ច្រាំងចំរេះ ស្ថិតនៅក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខែមករា ឆ្នាំ២០២០–ក្នុងសំលៀកបំពាក់ប្រពៃណីស្រី្តជនជាតិខ្មែរអ៊ីស្លាមមួយក្រុមតូច ខ្លះអង្គុយលើកៅអី និងខ្លះអង្គុយលើជណ្តើរនៅមុខផ្ទះ ជជែកគ្នាលែងពីនេះពីនោះយ៉ាងសប្បាយរីករាយ។ ពួកគេកំពុងតែចែករំលែករឿងរ៉ាវ និងជួយគ្នាដោះស្រាយបញ្ហា ដែលពួកគេជួបប្រទះជារៀងរាល់ថ្ងៃ ក្នុងនាមជាឪពុកម្តាយ។ អ្នកខ្លះនិយាយអំពីរបៀបថែទាំកូនៗ រីឯអ្នកខ្លះទៀតនិយាយពីគន្លឹះសម្រាប់ដោះស្រាយឥរិយាបថរបស់កូន។ ការជជែកសន្ទនាគ្នាបែបនេះ បានកើតឡើង ស្ទើរតែក្លាយទៅជាទម្លាប់ទៅហើយ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩ ពោលតាំងពីពួកគាត់បានចូលរួមវគ្គបណ្តាលស្តីពីការចិញ្ចឹមកូនបែបវិជ្ជាមានរួចមក។
មុំ សំអាត បង្ហាញពីខិតប័ណ្ណដែលស្តីពីការថែទាំកូនតូច ©UNICEF Cambodia/2020/ដោយ ស៊ា សុឃន់
ស្រ្តីមេផ្ទះមា្នក់ទៀត ឈ្មោះ មុំ សំអាត អាយុ៤៨ឆ្នាំ មានកូនពីរនាក់ផងដែរ។ សំអាតបាននិយាយថា ឪពុកម្តាយទាំងអស់ ចិញ្ចឹមកូន សុទ្ធតែចង់ឱ្យកូនធំឡើងក្លាយជាមនុស្សល្អ ប៉ុន្តែអ្វីដែលឪពុកម្តាយមិនបានដឹងនោះ គឺថា ទម្លាប់ចិញ្ចឹមប្រដៅកូន ដែលធ្វើឱ្យកូនភ័យខ្លាច មិនមែនជាវិធីប្រដៅកូនត្រឹមត្រូវទាល់តែសោះ។ សំអាតបានទើបតែបានរៀនពីវិធីប្រដៅកូនដោយប្រសិទ្ធភាព នៅពេលគាត់បានចូលរៀនវគ្គស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន នៅឯសាលាខណ្ឌកាលពីកន្លះឆ្នាំមុននេះ។
ស្ត្រីម្នាក់ទៀតឈ្មោះ ម៉ារី អាយុ ៤៥ ឆ្នាំបានពន្យល់ថា សហគមន៍ខ្មែរអ៊ីស្លាម បានចិញ្ចឹមកូនតាមទម្លាប់គ្រួសារ នីមួយៗ។ ទម្លាប់ទាំងនោះ បានអនុវត្តតៗ ក្លាយទៅជាប្រពៃណីច្រើនជំនាន់។ កាលពីមុនចូលរៀនវគ្គស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន ម៉ារី គិតថាការចិញ្ចឹមកូនជារឿងដ៏សាមញ្ញ មិនចាំបាច់យកចិត្តទុកដាក់ច្រើននោះទេ ប៉ុន្តែឥឡូននេះគាត់យល់ថា ឪពុកម្តាយត្រូវការៀនសូត្រនូវជំនាញសំខាន់ៗជាច្រើន ដើម្បីចិញ្ចឹមកូនឱ្យល្អ។ ឪពុកម្តាយ និងអាណាព្យាបាលជាច្រើន នៅក្នុងសហគមន៍នេះ ឧស្សាហ៍ចំណាយពេលវេលាជួបជុំគ្នាញឹកញាប់នៅ កណ្តាលភូមិនេះ ដែលពួកគេអាចជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យការចិញ្ចឹមបីបាច់កូនៗរបស់ពួកគេ ឱ្យកាន់តែល្អប្រសើរឡើង។ តាំងពីឆ្នាំ២០១៧មក ក្រសួងកិច្ចការនារី ក្នុងគោលបំណងចង់កាត់បន្ថយអំពើហិង្សាលើកុមារ និងការបំបែកកុមារដោយមិនចាំបាច់ ធ្វើការផ្សព្វផ្សាយលើកម្ពស់ការយល់ដឹងក្នុងចំណោមឪពុកម្តាយ និងអាណាព្យាបាលនៅតាមសហគមន៍ តាមរយៈយុទ្ធសាស្រ្តចិញ្ចឹកមកូនតាមបែបវិជ្ជមាន។ ក្រសួងកិច្ចការនារី បានបង្កើតកញ្ចប់ឧបករណ៍ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានដោយផ្តោតលើក្រុមកគោលដៅផ្សេងៗគ្នា។ កញ្ចប់ឧបករណ៍កម្រិត១ ផ្តល់ការគាំទ្រដល់ឪពុកម្តាយទាំងឡាយណា ដែលចាប់អារម្មណ៍ចង់ស្វែងយល់អំពីជំនាញនៃការចិញ្ចឹមកូនបែបវិជ្ជមាន។ រីឯកញ្ចប់ឧបករណ៍ក្រមិត២ មានមេរៀនជាច្រើន ដែលផ្តោតលើក្រុមឪពុកម្តាយ អាណាព្យាបាល ឬ អ្នកថែទាំកុមារមួយចំនួនតែប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៩ ក្រសួងកិច្ចការនារី បានជ្រើសរើសខណ្ឌឬស្សីកែវ ធ្វើជាតំបន់គោលដៅមួយទៀត នៅក្នុងទីក្រុងភ្នំពេញ ហើយបានអនុវត្តកម្មវិធីរបស់ការចិញ្ចឹមកូនបែបវិជ្ជមាន តាមរយៈមន្ទីរកិច្ចការរាជធានីភ្នំពេញ និងការិយាល័យកិច្ចការនារីខណ្ឌ។ ឪពុកម្តាយ អណាព្យាបាល និងអ្នកថែទាំកុមារជាច្រើន មកពីតាមបណ្តាសហគមន៍ និងខ្មែរអ៊ីស្លាម ដែលក្នុងនោះរួមមាន មុំ សំអាត សាឡេស៍ សាឡាស៍ និងម៉ារីផងដែរ បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលលើកញ្ចប់ឧបករណ៍កម្រិត១។ វគ្គនេះបានធ្វើឱ្យសហគមន៍ទាំងមូល មានការប្រែប្រួល។ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលជាផ្លូវការ ដែលរៀបចំនៅឯសាលាខណ្ឌឬស្សីកែវរួចមក ឪពុកម្តាយជាច្រើនតែងតែមកជួបជុំគ្នានៅចំកណ្តាលភូមិ ជជែកគ្នា ឆ្លុះបញ្ចាំង និងចែករំលែកនូវអ្វី ដែលពួកគេបានរៀន និងបានអនុវត្តជាក់ស្តែងជារៀងរាល់ថ្ងៃ។
សាឡេស៍ សាឡាស៍ កំពុងអានសៀវភៅស្តីពីការអភិវឌ្ឍន៍កុមារតូច ©UNICEF Cambodia/2020/ដោយ ស៊ា សុឃន់
