរីកុមារកំព្រាបាត់ដំបង II ​ បានចូលរួម​នៅក្នុងវគ្គសិក្សាបន្តអំពី​ការយល់ដឹង និងការអនុវត្តទាក់ទងនឹង​ជំងឺកូវីដ ១៩ ដែលរៀបចំដោយ​បុគ្គលិកសង្គម​មកពី​មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

នៅប្រទេសកម្ពុជា កុមារចំនួន ៩.៣៨៣នាក់​ កំពុងរស់នៅក្នុងកន្លែងថែទាំកុមារ និងកុមារចំនួន​ ១.៤៦៩នាក់ ផ្សេងទៀត​កំពុងស្ថិតក្នុងដំណើរការសមាហរណកម្មទៅកាន់គ្រួសារ និង សហគមន៍      ​វិញ។ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ ពួកគេត្រូវការការគាំទ្រច្រើនជាងពេលណាៗទាំងអស់ រួមទាំង​ការគាំទ្រលើការអប់រំ ការលេងកំសាន្ត និងសុខភាពផ្លូវចិត្ត។

នៅពេលបច្ចុប្បន្ន បុគ្គលិកសង្គម អ្នកថែទាំ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលកំពុងបង្កើនសេវា​របស់ពួកគេជាមួយនឹងចំណេះដឹង និងធនធាន ដើម្បីធ្វើឱ្យកុមារបន្តទទួលបានព័ត៌មាន និងមានសុវត្ថិភាព។ ពួកគេផ្ដល់សម្ភារអនាម័យ រៀបចំ​វគ្គសិក្សា ពង្រឹងការអនុវត្ត​វិធានការប្រុងប្រយ័ត្នជាមុន និងផ្ដល់​ការពិគ្រោះយោបល់ផ្លូវចិត្ត។​

©UNICEF Cambodia/2020/ Miguel Jeronimo

បុគ្គលិកសុខភាពមកពីអង្គការមិនមែនរដ្ឋាភិបាល​ក្នុងស្រុកមួយ​ឈ្មោះថា អង្គការទំនុកចិត្តកុមារកម្ពុជា (CCT) នៅខេត្តបាត់ដំបង បានរៀបចំ​វគ្គសិក្សា​មួយ សម្រាប់​កុមារ និងអ្នកថែទាំរបស់ពួកគេអំពី​ការបង្ការជំងឺកូវីដ ១៩។ គោលបំណងនៃវគ្គនេះ គឺដើម្បី​ធ្វើឱ្យកុមារយល់​ និងការពារខ្លួនពួកគេ។

សម្រាប់រយៈពេលពីរខែចុងក្រោយនេះ បុគ្គលិកសុខភាព​បាន និងកំពុងប្រាប់កុមារ និងអ្នកថែទាំរបស់ពួកគេអំពីសារដូចៗគ្នា ពោលគឺការលាងដៃជាមួយនឹងទឹកស្អាត សាប៊ូ ឬជែលអាល់កុល ការខ្ទប់ច្រមុះ និងមាត់​ជាមួយ​ក្រដាសជូតមាត់ ឬកែងដៃ​ នៅពេលក្អក ឬកណ្ដាស់ ការពាក់ម៉ាស​ និងការរក្សាគម្លាត​ពីរម៉ែត្រពីអ្នកដទៃ។

©UNICEF Cambodia/2020/ Miguel Jeronimo

ស៊ុន ស្រួយ ដែលជាបុគ្គលិកសង្គម​នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ខេត្តបាត់ដំបង បានពិនិត្យ​ការយល់ដឹងរបស់កុមារ​អំពី​វិធានការការពារពីជំងឺកូវីដ ១៩ នៅក្នុងវគ្គសិក្សាតាមដានបន្ត​នៅក្នុងបុរីកុមារកំព្រាបាត់ដំបង II។

