ម្នាក់ឯងយើងអាចធ្វើបានតិចតួច បើយើងរួមគ្នាយើងសង្រ្គោះជីវិតកុមារបានយ៉ាងច្រើន
នៅឯមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ថ្ងៃទី១២ ខែកក្តដា ឆ្នាំ ២០១៩ វេលាម៉ោង២រសៀល មានសកម្មភាពកំពុងតែមម៉ាញឹកយ៉ាងខ្លាំ។ ស្រ្តី និងកុមារជាច្រើនកំពុងអង្គុយនៅតាមកៅអីជាជួររងចាំដល់វេនរបស់ខ្លួន ដើម្បីចូលជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬពិនិត្យសុខភាព។
វេជ្ជ.ជុំ ចាន់ វិសុត្ថារិន្ទ នាយរងមន្ទីរពេទ្យខេត្ត និងជាប្រធានផ្នែសម្ភព និងរោគស្រ្តី និងកុមារជាមួយនឹងវេជ្ជ.អឿ សុធារី អនុប្រធានផ្នែកសម្ភព និងរោគស្រ្តី និងកុមារកំពុងស្តាប់អតិថិជនរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។
លោកវេជ្ជ.វិសុត្ថារិន្ទ បានមានប្រសាសន៍ថា៖ «ថ្ងៃនេះហាក់ដូចជាមានមនុស្សច្រើនណាស់ ជាពិសេសគឺពេលព្រឹក»។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្ត៖ «ជាធម្មតាមមានអតិថិជនច្រើនមកទីនេះទាំងស្រ្តី និងកុមារ ដែលមកពីគ្រប់ទិសទី រួមទាំងជនជាតិភាគតិចផងដែរ។»
កុមារមួយចំនួនដែលមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះនេះគឺជាជនរងគ្រោះដោយអំពើហិង្សា ភាគច្រើនគឺជាអំពើហិង្សាផ្លូវភេទ ឬរងការរំលោភបំពានផ្លូវភេទ។
មន្ទីរពេទ្យបង្អែកខេត្តក្រចេះគឺជាមន្ទីរមួយក្នុងចំណោមគ្រឹះស្ថានសុខាភិបាលចំនួន៦០នៅបណ្តាខេត្តនៃភូមិភាគឦសាននៃប្រទេស(រតនគិរី និងក្រចេះ) ដែលអនុវត្តការប្រើប្រាស់សៀវភៅស្តីពីការថែទាំសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទ។ សៀវភៅនេះបង្កើតឡើងដោយក្រសួងសុខាភិបាល ដោយមានការគាំទ្របច្ចេកទេស និងថវិកាពីអង្គការយូនីសេហ្វកាលពីឆ្នាំ២០១៧។ សៀវភៅនេះបានផ្តល់ការណែនាំ និងគាំទ្រដោយបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលដែលធ្វើការនៅតាមគ្រឹះស្ថានសុខភាពក្នុងការជួយសង្គ្រោះកុមារដែលមានបទពិសោធន៍ទទួលរងនូវអំពើហិង្សា។ សៀវភៅនេះបានលើទឹកចិត្ត ដោយគាំទ្រឲ្យមានក្របខ័ណ្ឌការងារសម្រាប់ឆ្លើយតបនឹងតម្រូវការរបស់កុមារ ដែលរងគ្រោះដោយសារអំពើហិង្សា ផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាទទួលរងនូវអំពើហិង្សាផ្សេងៗ ដោយផ្តល់នូវការណែនាំក្នុងព្យាបាលវេជ្ជសាស្រ្ត ថែទាំលើផ្នែកចិត្តសាស្រ្ត ព្រមទាំបញ្ចូនទៅរកទៅរកសេវាសង្គម និងផ្លូវច្បាប់ផ្សេងៗ។
