ជាយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារ ចេញពីគ្រួសារ ដោយមិនចាំបាច់នៅកម្ពុជា។ ធានាធ្វើឱ្យប្រជាពលរដ្ឋបានដឹងថា គ្រួសារគឺជាទីកន្លែងមួយ ដែលបរិយាកាសប្រកបដោយសុវត្ថិភាពដ៏ល្អប្រសើរបំផុត សម្រាប់កុមារលូតលាស់ និង អភិវឌ្ឍកុមារ។ យុទ្ធសាស្ត្រ Cambodia PROTECT លើកកម្ពស់ការយល់ដឹងនៅក្នុងសង្គមទាំងមូល ដើម្បីឱ្យដឹងថា អំពើហិង្សាគ្រប់ទម្រង់លើកុមារ គឺជាបញ្ហាដែលមិនអាចទទួលយកបានទេ ហើយដែលអាចទប់ស្កាត់កុំឱ្យកើតឡើងបាន។ យុទ្ធសាស្ត្រនេះ ផ្ដល់ឱ្យប្រជាជននៅទូទាំងប្រទេស មើលឃើញនូវសញ្ញាគ្រោះថ្នាក់ ដែលបង្ហាញថា កុមារកំពុងរងការរំលោភបំពានផ្លូវកាយនៅផ្ទះ នៅក្នុងថ្នាក់រៀន ការដាក់ទណ្ឌកម្មលើរាងកាយ ឬពាក្យសំដី ដែលបង្កឱ្យមានភាពអាម៉ាស់ ឬគ្រួសារមួយកំពុងប្រឈមហានិភ័យ នៃការបំបែកកុមារពីគ្រួសារ និងយកកូនរបស់ខ្លួនទៅដាក់ក្នុងមណ្ឌលថែទាំជាដើម។ ប្រសិនបើ ក្រុមគ្រួសារ សាលារៀន សហគមន៍ និងអាជ្ញាធរ យល់អំពីផលប៉ះពាល់ធ្ងន់ធ្ងរ និងយូរអង្វែង ដែលបង្កឡើងដោយ អំពើហិង្សា ការរំលោភបំពាន និងការមិនអើពើ និងពួកគេបានដឹងអំពីគ្រោះថ្នាក់ នៃការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់ នោះពួកគេអាចស្វែងយល់អំពីរបៀបដើម្បីទប់ស្កាត់កុំឱ្យរឿងនេះកើតឡើង និងអំពីរបៀបដើម្បីជួយដោះស្រាយ។ ដូច្នេះយុទ្ធសាស្ត្រ Cambodia PROTECT អាចបង្ហាញ អំពីរបៀបដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះ។
យុទ្ធសាស្ត្រ Cambodia PROTECT គឺជាដំណើរការ ដើម្បីធានាយ៉ាងណាឱ្យប្រជាជន បានយល់ដឹងថា គ្រប់ទម្រង់នៃអំពើហិង្សា និងរាល់ការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់ គឺជាការខុសឆ្គង។ ការទទួលយកនូវទម្លាប់ និងគំនិតហួសសម័យ អាចធ្វើឱ្យកុមារត្រូវរងការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត ដែលនាំឱ្យមានការបែកបាក់គ្រួសារ និងការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់។ ដូច្នេះ មហាជនគ្រប់ស្រទាប់វណ្ណៈត្រូវតែជម្នៈនូវឧបសគ្គ កែប្រែនូវទម្លាប់ និងផ្លាស់ប្តូរអាកប្បកិរិយាទាំងនេះចេញ ដើម្បីការពារជនងាយរងគ្រោះ ពោលគឺកុមារដែលជាអនាគតរបស់យើង។
សកម្មភាពផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ នៃយុទ្ធសាស្រ្ត Cambodia PROTECT នឹងត្រូវអនុវត្តនៅទូទាំងប្រទេស។ យុទ្ធនាការនេះនឹងចាប់ផ្តើមនៅរាជធានី និងតាមខេត្តគោលដៅចំនួន៥៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ បាត់ដំបង និងខេត្តសៀមរាប ព្រមទាំងខេត្តមួយចំនួនទៀត ជាបន្តបន្ទាប់។ វិសាលភាពរបស់យុទ្ធនាការនេះ គឺធ្វើយ៉ាងណាឱ្យសារអប់រំទៅដល់គ្រប់ទីកន្លែង នៃប្រទេសកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ការផ្សព្វផ្សាយនៅតាមសហគមន៍ តាមបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការស្វែងរកមតិគាំទ្រ។
សារអប់រំទាំងអស់បង្ហាញថា ប្រទេសកម្ពុជាមិនអនុគ្រោះដាច់ខាត ចំពោះអំពើហិង្សាលើកុមារ ហើយចាំបាច់ត្រូវតែបង្ការការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់ នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។