ជួបសៅឡូយ និងចន្រ្ទា - គ្រួសាររឹងមាំ
https://strongfamily.mosvy.gov.kh/wp-content/uploads/2020/12/pict_his_ICSSP.png

ជួបសៅឡូយ និងចន្រ្ទា

ដោយ លោក ជុំ កុសល្យ មន្រ្តីមូដ្ឋាន អង្គការ ICS-SP ខេត្ត បាត់ដំបង និងលោក ស៊ា សុឃន់ អង្គការយូនីសេហ្វ - ៣ ឆ្នាំ
ពេលរៀនចប់វគ្គនេះទើបខ្ញុំយល់ថា ខ្ញុំធ្លាប់បានធ្វើខុសច្រើនលើកូន និងប្រពន្ធខ្ញុំ។ ខ្ញុំគិតកូនខ្ញុំនឹងស្តាប់បង្គាប់ ប្រសិនបើខ្ញុំចេះនិយាយ និងស្តាប់កូនដោយយកចិត្តទុកដាក់។
រំកិលចុះក្រោមដើម្បីអានបន្ថែម

វគ្គបណ្ដុះបណ្ដាលស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន ធ្វើឱ្យទំនាក់ទនងគូស្វាមីភរិយាកាន់តែល្អប្រើសើរឡើង

ខេត្តបាត់ដំបង ខែកក្កដា ឆ្នាំ​២០១៩ លោក វិត​ សៅឡូយ អាយុ៣៦ និងភិរិយារបស់គាត់អ្នកស្រី យ៉ៃ ចន្រ្ទា អាយុ៣៥ ញញឹមរស់រាយរាក់ទាក់ស្វាគមន៍ភ្ញៀវដែលមកដល់ផ្ទះរបស់ពួកគាត់។ គូស្វាមីភរិយានេះ រស់នៅយ៉ាងរីករាយ ជាមួយកូនស្រីអាយុ៥ឆ្នាំ និងកូនតូច ​នៅក្នុងលំនៅក្នុងផ្ទះឈើមួយ នៅក្នុងឃុំបាយដំរាំ ស្រុកបាណន។ រីឯកូនស្រីពួកគេ ឈ្មោះ ឡូយ ស្រី​ស​រ ស្រឡាញ់ចូលចិត្តសាលារៀនមតេយ្យ ដែលសិ្ថតនៅក្នុងសហគមន៍នេះខ្លាំងណាស់ដែរ។


លោក វិត សៅឡូយ (រូបខាងឆ្វេងដៃ) និងអ្នកស្រី យ៉ៃ ចន្រ្ទា (រូបខាងស្តាំ)​ជាមួយកូនស្រី និងទារកូនតូចរបស់ពួកគេ​ © ICS-SP/UNICEF Cambodia/2020

សៅឡយ ប្រកបមុខរបជាជាងសំណង់នៅឃុំស្រុករបស់គាត់ បន្ទាប់ពីទំនេរពីការងារស្រែចម្ការ។ រីឯចន្រ្ទាភរិយាវិញ ក្រៅតែការងារមេផ្ទះ គាត់ប្រកបរបដំាដំណាំនៅជុំវិញផ្ទះគ្រាន់នឹងរកចំណូលបន្ថែមទៀត។

សៅឡយ និងចន្រ្ទា ត្រូវបានឪពុកម្តាយទាំងសងខាង បានផ្សំផ្គំឱ្យរៀបអាពាហ៍ពិពាហ៍ ដូចគ្នានឹងបណ្តាគូស្វាមីភរិយាជាច្រើននៅជនបទផងដែរ។ ​ ពួកគេបានទទួលការប្រដៅណែនាំពីចាស់ទុំ ឪពុកម្តាយ និងជីដូនជីតា ឱ្យចេះរស់នៅជាមួយគ្នាជាគូស្រក ប៉ុន្តែពួកគេមិនដែលបានរៀនពីការចិញ្ចឹមបីបាច់ថែទាំកូនចៅនោះទេ។​​