នៅមន្ទីរបង្អែកខេត្តក្រចេះមានបុគ្គលិកសុខភិបាលចំនួន៤នាក់ទទួលបានការបណ្តុះបណ្តាលអំពីការប្រើប្រាស់សៀវភៅស្តីពីការថែទាំសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទនេះ ដែលក្នុងនោះមានវេជ្ជ.វិសុត្ថារិន្ទ និងវេជ្ជ.សុធារីផងដែរ។
កុមារត្រូវបានសាច់ញាតិក្រុមគ្រួសារ បុគ្គលិកសង្គមពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បុគ្គលិកសហគមន៍របស់អង្គការ ឬ មន្រ្តីប៉ូលីសនាំមកមន្ទីរពេទ្យនេះ។
វេជ្ជ.សុធារីពន្យល់ថា៖ «ចាប់តាំងពីទទួលបានវគ្គបណ្តុះបណ្តាលរួចមក យើងតែងតែព្យាយាមអនុវត្តឲ្យអស់លទ្ធភាពក្នុងជួយកុមារ។ ជាដំបូងយើងត្រូវធ្វើយ៉ាងណាដើម្បីធានាថាកុមារមានសុវត្ថិភាព យើងពិនិត្យផលប៉ះពាលផ្លូវចិត្ត ផ្លូវកាយ រួចហើយទើបផ្តល់ការថែទាំភ្លាមៗ និងសម្រាប់រយៈពេលវែង ក៏ដូចជាគាំទ្រកុមាររងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេផងដែរ»។
វេជ្ជបណ្ឌិតទាំងពីររូបមានអារម្មណ៍ថា ពួកគាត់ទទួលបាននូវជំនាញល្អប្រសើរក្នុងការកំណត់ និងពិនិត្យវិនិច្ឆ័យកុមារដែលរងនូវការរំលោភបំពានផ្លូវភេទ។ វេជ្ជ.សុធារីពន្យល់ប្រាប់ថា៖ «ខ្ញុំបានរៀនសូត្រយ៉ាងច្រើនពីវគ្គបណ្តុះបណ្តានេះ ជាធម្មតាវាមានការលំបាកខ្លាំងណាស់ក្នុងការឲ្យកុមារដែលធ្លាប់ទទួលរងការរំលោភបំពានផ្លូវភេទនិយាយចេញ វាច្រើនតែចំណាយពេលវេលាដ៏ច្រើនយ៉ាងយកចិត្តទុកដាក់ និងត្រូវស៊ូទ្រាំអតធ្មត់យ៉ាងខ្លាំង។ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលនោះរួចមកខ្ញុំបានរៀននូវបច្ចេកទេសក្នុងការជួយបង្កើតទំនាក់ទំនងជាមួយកុមារដោយគ្រាន់តែប្រើប្រាស់នូវជំហានដ៏សាមញ្ញៗ ដោយសួរជាសំណួរសមស្របទៅតាមអាយុកាលលរបស់កុមារ។ ធ្វើដូច្នេះយើងអាចឲ្យកុមារជឿទុកចិត្ត ទើបកុមារយល់ព្រមឲ្យយើងធ្វើការពិនិត្យ»។
វេជ្ជ.វិសុត្ថារិន្ទ និងវេជ្ជ.សុធារី ទទួលបានវគ្គបណ្តុះបណ្តាលឲ្យក្លាយជាគ្រូបង្គោលប្រចាំខេត្តក្រចេះផងដែរ ដើម្បីជួយបណ្តុះបណ្តាលអំពីការប្រើប្រាស់សៀវភៅស្តីពីការថែទាំសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទនេះ ទៅដល់បុគ្គលិកសុខភាភិបាលផ្សេងទៀតនៅតាមស្រុកសុខាភិបាលប្រតិបត្តិ និងនៅតាមមណ្ឌលសុខភាពនានា។
