ខែឧសភា ឆ្នាំ២០២០ រាជធានីភ្នំពេញ – កុមារកម្ពុជាម្នាក់ក្នុងចំណោមកុមារកម្ពុជាពីរនាក់ត្រូវបានរាយការណ៍ឱ្យដឹងថា ធ្លាប់រងការវាយដំធ្ងន់ធ្ងរ កុមារម្នាក់ក្នុងចំណោមបួននាក់បានទទួលរងការរំលោភបំពានផ្លូវចិត្ត និងម្នាក់ក្នុងចំណោម ២០នាក់ ធ្លាប់រងការរំលោភផ្លូវភេទ។ កុមារជាច្រើនត្រូវបានគេជួញដូរ បង្ខំឱ្យធ្វើការងារ បែកចេញពីគ្រួសាររបស់ពួកគេ និងទុកដាក់នៅក្នុងមណ្ឌលថែទាំកុមារដោយមិនចាំបាច់។ សម្រាប់កុមារជាច្រើន ការបិទសាលារៀន និងការកើនឡើងនូវភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងពីការរីករាលដាលនេះ នឹងបង្កើនការគំរាមកំហែងចំពោះពលកម្មកុមារ ការរៀបអាពាហ៍ពិពាហ៍ក្នុងវ័យកុមារ អំពើជួញដូរកុមារ ការមានផ្ទៃពោះក្នុងវ័យជំទង់ និងអំពើហិង្សា។
នៅក្នុងពេលវេលាបែបនេះ បុគ្គលិកសង្គមអាចជាទីពឹងពាក់សម្រាប់កុមារ និងគ្រួសារ ដើម្បីការពារសុខភាព និងសុខុមាលភាពរបស់ពួកគេ។ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា មានមនុស្សតិចតួច ដែលនៅក្នុងវិស័យសុខុមាលភាពសង្គម ហើយពួកគេភាគច្រើនមិនបានទទួលការបណ្ដុះបណ្ដាលអំពីការងារសង្គមកិច្ចជាផ្លូវការឡើយ។
ដើម្បីឆ្លើយតបចំពោះសេចក្ដីត្រូវការបន្ទាន់នេះ អង្គការយូនីសេហ្វកំពុងធ្វើការងារជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ) ដើម្បីបណ្ដុះបណ្ដាលបុគ្គលិកសង្គមថ្មីៗ និងធានាថា មានបុគ្គលិកដែលបានទទួលការបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបនឹងករណីហានិភ័យ និងករណីគ្រោះថ្នាក់ប្រកបដោយប្រសិទ្ធភាព។ នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូនីសេហ្វក្នុងការកសាងប្រព័ន្ធកិច្ចការពារកុមារមួយនៅក្នុងប្រទេសមួយ ដែលមិនទាន់មានច្បាប់ស្តីពីកិច្ចការពារកុមារ ជាហេតុធ្វើឱ្យការឆ្លើយតបដែលមានលក្ខណៈសម្របសម្រួលគ្នានៅទូទាំងប្រទេស ជួបប្រទះ បញ្ហាប្រឈម។
មុនពេលមានជំងឺកូវីដ ១៩ អង្គការយូនីសេហ្វបាននិងកំពុងគាំទ្រក្រសួង ស.អ.យ ក្នុងការបញ្ជូនបុគ្គលិកសង្គមចំនួន ១៧នាក់ ទៅបម្រើការងារនៅក្នុងរាជធានីខេត្តចំនួនប្រាំ។ បើទោះជាដូច្នេះក្តី ក្នុងអំឡុងពេលនៃរាតត្បាតជាសកលនេះ ការមានបុគ្គលិកសង្គមនៅក្នុងគ្រប់រាជធានីខេត្តទាំងអស់ មានភាពចាំបាច់ខ្លាំងណាស់ ក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវករណីអំពើហិង្សា និងសម្រាប់កុមារដែលត្រូវបានបំបែកពីគ្រួសារ មិនមានមនុស្សពេញវ័យនៅជាមួយ ឬ កំពុងត្រូវការកិច្ចគាំទ្រចិត្ត សង្គម។ ក្រសួង ស.អ.យ និង អង្គការយូនីសេហ្វបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច (NISA) ដោយផ្ដល់នូវវគ្គសិក្សាស្តីពីការងារសង្គមកិច្ច ដើម្បីជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាចំនួន ២០នាក់ ដើម្បីបញ្ជូនឱ្យទៅបម្រើការងារនៅខេត្តទាំង ២០ ដែលនៅសេសសល់។ ពួកគេក៏ បានទទួលវគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃកន្លះផងដែរ មុនពេលបញ្ជូនឱ្យទៅបម្រើការងារ។
វគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃកន្លះនេះ មានការបង្ហាញអំពីជំនាញឯកទេសនានាពីអ្នកឯកទេសនៅក្នុងវិស័យសង្គមកិច្ច មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ) អង្គការសេវាសង្គមកម្ពុជា (ជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលមានឯកទេសក្នុងការបណ្ដុះបណ្ដាលអំពីការងារសង្គមកិច្ច និងការគាំទ្រទាក់ទងនឹងការងារសង្គមកិច្ច) និង អង្គការយូនីសេហ្វ។ សិក្ខាកាមក៏នឹងទទួលបានការបង្វឹកជាប្រចាំពីអង្គការ SSC រួមទាំងការពិនិត្យករណីឡើងវិញផងដែរ។ និស្សិតទើបបញ្ចប់ការសិក្សាពី NISA និង និស្សិតដែលទទួលបានការបណ្ដុះបណ្ដាលពិសេសទាំងនេះ នឹងត្រូវបញ្ជូនឱ្យទៅបម្រើការងារជាបុគ្គលិកសង្គមផ្លូវការនៅខេត្តចំនួន ២០ ក្នុងប្រទេសកម្ពុជា ដែលជាការចាប់ផ្ដើមនូវនិន្នាការជាប្រវត្តិសាស្រ្តមួយ។ ដំបូង ពួកគេទទួលបានកិច្ចសន្យាការងាររយៈពេលបួនខែ ហើយយ៉ាងហោចណាស់ ពួកគេចំនួន១នាក់ នឹងទទួលខុសត្រូវនៅក្នុងខេត្តនីមួយៗ។ ការពង្រីកកម្មវិធីនេះ ផ្ដល់ឱកាសឱ្យកុមារកម្ពុជាកាន់តែច្រើនទទួលបានសេវា ដែលស្ថិតនៅកាន់តែកៀកជាមួយពួកគេ ទាំងក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩ និង រយៈពេលក្រោយទៀត។ បុគ្គលិកសង្គមទាំងនេះនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយមន្រ្តីសុខុមាលភាពកុមារនៅថ្នាក់រាជធានីខេត្ត និងក្រុងស្រុកខណ្ឌ ដើម្បីទប់ស្កាត់ និង ឆ្លើយតបចំពោះកុមារដែលប្រឈមនឹងគ្រោះថ្នាក់ ឬ កុមារដែលកំពុងជួបប្រទះគ្រោះថ្នាក់។
លីហ្សា អាលីន អាយុ ៣១ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសង្គមកិច្ចឆ្នាំទី៤ នៅវិទ្យាស្ថានជាតិសង្គមកិច្ច (NISA) និង កំពុងបម្រើការងារនៅក្រសួង ស.អ.យ។ គាត់បានចូលរួមវគ្គបណ្ដុះបណ្ដាលសម្រាប់បុគ្គលិកសង្គមផ្លូវការនេះ។ លីហ្សាបានពន្យល់ថា “ខ្ញុំតែងតែស្វែងរកឱកាស ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំនៅក្នុងការសិក្សាអំពីសង្គម និងការងារសង្គមកិច្ច។ សិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលការងារសង្គមកិច្ចនេះ គឺជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីសិក្សាបន្ថែម មិនត្រឹមតែពីមន្រ្តីនៃក្រសួង ស.អ.យ ប៉ុណ្ណោះទេ ប៉ុន្តែក៏សិក្សាពីអ្នកឯកទេសមកពីអង្គការយូនីសេហ្វប្រចាំកម្ពុជាផងដែរ។ ពួកគេមានបទពិសោធន៍ច្រើនទាក់ទងនឹងការងារសង្គមកិច្ច សម្រាប់ការកសាងសង្គមកម្ពុជា។ ខ្ញុំពិតជារីករាយជាមួយនឹងការបណ្ដុះបណ្ដាលនេះ ហើយមកទល់នឹងពេលនេះ ខ្ញុំបានរៀនសូត្រយ៉ាងច្រើនពីវគ្គបណ្ដុះបណ្ដាលនេះ។ ខ្ញុំបានប្រាស្រ័យទាក់ទង និងផ្លាស់ប្ដូរមតិយោបល់ជាមួយសិក្ខាកាមផ្សេងទៀតនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ”។
លោក សូ សំអាត អាយុ ២៨ឆ្នាំ ក៏កំពុងសិក្សាឆ្នាំទីបួនថ្នាក់បរិញ្ញាបត្រផ្នែកសង្គមកិច្ចនៅវិទ្យាស្ថានជាតិសង្គមកិច្ច (NISA) និង បម្រើការងារនៅក្រសួង ស.អ.យ ផងដែរ។ សំអាតបាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដោយបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដោយសារខ្ញុំអាចសិក្សា និងរៀនសូត្រពីគ្រូបណ្ដុះបណ្ដាលជាន់ខ្ពស់ ដែលមានបទពិសោធន៍ច្រើន”។
នៅពេលដែលបុគ្គលិកសង្គមថ្មីៗទាំងនេះចេញទៅបម្រើការងារនៅតាមបណ្ដារាជធានីខេត្តនានា ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការត្រៀមទប់ទល់ និងឆ្លើយតបទៅនឹងជំងឺ កូវីដ ១៩ នៅក្នុងសហគមន៍ ដោយជួយកាត់បន្ថយហានិភ័យនៃរលកទីពីរ។ ការទទួលខុសត្រូវរបស់ពួកគេរួមមានការបង្រួបបង្រួមគ្រួសារ សម្រាប់កុមារនៅក្នុងមណ្ឌលកុមារកំព្រារបស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលនានា ព្រមទាំងបន្តតាមដានត្រួតពិនិត្យកុមារស្ថិតក្នុងដំណើរការសមាហរណកម្ម។ បុគ្គលិកសង្គមនឹងគាំទ្រមន្រ្តីរដ្ឋាភិបាល និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលដែលមានស្រាប់ ដើម្បីជួយកុមារកំព្រា និងកុមារដែលត្រូវបានបោះបង់ ក្នុងការបង្រួបបង្រួមគ្រួសារ ឬទុកដាក់ពួកគេនៅក្នុងការថែទាំនៅតាមគ្រួសារ ដូចជា ការថែទាំដោយឪពុកម្ដាយធម៌ ឬការថែទាំដោយសាច់ញាតិ។ ពួកគេនឹងជួយបំពេញភាពខ្វះចន្លោះទិន្នន័យ តាមរយៈការប្រមូលព័ត៌មាន និងការរាយការណ៍អំពីស្ថានភាពរបស់កុមារនៅក្នុងទូទាំងប្រទេសកម្ពុជា។ ទិន្នន័យសំខាន់ៗដែលអាចជឿទុកចិត្តបាន គឺជាការចាំបាច់ សម្រាប់រៀបចំវិធានការប្រកបដោយឥទ្ធិពល និងជួយក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ ដែលកំពុងសិ្ថតក្នុងដំណាក់កាលបង្កើតឡើង ហើយប្រព័ន្ធនេះនឹងជួយឱ្យមានអន្តរាគមន៍កាន់តែល្អ។
បុគ្គលិកសង្គមទាំងនេះ គឺជាផ្នែកដ៏សំខាន់នៃប្រព័ន្ធកិច្ចការពារកុមារ។ ពួកគេនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីកំណត់រកកុមារងាយរងគ្រោះ និងជួយពួកគេក្នុងការទប់ស្កាត់ការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់ តាមរយៈការបញ្ជូនកុមារទាំងនោះទៅរកសេវាសមស្រប រួមទាំងការពិគ្រោះយោបល់គ្រួសារ និងការបង្កើតប្រាក់ចំណូលគ្រួសារ។
លីហ្សា ដែលកំពុងជួយចាប់ផ្ដើមជំពូកជាប្រវត្តិសាស្រ្តថ្មីនៅក្នុងប្រព័ន្ធកិច្ចការពារកុមាររបស់ប្រទេស កម្ពុជា បានថ្លែងឱ្យដឹងថា “ការក្លាយជាបុគ្គលិកសង្គមដ៏ល្អ គឺក្ដីសុបិន្ដរបស់ខ្ញុំ តាំងពីខ្ញុំនៅក្មេង។ ខ្ញុំដឹងថាការងារនេះអាចជួយយុវជន និងសង្គមបាន”។
លោកស្រី Lucia Soleti ប្រធានផ្នែកកិច្ចការពារកុមារនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា បាននិយាយថា “បុគ្គលិកសង្គម គឺជាឆ្អឹងខ្នងនៃប្រព័ន្ធកិច្ចការពារកុមារប្រកបដោយប្រសិទ្ធភាព។ ការពង្រឹងកម្លាំងសេវាសង្គម គឺជាកម្មវិធីអាទិភាព សម្រាប់អង្គការយូនីសេហ្វប្រចាំកម្ពុជា ដោយសារបុគ្គលិកសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ ទប់ស្កាត់ និងគ្រប់គ្រងហានិភ័យ ព្រមទាំងឆ្លើយតបទៅនឹងស្ថានភាពងាយរងគ្រោះ និងស្ថានភាពមានគ្រោះថ្នាក់។ យើងមានបំណងគាំទ្ររដ្ឋាភិបាល ដើម្បីឱ្យមានបុគ្គលិកសង្គមយ៉ាងហោចណាស់ពីររូប នៅក្នុងរាជធានីខេត្តនីមួយៗ និងនៅក្នុងក្រុងស្រុកខណ្ឌនីមួយៗនៃប្រទេសនេះ ដើម្បីការពារកុមារពីគ្រប់ទម្រង់នៃអំពើហិង្សា ទទួលបានយុត្តិធម៌ និងទទួលបានការថែទាំប្រកបដោយគុណភាព”។