ការជួយកុមារងាយរងគ្រោះ - Krusar Reng Mam
https://strongfamily.mosvy.gov.kh/wp-content/uploads/2020/11/MJP_9845.jpg

ការជួយកុមារងាយរងគ្រោះ

ដោយ ប៊ុនលី មាស - 4 years
ការជួយកុមារងាយរងគ្រោះនៅកម្ពុជាក្នុងការអនុវត្តវិធានការការពារពីជំងឺកូវីដ ១៩
Scroll down to read more

ការជួយកុមារងាយរងគ្រោះឱ្យមានសុវត្ថិភាព ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺ កូវីដ ១៩

©UNICEF Cambodia/2020/ Miguel Jeronimo

នៅក្រោម​ផ្ទះដំបូលស័ង្កសី​ជាមួយនឹងពិដានត្រឹមកម្ពស់ក្បាល កុមារមួយក្រុមមានគ្នាប្រាំនាក់ និងអ្នកថែទាំរបស់ពួកគេ​កំពុងស្ដាប់បុគ្គលិកសង្គមដោយយកចិត្តទុកដាក់។ នៅថ្ងៃនេះ ពួកគេកំពុង​រៀនអំពី​ជំងឺកូវីដ ១៩ ដែលបានបង្កឱ្យមានការបិទសាលារៀនរបស់ពួកគេ និងការរិតបន្តឹងចំពោះទំនាក់ទំនងរបស់ពួកគេជាមួយមិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ។

©UNICEF Cambodia/2020/ Bunly Meas

លោកស្រី ឡុង សារ៉ាន់ ​ដែលជាមន្រ្តីគម្រោងនៃអង្គការកុមាររីករាយកម្ពុជា​នៅខេត្តបាត់ដំបង បានរៀបចំ​វគ្គសិក្សាមួយ​សម្រាប់កុមារចំនួនប្រាំនាក់ ដែលកំពុងរស់នៅក្នុងគ្រួសារធម៌។

ដាលីស *[i] មានអាយុ ១១ឆ្នាំ និងដារា* ​ជាបងប្រុសរបស់នាង ដែលមានអាយុ ១៣ឆ្នាំ គឺជាកុមារពីរនាក់ ដែលភាពរីករាយខ្លាំងបំផុត។ នៅពេលសួរ​អំពី​របៀបការពារខ្លួនពីការឆ្លងជំងឺកូវីដ ១៩ ដាលីស​​បាននិយាយថា “ខ្ញុំត្រូវលាងដៃទាំងពីររបស់ខ្ញុំជាមួយនឹងសាប៊ូ និងទឹកស្អាត”។ ដារាបានបន្ថែមទៀតថា “ហើយយើងត្រូវស្ថិតនៅឆ្ងាយពីអ្នកដទៃចម្ងាយយ៉ាងតិចបំផុត​ពីរម៉ែត្រ”។ ពួកគេទាំងពីរនាក់​បានបង្ហាញអំពីរបៀបលាងដៃ និងការរក្សាគម្លាតពីគ្នា​ទៅដល់អ្នកផ្សេងទៀតនៅក្នុងវគ្គសិក្សា។

ដាលីស និងដារា ស្ថិតក្នុងចំណោមកុមារប្រាំនាក់ ដែលកំពុងស់នៅក្នុងជាមួយឪពុកម្ដាយធម៌ ដែលពួកគេទទួលបានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ​ឈ្មោះថា អង្គការកុមាររីករាយ (KMR) ​នៅខេត្តបាត់ដំបង។ ជំនួសឱ្យការដាក់ពួកគេនៅក្នុងមណ្ឌលថែទាំកុមារ អង្គការមិនមែនរដ្ឋាភិបាល​មួយនេះ​ផ្ដល់ការថែទាំជំនួស​នៅក្នុងគ្រួសារ និងសហគមន៍ ដែលជួយឱ្យពួកគេធំលូតលាស់ឡើង​កាន់តែរឹងមាំ ទាំងផ្លូវកាយ និងផ្លូវចិត្ត។