សាឡេស៍ សាឡាស៍ ចិញ្ចឹមកូនតាមរបៀបដែលគាត់បានឃើញតៗពីឪពុកម្តាយរបស់គាត់ជាយូរមកហើយ។ គាត់បាននិយាយថា “ពីមុនខ្ញុំធ្លាប់គំរាម ឬ វ៉ៃកូនៗ ដោយសារតែពួកគេជជែសរឹងរូសពេក” ។ គាត់បន្តទៀតថា៖ “ឧទាហរណ៍នៅពេលពួកគេមិនស្តាប់ខ្ញុំ ហើយលេងច្រើនពេក ឬទទូចសុំលុយបទិញនំ។ ខ្ញុំមិនដឹងថា ត្រូវធ្វើម៉េច ឬដោះស្រាយរបៀបណានោះទេ ក្រៅតែពីតែវ៉ៃ ឬ ស្រែកគំហកដាក់កូនប៉ុណ្ណោះ” ។ ពេលក្រោយមក សាឡេស៍ សាឡាស៍ តែងឃើញអ្នកជិតខាងរបស់គាត់ជុំគ្នាជជែកពីរឿងចិញ្ចឹមកូនបែបវិជ្ជាមាន។ ថ្ងៃមួយគាត់បានចូលរួមជាមួយពួកគេ។ ពួកគេបានចែករំលែករឿងរ៉ាវល្អៗ ដែលកើតឡើងចំពោះកូនៗ បន្ទាប់ពីពួកគេបានអនុវត្តវិធីចិញ្ចឹមកូនបែបវិជ្ជាមានរួចមក។ សាឡេស៍ សាឡាស៍ បានសម្រេចចិត្តសាកល្បងធ្វើដូចអ្នកជិតខាងនោះ។ គាត់បានយកចិត្តទុកដាក់ចំពោះកូនដោយក្តីស្រឡាញ់។ សាឡេស៍ សាឡាស៍ និយាយថា៖ “ឥឡូវនេះពេលណាដែលកូនៗរបស់ខ្ញុំ សុំលេងវីដេអូហ្គេម ឬសុំប្រាក់ទិញនុំចំណីមិនល្អ។ ខ្ញុំស្តាប់កូនដោយយកចិត្តទុកដាក់ រងចាំដល់កូននិយាយចប់ រួចទើបខ្ញុំសួរកូន ប្រាប់កូននូវហេតុផល និងសុំឱ្យកូនធ្វើនូវអ្វីម្យ៉ាងជំនួសវិញ។ ជាញឹកញាប់ ខ្ញុំ និងកូនតែងព្រមព្រៀងគ្នា ឬ មានដំណោះស្រាយល្អ”។ នៅទីបញ្ចប់ការខិតខំប្រឹងប្រែងរបស់សាឡេស៍ សាឡាស៍ទទួលលទ្ធផល ហើយរឿងល្អៗបានកើតឡើង។ គាត់បាននិយាយបប្រាប់បន្តទៀតថា៖ “កូនរបស់ខ្ញុំកាន់តែស្តាប់ខ្ញុំ និងធ្វើតាមខ្ញុំណែនាំ។ ឥឡូវនេះកូនមានអាក្បកិរិយាល្អជាងមុនពេលនៅផ្ទះ ហើយនៅសាលារៀនវិញ ក៏មានចំណាត់ថ្នាក់កាន់តែល្អប្រសើរឡើងដែរ”។ ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ ក្រសួងកិច្ចការនារី បានបណ្តុះបណ្តាលឪពុកម្តាយចំនួន៦.៩៥៨ នាក់ (ឪពុកចំនួន ២,៤៨៦ នាក់) លើកញ្ចប់ឧបករណ៍កម្រិត១ នៅចន្លោះចាប់ពីខែកញ្ញាឆ្នាំ ២០១៨ ដល់ខែធ្នូឆ្នាំ ២០១៩ ។ ឪពុកម្តាយសរុប ចំនួន១,០៧៣ នាក់ (មានឪពុកចំនួន ៣៣ នាក់) បានទទួលការបណ្តុះបណ្តាលកញ្ចប់ឧបករណ៏កម្រិត ២។ សម្ធិទ្ធិផលដ៏ធំអាចកើតមានបានដោយសាមានការចូលរួមវិភាគទានសប្បុរសធម៌ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ។ ក្នុងឆ្នាំ២០១៩ ក្រសួងកិច្ចការនារី និងដៃគូមិនមែនរដ្ឋាភិបាល បានសិក្សាយវាយតម្លៃអំពីគំរូផ្សេងៗនៃការអនុវត្ត ដើម្បីពិនិត្យមើលឡើងវិញនូវប្រសិទ្ធិភាព ព្រមទាំងបានដាក់បញ្ចូលកម្មវិធីការចិញ្ចឹមកូនបែបវិជ្ជាមាន ទៅក្នុងផែនការយុទ្ធសាស្រ្តយេនឌ័រនារីរតនៈ(២០១៩-២០២៣) ។ ក្រសួងកិច្ចការនារី ពង្រីកការអនុវត្តកម្មវិធីការចិញ្ចឹមកូនបែបវិជ្ជមានគ្រប់ក្រមិត ចាប់ពីឆ្នាំ២០២០នេះតទៅ។