ដូច្នេះ​ សៅឡយ និងចន្រ្ទា មិនបានយល់ដឹងពីរបៀបចិញ្ចឹមបីបាច់កូនបែបវិជ្ជមាននោះឡើយ។ ពួកគេចិញ្ចឹមកូនតាមទម្លាប់តៗគ្នា​ ឧទាហរណ៍បុរសចូលចិត្តប្រើហិង្សានៅក្នុងក្រុមគ្រួសារ ​វាយដំប្រពន្ធកូននៅពេលខ្លួនខឹងជាដើម។​

វិត សៅឡយ មិនបានយល់ដឹងពីសិទ្ធកុមារ ឧទាហរណ៍ដូចជាសិទ្ធិមនុស្ស ​ដែលកុមារគ្រប់រូបត្រូវទទួលបានការថែទាំ និងគាំទ្រជាដើម។ គាត់មិនបាននាំកូនទៅមណ្ឌលសុខភាព នៅពេលណាពួកគេឈឺនោះទេ។​

ចន្ទ្រានិយាយប្រាប់ថា៖ “កាលពីមុន ប្តីខ្ញុំមិនដឹងពីរបៀបថែទាំកូនទេ។​ ពេលណាគាត់ប្រដៅកូនម្តងៗ កូនមិនធ្វើតាមបង្គាប់ទេ ហើយគាត់តែងតែវាយធ្វើបាបកូន”។

ឥរិយាបថរំលោភបំពាន់របស់សៅឡយ បានបង្ករជាទំនាស់យ៉ាងខ្លាំងនៅក្នុងក្រុមគ្រួសារ ដែលធ្វើឱ្យគូស្រករនេះស្ទើរតែបែកបាក់គ្នាទៀតផង។​

ចន្ទ្រា បានបន្តឱ្យដឹងទៀតថា៖ “ខ្ញុំអាណិតកូនស្រីខ្លាំងណាស់។ ប្តីខ្ញុំប្រគល់ការថែទាំកូនលើខ្ញុំទាំងស្រុង ហើយកាលនោះ ខ្ញុំមិនបានយល់ដឹងពីរបៀបថែទាំកូនទេ។ ខ្ញុំគ្រាន់តែធ្វើតាមទម្លាប់តែប៉ុណ្ណោះ”។

កាលពីខែវិច្ឆិកា ឆ្នាំ​ ២០១៩  គ្រួសាររបស់សៅ ឡយ និងចន្រ្ទា ត្រូវមេភូមិ និងគណៈកម្មការស្រ្តី និងកុមារឃុំ បានអញ្ជើញឱ្យទៅចូលរៀនកម្មវិធីចិញ្ចឹមកូនបែបវិជ្ជមាន ក្រុមឪពុកម្តាយនៅក្នុងសហគមន៍។ សៅ ឡយ និងចន្រ្ទា បានចូលរៀន​គ្រប់ទាំង១២វគ្គ ដែលរៀបចំដោយមន្រ្តីសង្គមកិច្ចស្រុក និងបុគ្គលិកអង្គការ៖ ICS-SP  ។

តាំងពីឆ្នាំ២០១៧មក ក្រសួងកិច្ចការនារី បានអនុវត្តកម្មវិធីចិញ្ចឹមកូនបែបវិជ្ជមាននៅក្នុងខេត្តចំនួនបួន ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ។

សៅឡយ និងចន្រ្ទា បានរៀនសូត្រពីរបៀបចិញ្ចឹមកូនបែបវិជ្ជាមាន ដោយបានស្តាប់ពីគ្រូសម្របសម្រួល និងឪពុកម្តាយផ្សេងទៀតជាច្រើនផងដែរ។


យ៉ៃ ចន្រ្ទា និងកូនតូចរបស់គាត់ ពេលចូលរៀនវគ្គការចិញ្ចឹមកូនបែបវិជ្ជមាន ©ICS-SP/UNICEF Cambodia/2020

កម្មវិធីបណ្តុះបណ្តាលចិញ្ចឹមកូនបែបវិជ្ជមាន បានបើភ្នែករបស់សៅឡយ​ ធ្វើឱ្យគាត់យល់ដឹង និងសោកស្តាយនៅទង្វើដែលគាត់ធ្លាប់បានធ្វើចំពោះកូនរបស់គាត់ខ្លាំងណាស់។ សៅឡយបាននិយាយថា៖ “ខ្ញុំធ្លាប់បានធ្វើខុសច្រើនលើកូន និងប្រពន្ធខ្ញុំ”។​ ពេលគាត់រៀនចប់មេរៀននីមួយៗ គាត់បានយល់ដឹងអំពីផលប៉ះពាល់នៃការប្រដៅកូនដោយហិង្សា និងដាក់ទារុណ្ឌកម្មលើកូន។

ចាប់តាំពីគាត់បានចូលរួមជាមួយវគ្គការចិញ្ចឹមកូនបែបវិជ្ជមានមក សៅឡយ ឈប់ប្រព្រឹត្តហិង្សានៅក្នុងគ្រួសារទៀតហើយ។ គាត់បានប្តេជ្ញាមើលថែទាំកូនប្រពន្ធរបស់គាត់ ជាពិសេសកូនស្រីតូចរបស់គាត់ នៅពេលណាកូនគាត់ឈឺ គាត់ប្រញ៉ាប់យកកូនទៅមណ្ឌលសុខភាពភ្លាម។

ចន្ទ្រាសប្បាយរីករាយខ្លាំងណាស់ ពេលដែលប្តីរបស់គាត់បានផ្លាស់ប្តូរ និងចេះនិយាយពាក្យពេចន៍ផ្អែមល្ហែម កោតសរសើរ និងជំរុញលើកទឹកចិត្តកូនៗ។

សៅឡយ និយាយថា៖ “ពេលរៀនចប់វគ្គនេះ ខ្ញុំបានយល់ថាកូនខ្ញុំនឹងស្តាប់បង្គាប់ ប្រសិនបើខ្ញុំចេះនិយាយ និងស្តាប់កូនដោយយកចិត្តទុកដាក់”។ សៅឡយបានរៀនសូត្រយ៉ាងច្រើនពីរបៀបគ្រប់គ្រងកំហឹង ចេះប្រើប្រាស់នូវពាក្យពេចន៍វិជ្ជមាន ពេលនិយាយស្តីជាមួយកូន ហើយទំនាក់ទំនងជាមួយប្រពន្ធរបស់គាត់ក៏ល្អប្រសើរជាងមុនផងដែរ។

ហិង្សាគ្រួសារបានចប់ ទំនាក់ទំនងគូស្រករក៏ល្អប្រសើរឡើង។ សៅឡយ និងចន្រ្ទាចាប់ផ្តើមយល់ចិត្ត​ យល់ថ្លើមគ្នា។ ពួកគេនិយាយជាមួយគ្នាដោយបើកចំហរ និងជជែកគ្នាដោយជឿជាក់។ កូនស្រីរបស់ពួកគេក៏ចាប់ផ្តើមចេះស្តាប់បង្គាប់ នាងហ៊ានលេងជាមួយឪពុករបស់នាង ដោយមិនខ្លាចដូចមុនទៀត។ ទំនាក់ទំនងប្តីប្រពន្ធ និងកូនៗ រឹតតែមានភាពល្អល្អុកល្អើន និងផ្អែមល្ហែម។