លោកស្រី ឡុង សារ៉ាន់ ដែលជាមន្រ្តីគម្រោងនៃអង្គការ KMR ​ដឹកនាំវគ្គសិក្សានៅថ្ងៃនេះ។ គាត់បង្ហាញសារឡើងវិញអំពីរបៀបការងារពីការឆ្លងជំងឺកូវីដ ១៩ និងផ្ដល់ឱកាសឱ្យ​កុមារ និងឪពុកម្ដាយធម៌របស់ពួកគេអនុវត្ត។ សាររបស់គាត់រួមមាន​ការលាងដៃជាមួយនឹងទឹកស្អាត សាប៊ូ ឬជែលអាល់កុល ការខ្ទប់ច្រមុះ និងមាត់​ជាមួយនឹងក្រដាសជូតមាត់ ឬការប្រើកែងដៃខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ការពាក់ម៉ាស និងការរក្សាគម្លាត​ពីអ្នកដទៃ​ចម្ងាយពីរម៉ែត្រ។

លោកស្រី សារ៉ាន់ បាននិយាយថា “​ខ្ញុំត្រូវនិយាយយ៉ាងច្រើន និងនិយាយជាច្រើនដង ដើម្បីឱ្យពួកគេយល់។ ខ្ញុំផ្ដល់ឱកាសឱ្យពួកគេអនុវត្ត ហើយខ្ញុំធ្វើការតាមដាន​នៅពេលក្រោយទៀត ដើម្បីពិនិត្យមើលថា តើ​ពួកគេពិតអនុវត្តវិធីទាំងនេះ​នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេដែរឬទេ”។


[i] **ឈ្មោះត្រូវបានផ្លាស់ប្ដូរ ដើម្បីការពារអត្តសញ្ញាណរបស់កុមារ។

©UNICEF Cambodia/2020/ Miguel Jeronimo

លោកស្រី ឡុង សារ៉ាន់ ដែលជាមន្រ្តីគម្រោងនៃអង្គការ KMR បានបង្ហាញអំពីការលាងដៃទៅដល់កុមារ

សម្រាប់រយៈពេលពីរខែចុងក្រោយនេះ នេះគឺជាទម្លាប់ ដែលលោកស្រី សារ៉ាន់ បុគ្គលិកសង្គម និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល​នៅទូទាំងប្រទេស បាន និងកំពុងធ្វើ​ ដើម្បីគាំទ្រ​កុមារងាយរងគ្រោះ​ដែលកំពុងរស់នៅក្នុងការថែទាំជំនួស។ ពួកគេបានផ្ដល់សម្ភារអនាម័យ រៀបចំវគ្គសិក្សា ពង្រឹងការអនុវត្តវិធានការប្រុងប្រយ័ត្ន និងផ្ដល់ការពិគ្រោះយោបល់ផ្លូវចិត្ត។

ខេង សុខវត្តី ដែលជាគិលានុបដ្ឋាយិការ​មកពីអង្គការទំនុកចិត្តកុមារកម្ពុជា (CCT) ​នៅខេត្ត ​បាត់ដំបង គិតថា គាត់មានតួនាទីបន្ថែម​ជាអ្នកផ្ដល់ការពិគ្រោះយោបល់ក្រៅផ្លូវការ សម្រាប់កុមារ និងអ្នកថែទាំ ដែលមានអារម្មណ៍​មិនច្បាស់លាស់​ នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។ នៅគ្រប់វគ្គសិក្សាទាំងអស់​ដែលគាត់រៀបចំ​នៅតាមផ្ទះថែទាំកុមារដោយឪពុកម្ដាយធម៌​ គាត់សង្កេតមើលថា តើមានអ្នកណាម្នាក់ត្រូវការដំបូន្មាន និងសេចក្ដីណែនាំដែរ​ ឬទេ និងផ្ដល់ការគាំទ្រដល់ពួកគេ រួមទាំង​ធ្វើការបញ្ជូនពួកគេទៅរកក្រុមការងាររបស់គាត់។

©UNICEF Cambodia/2020/ Miguel Jeronimo

ខេង សុខាវត្តី ដែលជាគិលានុបដ្ឋាកយិការនៃអង្គការ CCT បានសួរកុមារអំពីវិធានការការពារពីជំងឺកូវីដ ១៩។

សុខាវត្តី បាននិយាយថា “សុខភាពផ្លូវចិត្តរស់កុមារ​បានទទួលរងផលប៉ះពាល់នៅក្នុងអំឡុងពេលនេះ​ ដោយសារពួកគេភ័យខ្លាច​ជំងឺកូវីដ ១៩។ ការជួយឱ្យពួកគេយល់​កាន់តែច្បាស់អំពីជំងឺនេះ របៀបការពារខ្លួនពួកគេ និងការធានាអះអាងចំពោះពួកគេថា ពួកគេមានយើង ដែលរង់ចាំផ្ដល់ការគាំទ្រដល់ពួកគេ អាចកាត់បន្ថយ​ការព្រួយបារម្ភរបស់ពួកគេបាន។”

