ជួបជាមួយ ឈួន វីរៈ - Krusar Reng Mam
https://strongfamily.mosvy.gov.kh/wp-content/uploads/2020/11/IMG_0250-a.jpg

ជួបជាមួយ ឈួន វីរៈ

ដោយ ស៊ា សុឃន់ - 3 years
កុមារកើតមកអាចខុសគ្នា ក្នុងគ្រួសារមាន ឬ ក្រ ប៉ុន្តែពួកគេសុទ្ធតែមានសក្តានុពល អាចក្លាយជាសិស្សពូកែ និងមានអានាគតល្អ ប្រសិនបើយើងបង្រៀនពួកគេបានត្រឹមត្រូវនោះ។
Scroll down to read more

ប្រសិនបើយើងបង្រៀនកុមារឲ្យបានត្រឹមត្រូវ ពួកគេអាចឈានដល់សក្តានុពលពេញលេញ

តើមណ្ឌលសំចតនៅភ្នំពេញ ជួយកុមារយ៉ាងដូចម្តេចខ្លះ​​?

លោកយាយ​ យ៉ុង​ អាយុ៦០ឆ្នាំ (រូបខាងឆ្វេង) និងចៅប្រុស ជួន វីរៈ អាយុ១១ឆ្នាំ​ (រូបស្តាំ)
នៅផ្ទះរបស់ពួកគេ@UNICEF Cambodia/2020/ ថតដោយ ស៊ា សុឃន់

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ២០២០​វេលាម៉ោង៩ព្រឹក នៅឯមណ្ឌលកសាងអនាគត ដែលសិ្ថតនៅតាមបណ្តោយផ្លូវដែក ក្បែរស្ថាននីយរថភ្លើងក្នុងទីក្រុងភ្នំពេញ។ ទីនេះជាមណ្ឌលសំចតមួយស្ថិតនៅក្នុងខ័ណ្ឌឬស្សីកែវ ដែលជាមណ្ឌលមួយក្នុងចំណោមមណ្ឌលជាច្រើន ដែលអង្គការមិត្តសំឡាញ់កំពុងដំណើរការ។ ពេលដែលក្រុមការងាររបស់អង្គការយូនីសេហ្វទៅដល់ បរិយាកាសនៅក្នុងមណ្ឌលសំចតនេះ​ មានសភាពដ៏មមាញឹក កុមារកំពុងតម្រងជួរ ដោយរក្សាគម្លាតពីគ្នាប្រមាណជា២ម៉ែត្រ ពីម្នាក់ទៅម្នាក់ ដើម្បីផ្តល់កិច្ចការផ្ទះរបស់គេ និងទទួលយកកិច្ចការថ្មីផងដែរ។ បុគ្គលិកសង្គមកំពុងតែមមាញឹកនឹងការក្រើនរំលឹកក្រុមកុមារឱ្យរក្សាគម្លាតពីគ្នានៅក្នុងវេលាដែលរងចាំការហៅឈ្មោះរបស់ពួកគេ។ កុមារសប្បាយរីករាយនៅពេលដែលទទួលបានលំហាត់ និងសម្ភារសិក្សាថ្មី ដែលរួមមាន ខ្មៅដៃ បិច និងសៀវភៅសរសេរ។​

លោកស្រី ចាន់ កញ្ញា មន្រ្តីអភិវឌ្ឍន៍មនុស្សវ័យជំទង់ អង្គការយូនីសេហ្វ (រូបឆ្វេង) និងលោកស្រី នៅ ផ្លា អ្នកគ្រប់គ្រងកម្មវិធីជួយសង្រ្គោះជីវិត អង្គការមិត្តសំឡាញ​ @UNICEF Cambodia/2020/
ថតដោយ ស៊ា សុឃន់
កុមារា ឈួន វីរៈ អាយុ១១ឆ្នាំ​ តែងតែមកមណ្ឌលសំចតនេះ។ ពេលដែលវីរៈបានឃើញក្រុមការងារអង្គការយូនីសេហ្វទៅដល់ គាត់បានញញឹមស្វាគមន៍យ៉ាងរស់រាយរាក់ទាក់។ គាត់សប្បាយចិត្តយ៉ាងខ្លាំង ក្នុងការចែករំលែកនូវរឿងរ៉ាវ និងអាថ៌កំបាំងដែលគាត់ឧស្សាហ៍ចំណាយពេលមកមណ្ឌលសំចតកុមារនេះ។​
លោកស្រី ចាន់ កញ្ញា មន្រ្តីអភិវឌ្ឍន៍មនុស្សវ័យជំទង់ អង្គការយូនីសេហ្វ (រូបឆ្វេង) និងលោកស្រី នៅ ផ្លា អ្នកគ្រប់គ្រងកម្មវិធីជួយសង្រ្គោះជីវិត អង្គការមិត្តសំឡាញ​ @UNICEF Cambodia/2020/ថតដោយ ស៊ា សុឃន់

