បុគ្គលិកសង្គមផ្លូវការ - Krusar Reng Mam
https://strongfamily.mosvy.gov.kh/wp-content/uploads/2020/10/photo_2020-05-15_18-04-06.jpg

បុគ្គលិកសង្គមផ្លូវការ

Lydia Darby - 3 years
អង្គការយូនីសេហ្វកំពុងធ្វើការងារ ដើម្បីកសាងប្រព័ន្ធកិច្ចការពារកុមារ តាមរយៈការបណ្ដុះបណ្ដាលកម្លាំងសេវាសង្គម ដើម្បីឆ្លើយតបចំពោះកុមារនៅក្នុងស្ថានភាពមានការប្រឈមហានិភ័យ និងកុមារដែលបានទទួលរងគ្រោះថ្នាក់ពីអំពើហិង្សា ការរំលោភបំពាន និងការមិនអើពើ
Scroll down to read more

ប្រទេសកម្ពុជា​មានបុគ្គលិកសង្គម​ផ្លូវការ​ នៅទូទាំង២៥រាជធានីខេត្តជាលើកដំបូង

UNICEF Cambodia/2020/Nayheak Khun

ខែឧសភា ឆ្នាំ២០២០ រាជធានីភ្នំពេញ – ​កុមារកម្ពុជាម្នាក់​ក្នុងចំណោមកុមារកម្ពុជាពីរនាក់​ត្រូវបានរាយការណ៍ឱ្យដឹងថា ធ្លាប់រងការវាយដំធ្ងន់ធ្ងរ កុមារម្នាក់ក្នុងចំណោមបួននាក់​បានទទួលរង​ការរំលោភបំពានផ្លូវចិត្ត និងម្នាក់ក្នុងចំណោម ២០នាក់ ​ធ្លាប់រងការរំលោភផ្លូវភេទ។ កុមារជាច្រើន​ត្រូវបានគេជួញដូរ បង្ខំឱ្យធ្វើការងារ បែកចេញពីគ្រួសាររបស់ពួកគេ និងទុកដាក់នៅក្នុងមណ្ឌលថែទាំកុមារ​ដោយមិនចាំបាច់។ សម្រាប់កុមារជាច្រើន ការបិទសាលារៀន និងការកើនឡើងនូវ​ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច​ ដែលបង្កឡើង​ពីការរីករាលដាលនេះ នឹងបង្កើនការគំរាមកំហែង​ចំពោះពលកម្មកុមារ ការរៀបអាពាហ៍ពិពាហ៍ក្នុងវ័យកុមារ អំពើជួញដូរ​កុមារ ការមានផ្ទៃពោះក្នុងវ័យជំទង់ និងអំពើហិង្សា។

នៅក្នុងពេលវេលាបែបនេះ បុគ្គលិកសង្គម​អាចជាទីពឹងពាក់សម្រាប់កុមារ និងគ្រួសារ ដើម្បីការពារសុខភាព និងសុខុមាលភាពរបស់ពួកគេ។ ប៉ុន្តែ​នៅក្នុងប្រទេសកម្ពុជា មានមនុស្សតិចតួច ដែលនៅក្នុងវិស័យសុខុមាលភាព​សង្គម ហើយពួកគេភាគច្រើន​មិនបានទទួលការបណ្ដុះបណ្ដាលអំពីការងារសង្គមកិច្ចជាផ្លូវការឡើយ។

ដើម្បីឆ្លើយតបចំពោះ​សេចក្ដីត្រូវការបន្ទាន់នេះ អង្គការយូនីសេហ្វ​កំពុងធ្វើការងារ​ជាមួយ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ) ដើម្បីបណ្ដុះបណ្ដាល​បុគ្គលិកសង្គមថ្មីៗ និងធានា​ថា មានបុគ្គលិកដែលបានទទួលការបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបនឹងករណីហានិភ័យ និងករណីគ្រោះថ្នាក់ប្រកបដោយប្រសិទ្ធភាព។ នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូនីសេហ្វ​ក្នុងការកសាងប្រព័ន្ធកិច្ចការពារកុមារមួយ​នៅក្នុងប្រទេសមួយ ដែលមិនទាន់មានច្បាប់ស្តីពីកិច្ចការពារកុមារ ជាហេតុធ្វើ​ឱ្យការឆ្លើយតបដែលមានលក្ខណៈសម្របសម្រួលគ្នា​នៅទូទាំងប្រទេស ​ជួបប្រទះ បញ្ហាប្រឈម។