កុមារនៅក្នុងកន្លែងថែទាំទ្រង់ទ្រាយធំៗ​ក៏កំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដែលមិនបានរំពឹងទុកមុន នៅក្នុងអំឡុងពេលនេះ ដែលជាការបន្ថែមការលំបាកៗទៅលើបញ្ហាប្រឈមដែលមានស្រាប់របស់ពួកគេ​ទាក់ទងនឹងកង្វះការថែទាំពីគ្រួសារ។

នៅក្នុងប្រទេសកម្ពុជា កុមារចំនួន ៩.៣៨៣នាក់ កំពុងស់នៅក្នុងកន្លែងថែទាំកុមារ ហើយ​កុមារចំនួន ១.៤៦៩នាក់ផ្សេងទៀត​ កំពុងស្ថិតនៅក្នុងដំណើរការសមាហរណកម្ម​ទៅកាន់គ្រួសារ និងសហគមន៍។ កុមារទាំងនេះត្រូវការការគាំទ្រកាន់តែច្រើនថែមទៀត សម្រាប់ការអប់រំ និងការលេងកំសាន្ត ទឹក និងអនាម័យ កិច្ចការពារពីការរំលោភបំពាន និងសុខភាពផ្លូវចិត្ត។

ទឹម ស្រីអូន គឺជាបុគ្គលិកសង្គម​នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ខេត្តបាត់ដំបង ហើយ​គាត់មើលឃើញកុមារជួបប្រទះការលំបាក​ នៅគ្រប់ពេលដែល​គាត់ចុះទៅកាន់មណ្ឌលថែទាំកុមារ។ នៅពេលថ្មីៗនេះ គាត់មើលឃើញថា កុមារទាំងនេះលេងកំសាន្តតិចជាងមុន មិនត្រឹមតែដោយសារតែការអនុវត្តវិធានការការពារពីជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ប៉ុន្តែក៏ខ្វះ​របស់ក្មេងលេងជាច្រើនប្រភេទផ្សេងៗគ្នា​ផងដែរ។ ជាមួយនឹងការលេង និងទំនាក់ទំនងតិចជាងមុន ពួកគេមិនសូវសកម្ម និងមានភាពតានតឹងក្នុងចិត្តកាន់តែច្រើនជាងមុន។

©UNICEF Cambodia/2020/ Miguel Jeronimo

ទឹម ស្រីអូន ដែលជាបុគ្គលិកសង្គមនៃមន្ទីរ ស.អ.យ បានធ្វើឱ្យប្រាកដថា កុមារលាងដៃរបស់ពួកគេបានត្រឹមត្រូវ។

ស្រីអូនបាននិយាយថា “ពួកគេសួរខ្ញុំជាច្រើនដងថា នៅពេលណាទើបការរាតត្បាតជាសកលនេះនឹងបញ្ចប់។ ខ្ញុំនិយាយថា ខ្ញុំមិនដឹងទេ ហើយខ្ញុំទាញការយកចិត្តទុកដាក់របស់ពួកគេទៅលើ​វិធានការការពារខ្លួនវិញ។ បច្ចេកទេសនេះមិនតែងតែមានប្រសិទ្ធភាពឡើយ នៅពេលខ្លះ ពួកគេធុញទ្រាន់ និងលែងជឿទុក​ចិត្តលើខ្ញុំ។ ប៉ុន្តែ​តាមរយៈការចំណាយពេលស្ដាប់ ដើម្បីយល់អំពីពួកគេ ខ្ញុំនៅតែអាច​ជួយពួកគេ​ឱ្យមានអារម្មណ៍កាន់តែល្អបាន”។

ដោយសារ​ការរាតត្បាត​នេះអូសបន្លាយបន្តទៅមុខទៀត ភាពតានតឹងក្នុងចិត្តរបស់កុមារកើនឡើង។ ការសន្ទនាបែបពិបាកៗ​រវាងពួកគេ និងបុគ្គលិកសង្គម និងអ្នកថែទាំរបស់ពួកគេ​ កើតឡើងកាន់តែញឹកញាប់។ បញ្ហានេះក៏ពិតជាកើតឡើង​ចំពោះកុមារ និងឪពុកម្ដាយបង្កើតរបស់ពួកគេនៅក្នុងសហគមន៍​ក្រីក្រផងដែរ។ ជាមួយនឹងការតាមដានត្រួតពិនិត្យ​តិចតួចពីឪពុកម្ដាយ ដោយឪពុកម្តាយជាច្រើនកំពុងមានការលំបាករួចទៅហើយនៅក្នុងជីវភាពរស់នៅរបស់គ្រួសារ ជាហេតុបណ្តាលឱ្យកុមារមិនអើពើចំពោះវិធានការការពារខ្លួន និងវិលត្រលប់ទៅរកជីវិតប្រក្រតីរបស់ពួកគេវិញ។