សៅឡយ និងចន្រ្ទា មិនដែលខកខានទៅចូលរួមវគ្គការចិញ្ចឹមកូនបែបវិជ្ជមានម្តងណាឡើយ ទោះបីជាពួកគេជាប់រវល់យ៉ាងណាក៏ដោយ។ ពួកគេចាប់ផ្តើមចែករំលែកទៅដល់ឪពុកម្តាយផ្សេងទៀត នូវអ្វីដែលពួកគេបានរៀន ជាពិសេសជាមួយក្រុមឪពុក និងបានជំរុញលើកទឹកចិត្តឱ្យក្រុមឪពុកទាំងនោះ មកចូលរួមវគ្គការចិញ្ចឹមកូនបែបវិជ្ជមាន។

គូស្រករនេះនៅតែបន្តស្វែងយល់អំពីសិទ្ធិកុមារ និងការកាត់បន្ថយហិង្សាលើកុមារ​ ហើយពួកគេបានព្យាយាមបញ្ចុះបញ្ចូលអ្នកភូមិឱ្យមកចូលរួមវគ្គការចិញ្ចឹមកូនបែបវិជ្ជាមាន។ ពួកគេក៏បានជួយពន្យល់ដល់ឪពុកម្តាយណាដែលខកខានមិនចូលរួមនៅមេរៀនខ្លះនៃវគ្គការចិញ្ចឹមកូនបែបវិជ្ជមាន។ ទាំងសៅឡយ និងចន្រ្ទា​សុទ្ធតែស្នើសុំឱ្យពង្រីកកម្មវិធីចិញ្ចឹមកូនបែបវិជ្ជាមាននៅទូទាំងខេត្តទៀតផង។

រឿងរ៉ាវរបស់សៅឡយ និងចន្រ្ទា ជាឧទាហរណ៍មួយ ដែលកម្មវិធីចិញ្ចឹមកូនបែបវិជ្ជមានបានជួយដល់ឪពុកម្តាយ និងអាណាព្យាបាលនៅតាមតំបន់ជនបទក្នុងការចិញ្ចឹមថែទាំកូន ឱ្យមានទំនាក់ទំនងសិ្នទ្ធស្នាល និងបង្កើតនូវបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់កូនៗ។

ក្រសួងកិច្ចការនារី បានបង្កើតកម្មវិធីការចិញ្ចឹមកូនបែបវិជ្ជមាន រួមនឹងកញ្ចប់សម្ភារៈជាច្រើន សម្រាប់ក្រុមឪពុកម្តាយផ្សេងៗគ្នា។ កញ្ចប់សម្ភារៈទាំងអស់នោះបានប្រើប្រាស់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមកូនបែបវិជ្ជមាន បង្កើនចំណេះដឹងរបស់ឪពុកម្តាយ និងជួយពួកគេឱ្យផ្លាស់ប្តូរទម្លាប់។

អង្គការយូនីសេហ្វ បានផ្តល់ការគាំទ្របច្ចេកទេស​ និងថវិកាដល់ក្រសួង និងដៃគូនានា​ ក្នុងការអនុវត្តសកម្មភាព ដូច្នេះ ពួកគេអាចផ្តល់ការសម្របសម្រួល និងគាំទ្រដល់ក្រុមឪពុកម្តាយ និងអាណាព្យាបាលប្រកបដោយគុណភាពខ្ពស់។

ចាប់តាំពីឆ្នាំ២០១៨មក អង្គការ​ ICS-SP បានអនុវត្តកម្មវិធីការចិញ្ចឹមកូនបែបវិជ្ជមាននៅតាមសហគមន៍ និងបណ្តុះបណ្តាល់ឪពុកម្តាយ និងអាណាព្យាបាលចំនួន ៥៦៥៦នាក់ និងកុមារចំនួន១៧៨៧៦នាក់។ សមិទ្ធផលដ៏ធំធេងនេះ អាចកើតមានបានដោយសារទទួលគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ​(USAID)។

 

 

 

 

ខេត្តបាត់ដំបង
ខេត្តសៀមរាប
ក្រុង ព្រះសីហនុ
ខេត្តកណ្ដាល
រាជធានីភ្នំពេញ