កុមារា ឈួន វីរៈ អាយុ១១ឆ្នាំ​ តែងតែមកមណ្ឌលសំចតនេះ។ ពេលដែលវីរៈបានឃើញក្រុមការងារអង្គការយូនីសេហ្វទៅដល់ គាត់បានញញឹមស្វាគមន៍យ៉ាងរស់រាយរាក់ទាក់។ គាត់សប្បាយចិត្តយ៉ាងខ្លាំង ក្នុងការចែករំលែកនូវរឿងរ៉ាវ និងអាថ៌កំបាំងដែលគាត់ឧស្សាហ៍ចំណាយពេលមកមណ្ឌលសំចតកុមារនេះ។​ក្រុមគ្រួសាររបស់វីរៈមានជីវិភាពក្រលំបាក រស់នៅក្នុងផ្ទះតូចមួយ ក្នុងតំបន់ក្រីក្រនៅទីក្រុងដែលស្ថិតនៅតាមបណ្តោយផ្លូវដែក។ ជីវិតរបស់ពួកគេតែងតែជួបការលំបាកយ៉ាងខ្លាំង ដែលសមាជិកគ្រួសារ៩នាក់រស់នៅក្រោមដំបូលផ្ទះតែមួយ។ វីរៈគឺ​ជាកូនទីពីរក្នុងចំណោមបងប្អូនប្រាំនាក់ ឪពុករបស់គេគឺជាជាងកាត់សក់ដែលមានចំណូលមិនទៀងទាត់ រីឯម្តាយ លោកយាយ និងលោកតាវិញ គឺជាអ្នកលក់លាសនៅតាមដងផ្លូវ។ រៀងរាល់ថ្ងៃ ពួកគេតស៊ូ ដើម្បីជីវិភាពរស់នៅរបស់ក្រុមគ្រួសារ។​រស់នៅក្នុងបរិស្ថានសហគមក្រីក្រនៃទីក្រុង​ តែងតែជួបនូវការលំបាកជាច្រើន​ ជាពិសេសគឺកុមារ។​ វីរៈរៀនថ្នាក់ទី៥នៅសាលាបឋមសិក្សានាគវ័ន្ត។ បន្ទាប់ពីទៅសាលារៀន វីរៈគ្មានទីកន្លែងណាទៅនោះទេ ក្រៅតែមកលេងនៅមណ្ឌលសំចតនេះ ជាទីកន្លែងដែលគាត់អាចរៀនសូត្រ និងលេងកំសាន្ត។  វីរៈអាចចូលរួមសកម្មភាពសប្បាយៗ ដែលបុគ្គលិសង្គមរៀបចំឡើង ដូចជា ការលេងល្បែងថាមពល ច្រៀង រាំ និងរៀនពីរបៀបប្រាស្រ័យទាក់ទងនៅក្នុងសង្គមជាដើម។ នេះគឺជាជួយការពារគាត់កុំឱ្យចំណាយពេលនៅតាមផ្លូវដែលអាចគ្រោះថ្នាក់ដោយសារកេងប្រវ័ញ្ច ការយាយី ឬ ការរំលោភបំពានផ្សេងៗ។ អង្គការមិត្តសំឡាញ់បង្រៀនកុមារអំពីសិទ្ធិរបស់ពួកគេ ការការពារខ្លួន អនាម័យខ្លួនប្រាណ អាហារូបត្ថម្ភ បង្ការគ្រឿងញៀន និងជំនាញប្រាស្រ័យទាក់ទងនៅក្នុងសង្គមជាដើម។​

កុមារមកយកមណ្ឌលសំចត (រូបខាងឆ្វេង) និងលោកគ្រូ ឈឹម ឡន (រូបខាងស្តាំ)គ្រូបង្រៀនបឋមសិក្សារបស់អង្គការមិត្តសំឡាញ @UNICEF Cambodia/2020/
ថតដោយ ស៊ា សុឃន់​