លោក ហួន លួង ដែលមានឪពុកម្នាក់មានអាយុ ៥៥​ឆ្នាំ នៅក្នុងវគ្គសិក្សានេះ បាននិយាយថា “​កូនៗ​របស់ខ្ញុំ​មិនស្ដាប់ខ្ញុំ​ឡើយ នៅពេលដែលខ្ញុំប្រាប់ពួកគេកុំឱ្យចេញទៅខាងក្រៅ ប្រសិនបើមិនចាំបាច់។ យើងបាននិយាយគ្នាយ៉ាងតឹងតែង ហើយនៅទីបំផុត បានព្រមព្រៀងគ្នាថា ពួកគេ​ត្រូវពាក់ម៉ាស និងលាងដៃឱ្យបានកាន់តែញឹកញាប់ នៅពេលទៅលេងនៅខាងក្រៅ”។

Houn Loung shared experience on Covid-19 protection and how to talk to children about the pandemic.
©UNICEF Cambodia/2020/ Bunly Meas

លោក ហួន លួង បានចែករំលែកបទពិសោធន៍របស់ពួកគេអំពី​ការការពារពីជំងឺកូវីដ ១៩ និងរបៀបនិយាយជាមួយកូនៗអំពី​ការរាតត្បាតជាសកលនៃជំងឺនេះ។

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ឈ្មោះថា​អង្គការបុត្តាភិបាល​ដើម្បីវឌ្ឍនសង្គម (ICS-SP) បង្រៀនលោក លួង និងឪពុកម្ដាយផ្សេងទៀត​អំពី​ការចិញ្ចឹមកូនបែបវិជ្ជមាន ដើម្បីទប់ស្កាត់​អំពើហិង្សា​លើកុមារ។ នៅពេលបច្ចុប្បន្ន ពួកគេក៏បញ្ជូលគន្លឹះអំពី​ការការពារពីជំងឺកូវីដ ១៩​ ផងដែរ។ នៅពេលនេះ ជំនាញនានា និងចំណេះដឹងថ្មីៗ​កាន់តែមានភាពពាក់ព័ន្ធ និងមានសារប្រយោជន៍​ជាងពេលណាៗទាំងអស់ ដើម្បីជួយឪពុកម្ដាយ​ក្នុងការទប់ទល់នឹងការលំបាកនានា រួមទាំង​ការបាត់បង់​ប្រាក់ចំណូល​គ្រួសារ និង​ការព្រួយបារម្ភអំពី​សុវត្ថិភាពរបស់កូនៗពួកគេ។​

អង្គការយូនីសេហ្វ​គាំទ្រ​ដល់កិច្ចខិតខំប្រឹងប្រែង​របស់អង្គការមិនមែនរដ្ឋាភិបាលនានា និងបុគ្គលិក​សង្គម ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​នៃជំងឺកូវីដ ១៩​ លើកុមារងាយរងគ្រោះ។ គិតត្រឹមពេល       សរសេរអត្តបទនេះ ប្រទេសកម្ពុជាបានរាយការណ៍ឱ្យដឹងថា​ មានមនុស្សចំនួន ១២៤នាក់​បានឆ្លងជំងឺកូវីដ​ ១៩ និងបានជាសះស្បើយទាំងអស់។ ជាមួយនឹងការរួមវិភាគទានពី USAID ​និង រដ្ឋា       ភិបាលជប៉ុន អង្គការយូនីសេហ្វបានធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីហានិភ័យនៃគ្រោះអាសន្ន និងយុទ្ធនាការបង្កការចូលរួមរបស់សហគមន៍​នៅទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះ​បានគ្របដណ្ដប់ទៅដល់​មនុស្ស​ជាង ១០លាននាក់ ​ ក្នុងចំណោម​ប្រជាជនកម្ពុជា​ជាង ១៦លាននាក់។

 


[1] **ឈ្មោះត្រូវបានផ្លាស់ប្ដូរ ដើម្បីការពារអត្តសញ្ញាណរបស់កុមារ។

 

 

 

Battambang
Siem Reap
Preah Sihanouk
Kandal
Phnom Penh