មុនពេលមានជំងឺកូវីដ ១៩ អង្គការយូនីសេហ្វ​បាននិងកំពុងគាំទ្រក្រសួង ស.អ.យ ក្នុងការ​បញ្ជូនបុគ្គលិកសង្គមចំនួន ១៧នាក់ ទៅបម្រើការងារនៅក្នុងរាជធានីខេត្តចំនួនប្រាំ។ បើទោះជាដូច្នេះក្តី ក្នុងអំឡុងពេលនៃរាតត្បាតជាសកលនេះ ការមានបុគ្គលិកសង្គម​នៅក្នុងគ្រប់រាជធានីខេត្តទាំងអស់​ មានភាពចាំបាច់ខ្លាំងណាស់ ក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវករណីអំពើហិង្សា និងសម្រាប់កុមារ​ដែលត្រូវបានបំបែកពីគ្រួសារ មិនមានមនុស្សពេញវ័យនៅជាមួយ ឬ កំពុងត្រូវការកិច្ចគាំទ្រចិត្ត   សង្គម។ ក្រសួង ស.អ.យ និង អង្គការយូនីសេហ្វ​បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច (NISA) ដោយផ្ដល់នូវវគ្គសិក្សាស្តីពីការងារសង្គមកិច្ច ដើម្បីជ្រើសរើស​និស្សិតបញ្ចប់ការសិក្សាចំនួន ២០នាក់ ដើម្បីបញ្ជូនឱ្យទៅបម្រើការងារ​នៅខេត្តទាំង ២០ ​ដែលនៅសេសសល់។ ពួកគេក៏ បានទទួល​វគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃកន្លះ​ផងដែរ មុនពេលបញ្ជូនឱ្យទៅបម្រើការងារ។​

វគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃកន្លះនេះ មានការបង្ហាញអំពីជំនាញឯកទេសនានា​ពីអ្នកឯកទេសនៅក្នុងវិស័យ​សង្គមកិច្ច​ មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ)       អង្គការសេវាសង្គមកម្ពុជា (ជាអង្គការមិនមែនរដ្ឋាភិបាលមួយ​​ ដែលមានឯកទេសក្នុងការបណ្ដុះបណ្ដាលអំពី​ការងារ​សង្គមកិច្ច និងការគាំទ្រទាក់ទងនឹងការងារសង្គមកិច្ច) និង អង្គការយូនីសេហ្វ។ សិក្ខាកាម​ក៏នឹងទទួលបាន​ការបង្វឹកជាប្រចាំ​​ពីអង្គការ SSC រួមទាំងការពិនិត្យករណីឡើងវិញផងដែរ។ និស្សិតទើបបញ្ចប់ការសិក្សាពី NISA ​និង​ និស្សិតដែលទទួលបានការបណ្ដុះបណ្ដាលពិសេសទាំងនេះ នឹងត្រូវបញ្ជូនឱ្យទៅបម្រើការងារជា​បុគ្គលិកសង្គមផ្លូវការ​នៅខេត្តចំនួន ២០ ក្នុងប្រទេសកម្ពុជា ដែលជាការចាប់ផ្ដើមនូវនិន្នាការជាប្រវត្តិសាស្រ្តមួយ។ ដំបូង ពួកគេទទួលបានកិច្ចសន្យាការងាររយៈពេលបួនខែ ហើយយ៉ាងហោចណាស់ ពួកគេចំនួន១នាក់ ​នឹងទទួលខុសត្រូវ​នៅក្នុងខេត្តនីមួយៗ។ ការពង្រីកកម្មវិធីនេះ​ ផ្ដល់ឱកាសឱ្យកុមារកម្ពុជាកាន់តែច្រើនទទួលបានសេវា ដែលស្ថិតនៅកាន់តែកៀកជាមួយពួកគេ ទាំងក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩ និង ​រយៈពេលក្រោយទៀត។​ បុគ្គលិកសង្គមទាំងនេះ​នឹងធ្វើការងារយ៉ាងជិតស្និទ្ធ​ជាមួយ​មន្រ្តីសុខុមាលភាពកុមារ​នៅថ្នាក់រាជធានីខេត្ត និងក្រុងស្រុកខណ្ឌ ដើម្បីទប់ស្កាត់ និង ឆ្លើយតប​ចំពោះ​កុមារដែលប្រឈមនឹងគ្រោះថ្នាក់ ឬ កុមារដែលកំពុងជួបប្រទះគ្រោះថ្នាក់។