នៅចុងបញ្ចប់នៃវគ្គសិក្សានីមួយៗ កុមារបង្ហាញអំពី​ការរៀនសូត្ររបស់ពួកគេ តាមរយៈការបង្ហាញ​អំពី​របៀប ដែលពួកគេអនុវត្តទម្លាប់​ដែលផ្តល់នូវសុខភាពល្អ ដូចជា ការលាងសម្អាតដៃ។

©UNICEF Cambodia/2020/ Miguel Jeronimo

យុវវ័យពីរនាក់​នៅក្នុងបុរីកុមារកំព្រាបាត់ដំបង II បានបង្ហាញដល់បុគ្គលិកសង្គម និងមិត្តភក្តិរបស់ពួកគេអំពី​ជំហានដ៏ត្រឹមត្រូវ​ក្នុងការលាងដៃ ជាវិធីសាមញ្ញ ប៉ុន្តែជាបច្ចេកទេសប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការការឆ្លង និងការរីករាលដាលនៃមេរោគ ដូចជា ជំងឺកូវីដ ១៩។

មិនត្រឹមតែកន្លែងថែទាំកុមារប៉ុណ្ណោះទេ ប៉ុន្តែ​បុគ្គលិកសង្គមក៏ត្រូវការធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីផ្ដល់ព័ត៌មានដល់កុមារ និងឪពុកម្ដាយ អំពីកម្មវិធីថែទាំដោយឪពុកម្ដាយធម៌ ឬកម្មវិធីថែទាំតាមផ្ទះរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផងដែរ។ គម្រោងថែទាំជំនួស ​គាំទ្រ​ដល់ឪពុកម្ដាយធម៌ ឬ អ្នកអាណាព្យាបាល ​ក្នុងការចិញ្ចឹមកុមារ​នៅក្នុងបរិយាកាសគ្រួសារ។

©UNICEF Cambodia/2020/ Bunly Meas

លោកស្រី ឡុង សារ៉ាន់ ដែលជាមន្រ្តីគម្រោងនៃអង្គការកុមាររីករាយកម្ពុជា​នៅខេត្តបាត់ដំបង បានរៀបចំ​វគ្គសិក្សាមួយ​សម្រាប់កុមារចំនួនប្រាំនាក់ ដែលកំពុងរស់នៅក្នុងគ្រួសារធម៌។

លោកស្រី សារ៉ាន់ ​ជាមន្ត្រីគម្រោង​នៃគម្រោងថែទាំជំនួសតាមសហគមន៍​នៃអង្គការសមាគមកុមាររីករាយបាននិយាយថា “​ខ្ញុំត្រូវនិយាយយ៉ាងច្រើន និងនិយាយជាច្រើនដង ដើម្បីឱ្យកុមារយល់។ ខ្ញុំមិនអាចបញ្ចប់នៅត្រឹមប៉ុណ្ណឹងទេ ប៉ុន្តែខ្ញុំត្រូវផ្ដល់ឱកាសឱ្យពួកគេអនុវត្ត។ បន្ទាប់មក ខ្ញុំត្រូវវិលត្រលប់មកវិញនៅពេលក្រោយ ដើម្បីពិនិត្យមើលថា តើ​ពួកគេពិតជាអនុវត្តវិធីទាំងនេះដែរឬទេ​។ ហើយវិធីនេះក៏អនុវត្តចំពោះឪពុកម្ដាយធម៌ផងដែរ”។

©UNICEF Cambodia/2020/ Miguel Jeronimo

កុមារម្នាក់អនុវត្តលាងសម្អាតដៃជាមួយនឹងអាល់កុលសម្លាប់មេរោគក្នុងអំឡុងពេលវគ្គសិក្សា​នៅផ្ទះថែទាំកុមារតាមគ្រួសារ ដែលរៀបចំឡើងដោយអង្គការទំនុកចិត្តកុមារកម្ពុជា (CCT) ​នៅខេត្តបាត់ដំបង។

