ខេត្តបាត់ដំបង ខែកក្កដា ឆ្នាំ២០១៩ លោក វិត សៅឡូយ អាយុ៣៦ និងភិរិយារបស់គាត់អ្នកស្រី យ៉ៃ ចន្រ្ទា អាយុ៣៥ ញញឹមរស់រាយរាក់ទាក់ស្វាគមន៍ភ្ញៀវដែលមកដល់ផ្ទះរបស់ពួកគាត់។ គូស្វាមីភរិយានេះ រស់នៅយ៉ាងរីករាយ ជាមួយកូនស្រីអាយុ៥ឆ្នាំ និងកូនតូច នៅក្នុងលំនៅក្នុងផ្ទះឈើមួយ នៅក្នុងឃុំបាយដំរាំ ស្រុកបាណន។ រីឯកូនស្រីពួកគេ ឈ្មោះ ឡូយ ស្រីសរ ស្រឡាញ់ចូលចិត្តសាលារៀនមតេយ្យ ដែលសិ្ថតនៅក្នុងសហគមន៍នេះខ្លាំងណាស់ដែរ។
លោក វិត សៅឡូយ (រូបខាងឆ្វេងដៃ) និងអ្នកស្រី យ៉ៃ ចន្រ្ទា (រូបខាងស្តាំ)ជាមួយកូនស្រី និងទារកូនតូចរបស់ពួកគេ © ICS-SP/UNICEF Cambodia/2020
សៅឡយ ប្រកបមុខរបជាជាងសំណង់នៅឃុំស្រុករបស់គាត់ បន្ទាប់ពីទំនេរពីការងារស្រែចម្ការ។ រីឯចន្រ្ទាភរិយាវិញ ក្រៅតែការងារមេផ្ទះ គាត់ប្រកបរបដំាដំណាំនៅជុំវិញផ្ទះគ្រាន់នឹងរកចំណូលបន្ថែមទៀត។
សៅឡយ និងចន្រ្ទា ត្រូវបានឪពុកម្តាយទាំងសងខាង បានផ្សំផ្គំឱ្យរៀបអាពាហ៍ពិពាហ៍ ដូចគ្នានឹងបណ្តាគូស្វាមីភរិយាជាច្រើននៅជនបទផងដែរ។ ពួកគេបានទទួលការប្រដៅណែនាំពីចាស់ទុំ ឪពុកម្តាយ និងជីដូនជីតា ឱ្យចេះរស់នៅជាមួយគ្នាជាគូស្រក ប៉ុន្តែពួកគេមិនដែលបានរៀនពីការចិញ្ចឹមបីបាច់ថែទាំកូនចៅនោះទេ។
ដូច្នេះ សៅឡយ និងចន្រ្ទា មិនបានយល់ដឹងពីរបៀបចិញ្ចឹមបីបាច់កូនបែបវិជ្ជមាននោះឡើយ។ ពួកគេចិញ្ចឹមកូនតាមទម្លាប់តៗគ្នា ឧទាហរណ៍បុរសចូលចិត្តប្រើហិង្សានៅក្នុងក្រុមគ្រួសារ វាយដំប្រពន្ធកូននៅពេលខ្លួនខឹងជាដើម។
វិត សៅឡយ មិនបានយល់ដឹងពីសិទ្ធកុមារ ឧទាហរណ៍ដូចជាសិទ្ធិមនុស្ស ដែលកុមារគ្រប់រូបត្រូវទទួលបានការថែទាំ និងគាំទ្រជាដើម។ គាត់មិនបាននាំកូនទៅមណ្ឌលសុខភាព នៅពេលណាពួកគេឈឺនោះទេ។
ចន្ទ្រានិយាយប្រាប់ថា៖ “កាលពីមុន ប្តីខ្ញុំមិនដឹងពីរបៀបថែទាំកូនទេ។ ពេលណាគាត់ប្រដៅកូនម្តងៗ កូនមិនធ្វើតាមបង្គាប់ទេ ហើយគាត់តែងតែវាយធ្វើបាបកូន”។
ឥរិយាបថរំលោភបំពាន់របស់សៅឡយ បានបង្ករជាទំនាស់យ៉ាងខ្លាំងនៅក្នុងក្រុមគ្រួសារ ដែលធ្វើឱ្យគូស្រករនេះស្ទើរតែបែកបាក់គ្នាទៀតផង។
ចន្ទ្រា បានបន្តឱ្យដឹងទៀតថា៖ “ខ្ញុំអាណិតកូនស្រីខ្លាំងណាស់។ ប្តីខ្ញុំប្រគល់ការថែទាំកូនលើខ្ញុំទាំងស្រុង ហើយកាលនោះ ខ្ញុំមិនបានយល់ដឹងពីរបៀបថែទាំកូនទេ។ ខ្ញុំគ្រាន់តែធ្វើតាមទម្លាប់តែប៉ុណ្ណោះ”។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ គ្រួសាររបស់សៅ ឡយ និងចន្រ្ទា ត្រូវមេភូមិ និងគណៈកម្មការស្រ្តី និងកុមារឃុំ បានអញ្ជើញឱ្យទៅចូលរៀនកម្មវិធីចិញ្ចឹមកូនបែបវិជ្ជមាន ក្រុមឪពុកម្តាយនៅក្នុងសហគមន៍។ សៅ ឡយ និងចន្រ្ទា បានចូលរៀនគ្រប់ទាំង១២វគ្គ ដែលរៀបចំដោយមន្រ្តីសង្គមកិច្ចស្រុក និងបុគ្គលិកអង្គការ៖ ICS-SP ។
តាំងពីