សំណួរ&ចម្លើយជុំវិញ ការដាក់វិន័យបែបវិជ្ជមាន
អ្វីទៅដែលហៅថា ការដាក់វិន័យបែបវិជ្ជមាន?
ការដាក់វិន័យបែបវិជ្ជមាន គឺជាវិធីសាស្រ្តបង្រៀនអំពីឥរិយាបថសមស្រប តាមរយៈទំនាក់ទំនង ជាមួយនឹងកុមារបែបសមរម្យ ប៉ុន្តែម៉ឺងម៉ាត់ចំពោះពួកគេ។ វិធីសាស្រ្តបែបនេះជួយលើកកម្ពស់សិទ្ធិ របស់កុមារ ដោយពួកគេទទួលបានការការពារពីអំពើហិង្សា និងការដាក់វិន័យដែលគោរពសេចក្តី ថ្លៃថ្នូររបស់ពួកគេ។
ដើម្បីអនុវត្តវិន័យបែបវិជ្ជមាននៅតាមសាលារៀន ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA), ក្រុមហ៊ុន Primark និង ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) បានចាប់ផ្តើមអនុវត្តកម្មវិធី បណ្តុះបណ្តាល ដើម្បីបង្កើនការយល់ដឹងដល់គ្រូ និងនាយកសាលានៅកម្ពុជា អំពីផលប៉ះពាល់ អវិជ្ជមាន ដែលកើតចេញពីអំពើហិង្សាលើកុមារ។ ដូច្នេះ នៅពេលដែលកុមារណាម្នាក់មានឥរិយាបថ មិនសមរម្យក្នុងពេលសិក្សា ជំនួសឲ្យការប្រើប្រាស់អំពើហិង្សា គ្រូបង្រៀនអនុវត្តបច្ចេកទេសដាក់ វិន័យបែបវិជ្ជមាន ជាផ្នែកមួយនៃការគ្រប់គ្រងថ្នាក់រៀនរបស់ពួកគេ។ ការប្រើប្រាស់វិធីសាស្រ្ត បែបនេះ មានគោលដៅរក្សាទំនាក់ទំនងជាវិជ្ជមាន និងបើកចំហរវាងគ្រូ និងសិស្ស។ នៅក្នុងវគ្គ បណ្តុះបណ្តាលនេះ គ្រូក៏រៀនចេះពីបច្ចេកទេសគ្រប់គ្រងកំហឹង ដើម្បីជួយឲ្យពួកគាត់កាន់តែអាច គ្រប់គ្រងឥរិយាបថមិនសមស្របក្នុងថ្នាក់រៀនកាន់តែប្រសើរជាងមុនផងដែរ។
ឧទាហរណ៍ ក្នុងសាលាបឋមសិក្សាពាមរក៍ក្នុងខេត្តព្រៃវែង គ្រូនឹងចេញកាតលឿង និងកាតក្រហម សម្រាប់សិស្សទាំងឡាយណាដែលមានឥរិយាបថមិនសមរម្យ ដូចគ្នានឹងកាតដែលប្រើប្រាស់ក្នុងការ ប្រកួតកីឡាបាល់ទាត់ដែរ ដើម្បីបង្ហាញពីកំហុស ឬទង្វើមិនសមស្របរបស់កីឡាករ។ ប្រសិនបើកុមារ ណាម្នាក់មានឥរិយាបថមិនសមស្រប ពួកគេនឹងទទួលបាន “កាតលឿង” ជាការព្រមានផ្ទាល់មាត់។ សិស្សអាចទទួលកាតលឿងរហូតដល់ពីរ។ ជម្រើសចុងក្រោយ គ្រូនឹងចេញ “កាតក្រហម” ទៅឲ្យសិស្ស ដែលក្នុងករណីបែបនេះ សិស្សម្នាក់នេះនឹងត្រូវបញ្ជូនទៅកាន់ទីចាត់ការសាលារៀន ដើម្បីឲ្យ គណៈកម្មាធិការវិន័យអាចឆ្លើយតបជាផ្លូវការចំពោះបញ្ហានេះ។
© UNICEF Cambodia/2018/Fani Llaurado
ហេតុអ្វីបានជាយើងត្រូវការការដាក់វិន័យបែបវិជ្ជមាន?