កាលពីមុនពេលដែលមកមណ្ឌលសំចតនេះ វីរៈមិនចូលចិត្តធ្វើកិច្ចការសាលាដែលគ្រូដាក់ឱ្យទេ គាត់ថែមទាំងមិនចូលចិត្តគ្រូ និងមិត្តរួមថ្នាក់នៅសាលារៀននោះទេ។ គាត់រៀនខ្សោយទាំងលេខ និងអក្សរ។ តែចាប់តាំងពីពេលដែលវីរៈបានជួបលោក ម៉ក រិទ្ធី ដែលជាបុគ្គលិកសង្គមមក ជីវិតរបស់គាត់បានផ្លាស់ប្តូរល្អប្រសើរឡើង។  រីទ្ធី ជួយបង្រៀន និងណែនាំគាត់ឱ្យមានទំនុកចិត្តលើខ្លួនឯង។ វីរៈនិយាយប្រាប់ថា៖“ខ្ញុំចូលចិត្តលោកគ្រូរិទ្ធីនៅមណ្ឌលកសាងអនាគតណាស់ ព្រោះគាត់ចេះកំប្លែង និងរស់រាយរាក់ទាក់”។​ មណ្ឌលសំចត់ផ្តល់ការគាំទ្រដល់វីរៈបន្ទាប់ការសិក្សានៅសាលារៀន ដែលជួយឱ្យគេកាន់តែល្អប្រសើរឡើង។​ ​វីរៈបានរកឃើញថាខ្លួនគេចូលចិត្តអានសៀវភៅរឿង។ វីរៈនិយាយថា៖ “នៅក្នុងថ្នាក់ ខ្ញុំចាប់ផ្តើមរៀនពូកកែខាងអក្សរ​ ហើយខ្ញុំចូលចិត្តគ្រូរបស់ខ្ញុំ”។ វីរៈស្រឡាញ់ចូលចិត្តតួអង្គមួយនៅក្នុងសៀវភៅរឿងគំនូរជីវិចល​ដែលគាត់អាន ដែលមានឈ្មោះថា ​‘កូននិនចារពពែតូច ឬ Goat Ninja’។​ វីរៈចាប់ចិត្តនឹងតួអង្គនេះយ៉ាងខ្លាំងព្រោះកូននិនចារពពែ មានរូបរាងតូចដូចខ្លួនវីរៈ ប៉ុន្តែតួងអង្គកូននិនចារពពែនេះតែងតែក្លាហាន និងជម្នះលើខ្លួនឯង ដើម្បីធ្វើអ្វីឱ្យបានល្អបំផុត។ វីរៈបាននិយាយប្រាប់ថា៖“ខ្ញុំចង់ធ្វើដូចពពែនេះ ព្រោះវាតូចតែរឹងមាំ និងចេះជួយអ្នកដទៃ”។​​​

កុមារា ឈន វីរៈ អាយុ១១ឆ្នាំ នៅមណ្ឌលសំចត  @UNICEF Cambodia/2020/
ថតដោយ ស៊ា សុឃន់

អរគុណចំពោះមណ្ឌលសំចត និងបុគ្គលិកសង្គម នៅផ្ទះ វីរៈចាប់ផ្តើមមានឥរិយាបថវិជ្ជមាន គាត់យកចិត្តទុកដាក់ជួយកិច្ចការ ស្តាប់ដំបូន្មានឪពុកម្តាយចាស់ទុំ។ ជីដូនរបស់គាត់ លោកយាយយ៉ុង អាយុ៦០ឆ្នាំ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរបស់ចៅគាត់។ ឥឡូវនេះ វីរៈធ្វើឱ្យគ្រួសារមានមោទនភាពយ៉ាខ្លាំង។ លោកយាយយ៉ុងនិយាយថា៖“កាលពីមុនចៅខ្ញុំមិនចង់ទៅសាលារៀនទេ ប៉ុន្តែក្រោយពីទៅមណ្ឌលហ្នឹងមក ចៅខ្ញុំក្លាហាន ហើយទៅសាលារៀនរហូត”។​​ លោកយាយបន្ថែមទៀតថា វីរៈចេះជួយបង្រៀនប្រុសស្រី។ ប្រសិនបើមានចំណុចណាមិនយល់ វីរៈយកទៅសួរឪពុករបស់គាត់ ឬទៅសួរគ្រូដែលមកពីអង្គការមិត្តសំឡាញ់នៅថ្ងៃបន្ទាប់។​

កុមារា ឈន វីរៈ អាយុ១១ឆ្នាំ នៅមណ្ឌលសំចត  @UNICEF Cambodia/2020/ ថតដោយ ស៊ា សុឃន់

 

ដោយសារតែជំងឺកូវី១៩ វីរៈមិនបានទៅសាលារៀនទេ។ វីរៈនៅផ្ទះដូចកុមារ និងក្រុមគ្រួសារជាច្រើន​​តាមសហគមនៅក្នុងទីក្រុងដែរ។ នៅក្នុងគ្រារដ៏លំបាកនេះ មណ្ឌលសំចតនៅបើកផ្តល់សេវាបម្រើកុមារដែលងាយរងគ្រោះ ដោយអនុវត្តតាមវិធានការបង្ការ និងការពារកុមារពីការចម្លង ផ្តល់ការគាំទ្រដល់កុមារតាមរយៈការសិក្សាពីចម្ងាយ ខណៈដែលសិស្សានុសិស្សមិនអាចទៅសាលារៀនបាន។​