កិច្ចសហប្រតិបត្តិការណ៍ពីវិស័យផ្សេងៗគឺជាគន្លឹះជោគជ័យនៃការអនុវត្តប្រើប្រាស់សៀវភៅស្តីពីការថែទាំសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទនេះ។ នៅឆ្នាំ២០១៨ បានរៀបចំសិក្ខាសាលារយៈពេលមួយថ្ងៃដែលមានគោលបំណងចំនួនពីរ៖ ធ្វើឲ្យមានចលនាចូលរួមពីមន្រ្តីរដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលនៅតាមស្រុកគ្រប់កម្រិតនៅក្នុងខេត្ត បង្កើនការយល់ដឹងអំពីវិស័យសុខភិបាលក្នុងឆ្លើយតបនឹងអំពើហិង្សាលើកុមារ។ សិក្ខាកាមប្រមាណជាង៧៥នាក់បានចូលរួម ដែលរួមមានមន្រ្តីសុខភិបាលមកពីបណ្តាមន្ទីរពេទ្យបង្អែក មណ្ឌលសុខាភិបាល មន្រ្តីរដ្ឋាភិបាល បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនានា ដែលធ្វើការក្នុងវិស័យកិច្ចការសង្គម យ៉ែនឌ័រ យុត្តិធម៌ និងអប់រំ។
វេជ្ជ.សុធារីបញ្ជាក់ប្រាប់ថា៖ «យើងបានផ្តល់នូវការគាំទ្រសមរម្យទៅដល់ជនរងគ្រោះចាប់តាំងពីយើងបានអនុវត្តប្រើប្រាស់សៀវភៅស្តីពីការថែទំាសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទនេះ។ យើងបានជួយកុមារលើសពីការព្យាបាលដោយវិជ្ជសាស្រ្តទៅទៀត។ យើងដឹងពីកន្លែងដែលយើងត្រូវបញ្ជូនកកុមារទៅទទួលការគាំទ្រផ្នែកផ្លូវចិត្ត ក៏ដូចជាសេវាឯកទេសផ្សេងៗទៀតផងដែរ»។
លោក តូ ដុង អនុប្រធានការរិយាល័យសុខមាលភាពកុមារ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ ក៏បានចូលរួមវគ្គសិក្ខាសាសាកាលពីឆ្នាំ២០១៨នោះផងដែរ។
លោក ដុង បានឲ្យដឹងថា៖ «ខ្ញុំចិត្តរំភើបយ៉ាងខ្លាំងពេលចូលរួមវគ្គសិក្ខាសាលានោះ។ ខ្ញុំបានយល់ដឹងថា អំពើហិង្សាលើកុមារគឺជាបញ្ហាដ៏ធ្ងន់ធ្ងរនៅកម្ពុជា។ អំពើហិង្សាមិនត្រឹមតែរំលោភបំពានសិទ្ធជាមូលដ្ឋាន ប៉ុន្តែវាបង្ករជាបញ្ហាសុខភាពសាធារណៈ។ អំពើហិង្សាធ្វើឲ្យជីវិតកុមាររងគ្រោះទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាការខាតបង់យ៉ាងធ្ងន់ដល់សង្គមយើង។»
ចាប់តាំងពីបានចូលរួមវគ្គសិក្ខាសាលានោះរួចមមក លោក ដុង ក្លាយជាសកម្មជនក្នុងការទប់ស្កាតអំពើហិង្សាលើកុមារ។ គាត់បានធ្វើការជាមួយអាជ្ញាធរដែនដី និងបុគ្គលអង្គការមិនមែនរដ្ឋាភិបាលនានាក្នុងការកិច្ចការពារកុមារ។ គាត់តែងតែចែករំលែកនូវអ្វីដែលគាត់បានរៀនពីវគ្គសិក្ខាសាលានោះជាមួយមិត្តភិក្តិរបស់គាត់។