ជាធម្មតា កម្មវិធីចិញ្ចឹមកូនបែបវិជ្ជមាន​នៅក្នុងភូមិនានាផ្ដល់ការទប់ស្កាត់​អំពើហិង្សា ដែលឪពុកម្ដាយ និងអ្នកថែទាំបានប្រព្រឹត្ត ប៉ុន្តែនៅពេលបច្ចុប្បន្ន កម្មវិធីទាំងនេះក៏បញ្ចូលនូវវិធានការពារពីជំងឺកូវីដ ១៩ ផងដែរ។

©UNICEF Cambodia/2020/ Miguel Jeronimo

ម្ដាយម្នាក់​បង្ហាញ​អំពីរបៀប ដែលគាត់ខ្ទប់មាត់របស់គាត់​ជាមួយនឹងកែងដៃ នៅពេលកណ្ដាស់ នៅអំឡុងពេលនៃវគ្គសិក្សា សម្រាប់ឪពុកម្ដាយ ដែលរៀបចំឡើងដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយឈ្មោះថា អង្គការបុត្តាភិបាល​ដើម្បីវឌ្ឍនសង្គម (ICS-SP) នៅខេត្តបាត់ដំបង។

ឪពុកម្ដាយរៀនអំពីរាល់​បច្ចេកទេសចាំបាច់ទាំងអស់ និងបង្រៀនបន្តដល់កូនៗរបស់ពួកគេ​នៅផ្ទះ។ ពួកគេក៏ទទួលបានសម្ភារអនាម័យ រួមមាន​សាប៊ូ ម៉ាស់ និងទឹកអាល់កុលលាងដៃសម្លាប់មេរោគ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេផងដែរ។

©UNICEF Cambodia/2020/ Miguel Jeronimo

ម្ដាយម្នាក់​អនុវត្តពាក់ម៉ាសឱ្យកូនស្រីរបស់គាត់​ បន្ទាប់ពីគាត់បានរៀនពីបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។

អង្គការយូនីសេហ្វធ្វើឱ្យការខិតខំប្រឹងប្រែងរបស់បុគ្គលិកសង្គម និងអង្គការមិនមែនរដ្ឋាភិបាល​​អាចអនុវត្តទៅតាមបាន តាមរយៈការបន្តគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ) និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូ។ គោលបំណងសំខាន់​ គឺដើម្បីកាត់បន្ថយ​ផលប៉ះពាល់​នៃជំងឺកូវីដ ១៩​ លើកុមារងាយរងគ្រោះ។

©UNICEF Cambodia/2020/ Miguel Jeronimo

បុគ្គលិកអង្គការយូនីសេហ្វ​បាននិយាយជាមួយកុមារ ដើម្បីពិនិត្យរកបញ្ហាប្រឈមនានា​របស់កុមារ​ងាយរងគ្រោះ​នៅកន្លែងថែទាំ​កុមារ និងការគាំទ្រដែលពួកគេត្រូវការ។

គិតត្រឹមពេលសរសេរអត្ថបទនេះ ប្រទេសកម្ពុជាបានរាយការណ៍ឱ្យដឹងថា​ មានមនុស្សចំនួន ១២២នាក់​បានឆ្លងជំងឺកូវីដ​ ១៩ និងបានជាសះស្បើយទាំងអស់។ ចាប់តាំងពីរកឃើញករណីដំបូង និងដោយមានការរួមវិភាគទានពី USAID ​និងរដ្ឋាភិបាលជប៉ុន អង្គការយូនីសេហ្វបានគាំទ្រក្រសួងសុខាភិបាល​​ក្នុងការដឹកនាំធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីគ្រោះអាសន្ន និងយុទ្ធនាការជម្រុញឱ្យមានការចូលរួមរបស់សហគមន៍​នៅទូទាំងប្រទេស។ ប្រជាជនកម្ពុជាចំនួនជាង ១០លាននាក់​នៅក្នុងចំណោមប្រជាជនកម្ពុជា ១៦លាននាក់​​ បានទទួលផលពីសកម្មភាពទាំងនេះ។

 

Battambang
Siem Reap
Preah Sihanouk
Kandal
Phnom Penh