ប៉ុន្តែការបិទសាលាអាចបង្កហានិភ័យខ្លះដែរ លោក ម៉ក រិទ្ធីនិយាយថា៖ “កុមារ និងគ្រួសារដែលរស់នៅតាមតំបន់ក្រីក្រក្នុងទីក្រុង តែងប្រឈមមុខនឹងគ្រឿងញៀន និងប្រព្រឹត្តឧក្រិដ្ឋខុសច្បាប់ផ្សេងៗ”។​ កុមារដែលបានមកមណ្ឌលសំចត់ តែងទទួលបានការបណ្តុះបណ្តាលលើផ្នត់គំនិត និងជំនាញជីវិត ដែលអាចជួយពួកគេឱ្យជៀសផុតពីហានិភ័យ និងមានសុវត្ថិភាព។

ជាមួយនឹងបទពិសោធន៍ធ្វើការនៅក្នុងសហគមន៍ជាង២២ឆ្នាំ​ លោក រិទ្ធី មានចំណេះ និងជំនាញ អាចជួយកុមារផ្សេងៗជាច្រើន។ ការកសាងទំនាក់ទំនងល្អ បង្កើនទំនុកចិត្តពីកុមារគឺជាការងារចំបងរបស់គាត់ជារៀងរាល់ថ្ងៃ។ លោក រិទ្ធី ស្រឡាញ់ការងារបសគាត់ ហើយគាត់មានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលគាត់ធ្វើ។ លោក រិទ្ធីបានមានប្រសាសន៍ថា៖ “កុមារកើតមកអាចខុសគ្នា ក្នុងគ្រួសារមាន ឬ ក្រ ប៉ុន្តែពួកគេសុទ្ធតែមានសក្តានុពល អាចក្លាយជាសិស្សពូកែ និងមានអានាគតល្អ ប្រសិនបើយើងបង្រៀនពួកគេបានត្រឹមត្រូវនោះ”។​

 

កុមារា ឈន វីរៈ អាយុ១១ឆ្នាំ អង្គុយសំលឹងទៅខ្សែរថភ្លើងនៅលើផ្លូវដែក @UNICEF Cambodia/2020/ ថតដោយ ស៊ា សុឃន់​​

ក្រោមកម្មវិធីភាពជាដៃគូដើម្បីការពារកុមារ (3PC) ដែលដឹកនាំដោយអង្គការមិត្តអន្តរជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការយូនីសេហ្វ បានបង្កើតមណ្ឌលសំចតសម្រាប់កុមារចំនួន ៣ កន្លែង នៅរាជធានីភ្នំពេញ និងបានដំណើរការដោយអង្គការមិត្តសំឡាញ់ ដែលជាដៃគូរបស់កម្មវិធីភាពជាដៃគូដើម្បីការពារកុមារ (3PC)។​ មណ្ឌលសំចត់ទាំងនោះ ផ្តល់នូវសេវាការពារកុមារ និងគាំទ្រឪពុកម្តាយ និងជាទីកន្លែងផ្តល់ការបញ្ចូនទៅរកសេវាផ្សេងផងដែរ។

កុមារ និងយុវជនសរុបចំនួន៧២៧ នាក់ (ក្នុងនោះមានស្រី ៤៤២ នាក់) បានទៅដល់តាមរយៈមណ្ឌលសំចត។ ក្នុងចំណោមនោះ មានកុមារ និងយុវជនចំនួន ៤៦៧ នាក់ (ក្នុងនោះមានស្រី ២៦០ នាក់) បានទទួលអត្ថប្រយោជន៍ពីសេវាបញ្ជូនទៅរកកិច្ចការពារកុមារផ្សេងៗ ដូចជា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលអាទទួលបានការងារធ្វើ ការប្រកបមុខរបដោយខ្លួនឯង ឬ ការគាំទ្រការអប់រំ ដើម្បីនៅតែបន្តការសិក្សា។ សមិទ្ធិផលនេះ អាចកើតឡើង ដោយសារមានការចូលរួមវិភាគទានយ៉ាងច្រើនពីគណៈកម្មាធិការអាល្លឺម៉ង់តាមរយៈអង្គការយូនីសេហ្វ។


 

 

 

 

 

 

Battambang
Siem Reap
Preah Sihanouk
Kandal
Phnom Penh