ដូចកុមារដទៃទៀតនៅក្នុងអំឡុងពេលនេះដែរ ពួកគេមិនអាចទៅសាលារៀនដែលស្ថិតនៅក្រៅបរិវេណរបស់ពួកគេ លេងកំសាន្តដោយសេរីដូចពួកគេអាចលេងជាមួយមិត្តភក្តិរបស់ពួកគេកាលពីមុន និងត្រូវនៅក្នុងផ្ទះគ្រប់ពេល។ អ្វីដែលពួកគេអាចសួរ គឺតើពេលណាទើបស្ថានភាពនេះនឹង បញ្ចប់ ហើយគ្មានអ្នកណាម្នាក់ដឹងចម្លើយឡើយ។
នៅប្រទេសកម្ពុជា កុមារចំនួន ៩.៣៨៣នាក់ កំពុងរស់នៅក្នុងកន្លែងថែទាំកុមារ និងកុមារចំនួន ១.៤៦៩នាក់ ផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការសមាហរណកម្មទៅកាន់គ្រួសារ និង សហគមន៍វិញ។ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ ពួកគេត្រូវការការគាំទ្រច្រើនជាងពេលណាៗទាំងអស់ រួមទាំងការគាំទ្រលើការអប់រំ ការលេងកំសាន្ត និងសុខភាពផ្លូវចិត្ត។
នៅពេលបច្ចុប្បន្ន បុគ្គលិកសង្គម អ្នកថែទាំ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលកំពុងបង្កើនសេវារបស់ពួកគេជាមួយនឹងចំណេះដឹង និងធនធាន ដើម្បីធ្វើឱ្យកុមារបន្តទទួលបានព័ត៌មាន និងមានសុវត្ថិភាព។ ពួកគេផ្ដល់សម្ភារអនាម័យ រៀបចំវគ្គសិក្សា ពង្រឹងការអនុវត្តវិធានការប្រុងប្រយ័ត្នជាមុន និងផ្ដល់ការពិគ្រោះយោបល់ផ្លូវចិត្ត។
សម្រាប់រយៈពេលពីរខែចុងក្រោយនេះ បុគ្គលិកសុខភាពបាន និងកំពុងប្រាប់កុមារ និងអ្នកថែទាំរបស់ពួកគេអំពីសារដូចៗគ្នា ពោលគឺការលាងដៃជាមួយនឹងទឹកស្អាត សាប៊ូ ឬជែលអាល់កុល ការខ្ទប់ច្រមុះ និងមាត់ជាមួយក្រដាសជូតមាត់ ឬកែងដៃ នៅពេលក្អក ឬកណ្ដាស់ ការពាក់ម៉ាស និងការរក្សាគម្លាតពីរម៉ែត្រពីអ្នកដទៃ។
នៅចុងបញ្ចប់នៃវគ្គសិក្សានីមួយៗ កុមារបង្ហាញអំពីការរៀនសូត្ររបស់ពួកគេ តាមរយៈការបង្ហាញអំពីរបៀប ដែលពួកគេអនុវត្តទម្លាប់ដែលផ្តល់នូវសុខភាពល្អ ដូចជា ការលាងសម្អាតដៃ។
មិនត្រឹមតែកន្លែងថែទាំកុមារប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលិកសង្គមក៏ត្រូវការធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីផ្ដល់ព័ត៌មានដល់កុមារ និងឪពុកម្ដាយ អំពីកម្មវិធីថែទាំដោយឪពុកម្ដាយធម៌ ឬកម្មវិធីថែទាំតាមផ្ទះរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផងដែរ។ គម្រោងថែទាំជំនួស គាំទ្រដល់ឪពុកម្ដាយធម៌ ឬ អ្នកអាណាព្យាបាល ក្នុងការចិញ្ចឹមកុមារនៅក្នុងបរិយាកាសគ្រួសារ។
លោកស្រី សារ៉ាន់ ជាមន្ត្រីគម្រោងនៃគម្រោងថែទាំជំនួសតាមសហគមន៍នៃអង្គការសមាគមកុមាររីករាយបាននិយាយថា “ខ្ញុំត្រូវនិយាយយ៉ាងច្រើន និងនិយាយជាច្រើនដង ដើម្បីឱ្យកុមារយល់។ ខ្ញុំមិនអាចបញ្ចប់នៅត្រឹមប៉ុណ្ណឹងទេ ប៉ុន្តែខ្ញុំត្រូវផ្ដល់ឱកាសឱ្យពួកគេអនុវត្ត។ បន្ទាប់មក ខ្ញុំត្រូវវិលត្រលប់មកវិញនៅពេលក្រោយ ដើម្បីពិនិត្យមើលថា តើពួកគេពិតជាអនុវត្តវិធីទាំងនេះដែរឬទេ។ ហើយវិធីនេះក៏អនុវត្តចំពោះឪពុកម្ដាយធម៌ផងដែរ”។
ជាធម្មតា កម្មវិធីចិញ្ចឹមកូនបែបវិជ្ជមាននៅក្នុងភូមិនានាផ្ដល់ការទប់ស្កាត់អំពើហិង្សា ដែលឪពុកម្ដាយ និងអ្នកថែទាំបានប្រព្រឹត្ត ប៉ុន្តែនៅពេលបច្ចុប្បន្ន កម្មវិធីទាំងនេះក៏បញ្ចូលនូវវិធានការពារពីជំងឺកូវីដ ១៩ ផងដែរ។
ឪពុកម្ដាយរៀនអំពីរាល់បច្ចេកទេសចាំបាច់ទាំងអស់ និងបង្រៀនបន្តដល់កូនៗរបស់ពួកគេនៅផ្ទះ។ ពួកគេក៏ទទួលបានសម្ភារអនាម័យ រួមមានសាប៊ូ ម៉ាស់ និងទឹកអាល់កុលលាងដៃសម្លាប់មេរោគ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេផងដែរ។
អង្គការយូនីសេហ្វធ្វើឱ្យការខិតខំប្រឹងប្រែងរបស់បុគ្គលិកសង្គម និងអង្គការមិនមែនរដ្ឋាភិបាលអាចអនុវត្តទៅតាមបាន តាមរយៈការបន្តគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ) និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូ។ គោលបំណងសំខាន់ គឺដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ ១៩ លើកុមារងាយរងគ្រោះ។
គិតត្រឹមពេលសរសេរអត្ថបទនេះ ប្រទេសកម្ពុជាបានរាយការណ៍ឱ្យដឹងថា មានមនុស្សចំនួន ១២២នាក់បានឆ្លងជំងឺកូវីដ ១៩ និងបានជាសះស្បើយទាំងអស់។ ចាប់តាំងពីរកឃើញករណីដំបូង និងដោយមានការរួមវិភាគទានពី USAID និងរដ្ឋាភិបាលជប៉ុន អង្គការយូនីសេហ្វបានគាំទ្រក្រសួងសុខាភិបាលក្នុងការដឹកនាំធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីគ្រោះអាសន្ន និងយុទ្ធនាការជម្រុញឱ្យមានការចូលរួមរបស់សហគមន៍នៅទូទាំងប្រទេស។ ប្រជាជនកម្ពុជាចំនួនជាង ១០លាននាក់នៅក្នុងចំណោមប្រជាជនកម្ពុជា ១៦លាននាក់ បានទទួលផលពីសកម្មភាពទាំងនេះ។