លីហ្សា អាលីន អាយុ ៣១ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ​ផ្នែកសង្គមកិច្ចឆ្នាំទី៤ ​នៅវិទ្យាស្ថានជាតិសង្គមកិច្ច (NISA) និង កំពុងបម្រើការងារនៅក្រសួង ស.អ.យ។ ​គាត់បានចូលរួមវគ្គបណ្ដុះបណ្ដាល​សម្រាប់បុគ្គលិកសង្គមផ្លូវការនេះ។ លីហ្សា​បានពន្យល់ថា “ខ្ញុំតែងតែស្វែងរកឱកាស ដើម្បីអភិវឌ្ឍសមត្ថភាព​របស់ខ្ញុំនៅក្នុងការសិក្សាអំពីសង្គម និងការងារសង្គមកិច្ច។ សិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលការងារសង្គមកិច្ច​​នេះ គឺជាឱកាសដ៏ល្អ​សម្រាប់ខ្ញុំ ដើម្បីសិក្សាបន្ថែម មិនត្រឹមតែពីមន្រ្តីនៃក្រសួង ស.អ.យ ប៉ុណ្ណោះទេ​ ប៉ុន្តែក៏សិក្សាពីអ្នកឯកទេសមកពីអង្គការយូនីសេហ្វប្រចាំកម្ពុជា​ផងដែរ។ ពួកគេមានបទពិសោធន៍ច្រើន​​ទាក់ទងនឹងការងារសង្គមកិច្ច សម្រាប់ការកសាងសង្គមកម្ពុជា។ ខ្ញុំពិតជារីករាយជាមួយនឹង​ការបណ្ដុះបណ្ដាលនេះ ហើយមកទល់នឹងពេលនេះ ខ្ញុំបានរៀនសូត្រយ៉ាងច្រើនពីវគ្គបណ្ដុះបណ្ដាលនេះ។ ខ្ញុំបានប្រាស្រ័យទាក់ទង និងផ្លាស់ប្ដូរ​មតិយោបល់ជាមួយសិក្ខាកាមផ្សេងទៀត​នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ”។

UNICEF Cambodia/2020/Nayheak Khun

លោក សូ សំអាត អាយុ ២៨ឆ្នាំ ក៏កំពុងសិក្សាឆ្នាំទីបួនថ្នាក់បរិញ្ញាបត្រ​ផ្នែកសង្គមកិច្ច​នៅវិទ្យាស្ថានជាតិសង្គមកិច្ច (NISA) និង បម្រើការងារនៅក្រសួង ស.អ.យ ផងដែរ។ សំអាតបាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់​ដោយបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដោយសារ​ខ្ញុំ​អាចសិក្សា និងរៀនសូត្រពីគ្រូបណ្ដុះបណ្ដាល​ជាន់ខ្ពស់ ដែលមានបទពិសោធន៍ច្រើន”។

នៅពេលដែលបុគ្គលិកសង្គមថ្មីៗទាំងនេះចេញទៅបម្រើការងារនៅតាមបណ្ដារាជធានីខេត្តនានា ពួកគេ​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការត្រៀមទប់ទល់ និងឆ្លើយតបទៅនឹងជំងឺ       កូវីដ ១៩ នៅក្នុងសហគមន៍ ដោយជួយកាត់បន្ថយ​ហានិភ័យ​នៃ​រលកទីពីរ។ ការទទួលខុសត្រូវរបស់ពួកគេ​រួមមានការបង្រួបបង្រួមគ្រួសារ សម្រាប់កុមារ​នៅក្នុងមណ្ឌលកុមារកំព្រារបស់រដ្ឋ និងអង្គការ​មិនមែនរដ្ឋាភិបាលនានា ព្រមទាំងបន្តតាមដានត្រួតពិនិត្យ​កុមារស្ថិតក្នុងដំណើរការសមាហរណកម្ម។ បុគ្គលិកសង្គម​នឹងគាំទ្រមន្រ្តីរដ្ឋាភិបាល និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលដែលមានស្រាប់​ ដើម្បីជួយ​កុមារកំព្រា និងកុមារដែលត្រូវបានបោះបង់ ក្នុងការបង្រួបបង្រួមគ្រួសារ ឬទុកដាក់​ពួកគេ​នៅក្នុងការថែទាំនៅតាមគ្រួសារ ដូចជា ការថែទាំដោយឪពុកម្ដាយធម៌ ឬការថែទាំដោយសាច់ញាតិ។ ពួកគេនឹងជួយបំពេញភាពខ្វះចន្លោះទិន្នន័យ តាមរយៈការប្រមូលព័ត៌មាន និងការរាយការណ៍អំពី​ស្ថានភាពរបស់កុមារ​នៅក្នុងទូទាំងប្រទេសកម្ពុជា។ ទិន្នន័យសំខាន់ៗ​ដែលអាចជឿទុកចិត្តបាន គឺជាការចាំបាច់ សម្រាប់រៀបចំវិធានការប្រកប​ដោយឥទ្ធិពល និងជួយក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មាន​កិច្ចការពារកុមារ ដែលកំពុងសិ្ថតក្នុងដំណាក់កាលបង្កើតឡើង ហើយប្រព័ន្ធនេះនឹងជួយឱ្យមានអន្តរាគមន៍កាន់តែល្អ។

បុគ្គលិកសង្គមទាំងនេះ​ ​គឺជា​ផ្នែកដ៏សំខាន់​នៃប្រព័ន្ធកិច្ចការពារកុមារ។ ពួកគេនឹងធ្វើការងារយ៉ាងជិតស្និទ្ធ​ជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីកំណត់រកកុមារងាយរងគ្រោះ និងជួយពួកគេ​ក្នុងការទប់ស្កាត់​ការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់ តាមរយៈការបញ្ជូនកុមារទាំងនោះ​ទៅរកសេវាសមស្រប រួមទាំង​ការពិគ្រោះយោបល់គ្រួសារ និងការបង្កើតប្រាក់ចំណូលគ្រួសារ។

លីហ្សា ដែលកំពុងជួយ​ចាប់ផ្ដើម​ជំពូកជាប្រវត្តិសាស្រ្តថ្មី​នៅក្នុងប្រព័ន្ធកិច្ចការពារកុមារ​របស់ប្រទេស        កម្ពុជា បានថ្លែងឱ្យដឹងថា “ការក្លាយជាបុគ្គលិកសង្គមដ៏ល្អ គឺក្ដីសុបិន្ដរបស់ខ្ញុំ តាំងពីខ្ញុំនៅក្មេង។ ខ្ញុំដឹងថាការងារនេះអាចជួយយុវជន និងសង្គមបាន”។

លោកស្រី Lucia Soleti ​ប្រធានផ្នែកកិច្ចការពារកុមារ​នៃអង្គការយូនីសេហ្វ​ប្រចាំកម្ពុជា បាននិយាយថា “បុគ្គលិកសង្គម​ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធកិច្ចការពារកុមារប្រកបដោយប្រសិទ្ធភាព។ ការពង្រឹងកម្លាំងសេវាសង្គម គឺជាកម្មវិធីអាទិភាព សម្រាប់អង្គការយូនីសេហ្វប្រចាំកម្ពុជា ដោយសារបុគ្គលិកសង្គម​ដើរតួនាទីយ៉ាងសំខាន់ក្នុងការ​កំណត់ ទប់ស្កាត់ និងគ្រប់គ្រងហានិភ័យ ព្រមទាំងឆ្លើយតបទៅនឹង​ស្ថានភាពងាយរងគ្រោះ និងស្ថានភាពមានគ្រោះថ្នាក់។ យើងមានបំណង​គាំទ្រ​រដ្ឋាភិបាល​ ដើម្បីឱ្យមានបុគ្គលិកសង្គមយ៉ាងហោចណាស់ពីររូប នៅក្នុងរាជធានីខេត្តនីមួយៗ និងនៅក្នុងក្រុងស្រុកខណ្ឌនីមួយៗ​នៃប្រទេសនេះ ដើម្បីការពារកុមារ​ពីគ្រប់ទម្រង់​នៃអំពើហិង្សា ទទួលបានយុត្តិធម៌ និង​ទទួលបានការថែទាំប្រកបដោយគុណភាព​”។ ​

UNICEF Cambodia/2020/Nayheak Khun

 

 

Battambang
Siem Reap
Preah Sihanouk
Kandal
Phnom Penh