សហការីរបស់លោក ដុង ម្នាក់ឈ្មោះ អ្នកនាង ដួង ដាណែត ជាមន្រ្តីការរិយាល័យសុខមាលភាពសង្គមនៃមន្ទីសង្គមកិច្ច អតីយុទ្ធជន និងយុវជននីតិសម្បទាខេត្តក្រចេះផងដែរ គឺជាអ្នកធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីសុខាភិបាលដែលថែទាំគាំពារកុមារ។ មន្ទីរពេទ្យបង្អែកខេត្តក្រចេះគឺស្ថិតនៅក្នុងចំណោមគ្រឹះស្ថាន ដែលអ្នកនាងដួង ដាណែត ឧស្សាហ៍បញ្ចូនកុមារដែលទទួលរងបទពិសោធន៍រងអំពើហិង្សា ឬ រំលោភបំពានផ្លូវភេទ ទៅទទួលសេវាថែទាំយ៉ាងជិតដិត។ អ្នកនាងយល់ឃើញថា មន្រ្តីសុខាភិបាលនៅមន្ទីរពេទ្យនេះ ពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ ពួកគេបានត្រៀមខ្លួនផ្តល់ការថែទាំសុខភាពឆ្លើយតបនឹងតម្រូវការខាងរាងកាយ និងផ្លូវចិត្តរបស់កុមារ និងធានាសុវត្ថិភាពរបស់កុមារ។
ដាណែត និយាយថា៖ « ខ្ញុំយល់ថា ការសហការជាមួយបុគ្គលិសុខាភិបាលពិតជាជួយឲ្យមានភាពងាយស្រួលខ្លាំងណាស់។ ពួកគាត់រស់រាយរាក់ទាក់ ស្វាគមន៍ពួកយើងគ្រប់ពេល។ នៅពេលណាដែលខ្ញុំនាំអតិថិជនរបស់ខ្ញុំ (កុមារដែជនរងគ្រោះ) មន្រ្តីសុខភាភិបាលបានប្រាស្រ័យទាក់ទងយ៉ាងយកចិត្តទុកដាក់ តាមរបៀបមួយ ដែលកុមារមានអារម្មណ៍ថាមានសុវត្ថិភាព និងចូលចិត្ត»។
ដាណែត និយាយថា៖ «ការសហការគ្នាពីដៃគូទាំងអស់ពិតជាសំខាន់ណាស់នៅពេលយើងឆ្លើយតបទៅនឹងកុមាររងគ្រោះដោយសារអំពើហិង្សា ឬការរំលោភបំពានផ្លូវភេទ។ យើងម្នាក់ឯងអាចធ្វើបានតិចតួចណាស់។ តែរួមជាមួយគ្នា យើងអាចធ្វើបានច្រើន ដើម្បីជួយសង្គ្រោះកុមារបន្ថែមទៀត»។
ចាប់តាំងពីឆ្នាំ ២០១៨ បុគ្គលិកសុខាភិបាលសរុបចំនួន ១៣៧ នាក់មកពីមណ្ឌលសុខភាពចំនួន ៦០ ទទទួលបានការបណ្តុះបណ្តាលអំពីការឆ្លើយតបផ្នែកសុខាភិបាលចំពោះអំពើហិង្សាលើកុមារ សមិទ្ធផលដ៏ធំនេះ អាចកើតមានឡើងដោយសារពីការបរិច្ចាគដ៏សប្បុរសធម៌ពីរដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលជប៉ុន។ យ៉ាងហោចណាស់ក៏មានកុមារចំនួន ៤៧ នាក់ ដែលភាគច្រើនមកពីក្រុមជនជាតិភាគតិច បានទទួលអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។ ក្រសួងសុខាភិបាលនឹងបន្តធ្វើបទអន្តរាគមន៍នូវកម្មវិធីសំខាន់នេះ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួនដល់មណ្ឌលសុខភាពសរុបចំនួន ៣០០ នៅក្នុងខេត្តចំនួន ១៥ ដែលជាជំហានសំខាន់ក្នុងការធានាឱ្យមានការការពារកុមារកម្ពុជានៅទូទាំងប្រទេស។