មិនគួរមានកុមារណាម្នាក់ភ័យខ្លាចមិនហ៊ានទៅរៀននោះឡើយ។ យ៉ាងណាក្តី សម្រាប់សិស្សជាច្រើន នាក់នៅក្នុងពិភពលោក សាលារៀនគឺជាកន្លែងដ៏គ្រោះថ្នាក់មួយចំពោះពួកគេ។ ក្នុងករណីមួយ ចំនួន កុមារទទួលរងអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទពីសំណាក់គ្រូរបស់ពួកគេ។ បើតាម ការអង្កេតស្តីពីអំពើហិង្សាលើកុមារនៅកម្ពុជា ដែលធ្វើឡើងនៅក្នុងឆ្នាំ ២០១៣ ក្នុងចំណោមកុមារ ទាំងអស់ដែលត្រូវបានសាកសួរសម្រាប់ការអង្កេតនេះ មានជាងពាក់កណ្តាល ធ្លាប់ទទួលរងអំពើ ហិង្សាយ៉ាងហោចណាស់ក្នុងទម្រង់ណាមួយមុនពេលដែលពួកគេឈានដល់អាយុ ១៨ឆ្នាំ។ ការស្រាវជ្រាវ នេះ បានបង្ហាញថា ជនរងគ្រោះដោយសារអំពើហិង្សាទទួលរងផលវិបាកពេញមួយជីវិត។ អំពើហិង្សា នាំឲ្យការផ្តល់តម្លៃឲ្យខ្លួនឯងថយចុះ កាត់បន្ថយវត្តមាន ធ្វើឲ្យពិន្ទុរបស់សិស្សថយចុះ ហើយនាំឲ្យ កុមារជាច្រើននាក់បោះបង់ចោលការសិក្សាតែម្តង។
នៅពេលដែលកុមារត្រូវបានគេសាកសួរអំពីករណីអំពើហិង្សាដែលពួកគេជួបប្រទះ ទាំងសិស្សប្រុស ទាំងសិស្សស្រី បាននិយាយថា ពួកគេមានអារម្មណ៍ “ទទួលរងការអាម៉ាស់” “សោកសៅ” “ខឹងសម្បា” និង “ភ័យខ្លាច” ។ ពួកគេមួយចំនួន ថែមទាំងលើកឡើងថា ពួកគេលែងចង់ទៅរៀនទៀត។
© UNICEF Cambodia/2018/Fani Llaurado
លើសពីនេះ កុមារដែលទទួលរងអំពើហិង្សា ច្រើនតែក្លាយទៅជាអ្នកប្រព្រឹត្តអំពើហិង្សា ឬជាជន រងគ្រោះដោយសារអំពើហិង្សានៅក្នុងជីវិតបើធៀបនឹងកុមារផ្សេងទៀត។ អំពើហិង្សាលើកុមារក៏ បង្កបន្ទុកហិរញ្ញវត្ថុមកលើសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ការខាតបង់ជារៀងរាល់ឆ្នាំដោយសារ អំពើហិង្សាលើកុមារនៅកម្ពុជា គឺប្រមាណជា ១៦៨ លានដុល្លារ ពោលគឺស្មើនឹងជាង ១ ភាគរយ នៃផលិតផលសរុបនៅក្នុងស្រុករបស់ប្រទេសនេះ នេះបើតាមរបាយការណ៍ស្តីពីអំពើហិង្សាលើកុមារ នៅកម្ពុជានៅឆ្នាំ ២០១៥។ ដោយសារតែទិន្នន័យដែលគួរឲ្យព្រួយបារម្ភនេះ ជាការសំខាន់ណាស់ដែល យើងចាំបាច់ត្រូវមានការបង្កើតបរិយាកាសរៀនសូត្រ ដែលផ្តល់នូវភាពកក់ក្តៅដល់កុមារគ្រប់រូប នៅកម្ពុជា។
តើការដាក់វិន័យបែបវិជ្ជមានមានអត្ថប្រយោជន៍អ្វីខ្លះ?
ដើម្បីបញ្ចប់អំពើហិង្សានៅតាមសាលារៀន ការបណ្តុះបណ្តាលសាកល្បងរយៈពេលប្រាំថ្ងៃ ជាផ្នែកមួយ នៃកម្មវិធីវិន័យបែបវិជ្ជមាន ត្រូវបានរៀបចំឡើងក្នុងខេត្តកំពត ព្រៃវែង និងបាត់ដំបង កាលពីឆ្នាំ ២០១៥។ ផ្អែកតាមភាពជោគជ័យនៃការអនុវត្តសាកល្បងនេះ កម្មវិធីនេះបានបន្តពង្រីកទៅកាន់ ស្រុកផ្សេងទៀតក្នុងខេត្តទាំងនេះ។ បច្ចុប្បន្ន កម្មវិធីវិន័យបែបវិជ្ជមាន បានសាយភាយដល់សាលា រៀនប្រមាណ ៨០០កន្លែង ដែលមានការចូលរួមពីគ្រូជាង ៥.០០០នាក់។ មានសិស្សរហូតដល់ ៣២០.០០០នាក់ បានទទួលប្រយោជន៍ ចាប់តាំងពីពេលកម្មវិធីនេះ ចាប់ផ្តើមឡើង។
សាលារៀនមួយចំនួន បានរាយការណ៍ពីការកើនឡើងនូវវត្តមានសិស្ស ការឡើងថ្នាក់ខ្ពស់ជាងមុន ការចូលរួមក្នុងការសិក្សាល្អជាងមុន និងការថយចុះនូវអត្រាបោះបង់ចោលការសិក្សា។ ជារួម គ្រូបាន មើលឃើញពីការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន។ គ្រូបានរាយការណ៍ថា សិស្សចូលរួមសកម្មជាងមុននៅ ក្នុងថ្នាក់រៀន បង្ហាញការគោរពជាងមុន និងសម្រេចលទ្ធផលរៀនសូត្រល្អជាងមុន បន្ទាប់ពីគ្រូ និង សិស្សបានរួបរួមគ្នាបង្កើតបទបញ្ជាផ្ទៃក្នុងសម្រាប់ថ្នាក់រៀនរបស់ពួកគេរួចមក។
ជាមួយនឹងការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA), ក្រុមហ៊ុន Primark និង ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) គេរំពឹងថានឹងមានគ្រូបង្រៀន កាន់តែច្រើននាក់នៅកម្ពុជា ចូលរួមនៅក្នុងកម្មវិធីនេះ ដើម្បីធ្វើឲ្យកុមារកម្ពុជាកាន់តែច្រើននាក់ អាចរៀនសូត្រ ក្នុងបរិយាកាសវិជ្ជមាន។
© UNICEF Cambodia/2018/Fani Llaurado
ផ្សាយឡើងវិញពីគេហទំព័របស់យូនីសេហ្វ https://unicefcambodia.blogspot.com/2019/01/blog-post.html