សិទ្ធិរបស់អ្នក - គ្រួសាររឹងមាំ

កិច្ចការពារកុមារឱ្យរួចផុតពីគ្រោះថ្នាក់ ការរំលោភបំពាន និងការកេងប្រវ័ញ្ច ព្រមទាំងការបំបែកពីគ្រួសារដោយមិនចាំបាច់ គឺពុំគ្រាន់តែជាកាតព្វកិច្ចផ្នែកសីលធម៌តែប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការតម្រូវដាច់ខាតតាមផ្នែកច្បាប់។

រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ (CRC) ក្នុងឆ្នាំ ១៩៩២ ព្រមទាំងពិធីសារជាជម្រើសទាំងពីររបស់អនុសញ្ញានេះ ពោលគឺ៖ ១) ពិធីសារបន្ថែមពាក់ព័ន្ធនឹងការលក់កុមារ ពេស្យាចាកម្មកុមារ និងរូបភាព ឬសម្ភារអាសអាភាសកុមារ ក្នុងឆ្នាំ ២០០២ និង ២) ពិធីសារបន្ថែមពាក់ព័ន្ធនឹងការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ ក្នុងឆ្នាំ ២០០៤។ ក្នុងនាមជារដ្ឋភាគី ប្រទេសកម្ពុជាមានកាតព្វកិច្ច ត្រូវគោរព និងបំពេញសិទ្ធិកុមារតាមរយៈការអភិវឌ្ឍឱ្យមានច្បាប់ និងគោលនយោបាយនានា ព្រមទាំងអនុវត្តកម្មវិធី និងសកម្មភាពដែលឆ្លើយតបចំពោះបញ្ហារបស់កុមារ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិដទៃទៀតជាច្រើនដែលមានបំណងការពារសិទ្ធិកុមារ។ អនុសញ្ញាអន្តរជាតិទាំងនោះ រួមមានដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (CRPD) សេចក្ដីប្រកាសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមភាគតិច និងអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងការប្រព្រឹត្ត ឬទារុណកម្មឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោកដទៃទៀត។

អង្គការអន្តរជាតិខាងការងារ (ILO) បានបង្កើតអនុសញ្ញាស្ដីពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ ប្រទេស កម្ពុជា បានផ្ដល់សច្ចាប័នលើអនុសញ្ញានេះក្នុងឆ្នាំ ២០០៦។ គោលបំណងនៃអនុសញ្ញានេះ គឺដើម្បីហាមឃាត់ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ អនុសញ្ញានេះ តម្រូវឱ្យសមាជិកទាំងអស់ត្រូវបង្កើត និងពិនិត្យតាមដានលើកម្មវិធីនានា ដើម្បីលុបបំបាត់ពលកម្មកុមារ និងដើម្បីផ្ដល់ការអប់រំដល់កុមារដែលត្រូវបានដកចេញពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ អង្គការ ILO ក៏បានបង្កើតអនុសញ្ញាស្ដីពីអាយុអប្បបរមាដែលប្រទេសកម្ពុជាផ្ដល់សច្ចាប័នក្នុងឆ្នាំ ១៩៩៩។ គោលបំណងនៃអនុសញ្ញានេះ គឺដើម្បីកំណត់អាយុអប្បបរមា ដែលអាចអនុញ្ញាតឱ្យធ្វើការងារបាន ដោយមានគោលដៅធំក្នុងការលុបបំបាត់ពលកម្មកុមារ។

អាជ្ញាធរដែលនៅជិតបំផុតមានតួនាទីក្នុងការធ្វើអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីដែលមានអំពើហិង្សាក្នុងគ្រួសារកើតឡើង ឬរៀបនឹងកើតឡើង ដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះ។

ច្បាប់របស់ប្រទេសកម្ពុជា

មាត្រា ៣១ និង៤៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឱ្យរដ្ឋទទួលស្គាល់ និងគោរពអនុសញ្ញាសិទ្ធិមនុស្ស និងទទួលស្គាល់សិទ្ធិរបស់កុមារ ដូចមានចែងក្នុង CRC ជាពិសេសសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ និងសេរីភាពរួចផុតពីការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ច ឬការកេងប្រវ័ញ្ចផ្លូវភេទ។

ដើម្បីបង្ការអំពើហិង្សាលើកុមារ រដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យប្រើប្រាស់លិខិតបទដ្ឋានគតិយុត្តអំពើហិង្សា ការរំលោភបំពាន ការកេងប្រវ័ញ្ច និងការមិនអើពើ ការអប់រំ និងសុខុមាលភាព គ្រួសារ និងការថែទាំជំនួស និងកុមារដែលពាក់ព័ន្ធក្នុងប្រព័ន្ធយុត្តិធម៌។ រាជរដ្ឋាភិបាលក៏រៀបចំគោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជា ផែនការសកម្មភាពជាតិស្ដីពីការអភិវឌ្ឍកុមារ (២០១៦-២០១៨) ផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាប្រឆាំងកុមារ (២០១៧-២០២១) និងផែនការយុទ្ធសាស្រ្ត និង ផែនការប្រតិបត្តិដើម្បីអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ឆ្នាំ ២០១៨-២០២០។

ច្បាប់អប់រំរបស់កម្ពុជា និងអនុក្រឹត្យស្ដីពីក្រមសីលធ៌មវិជ្ជាជីវៈគ្រូបង្រៀន មានចេតនាយ៉ាងច្បាស់ក្នុងការការពារកុមារពីអំពើហិង្សា។ មាត្រា ៣៥ នៃច្បាប់អប់រំចែងថា អ្នកសិក្សាគ្រប់រូប មានសិទ្ធិទទួលបានការគោរព និងការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សរបស់ខ្លួន ជាពិសេសសិទ្ធិទទួលបានសេចក្ដីថ្លៃថ្នូរ និងសិទ្ធិរួចផុតពីរាល់ទម្រង់នៃការធ្វើទារុណកម្ម ឬការដាក់ទណ្ឌកម្មផ្លូវកាយ និងផ្លូវចិត្ត។

ក្នុងឆ្នាំ ២០០៥ សភាជាតិ បានអនុម័តច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ គោលបំណងរបស់ច្បាប់នេះ គឺដើម្បីបង្កើតឱ្យមានយន្តការផ្នែកច្បាប់ ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងរក្សាភាពសុខដុមក្នុងគ្រួសារ និងសង្គម។ មាត្រា ៩ នៃច្បាប់នេះ ចែងថា៖ «អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត មានកាតព្វកិច្ចត្រូវអន្តរាគមន៍ជាបន្ទាន់ក្នុងករណីមានអំពើហិង្សាក្នុងគ្រួសារកើតមានឡើង ឬបម្រុងនឹងកើតឡើង ដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះ។»

https://strongfamily.mosvy.gov.kh/wp-content/uploads/2019/08/cover-photo.png
ខេត្តបាត់ដំបង
ខេត្តសៀមរាប
ក្រុង ព្រះសីហនុ
ខេត្តកណ្ដាល
រាជធានីភ្នំពេញ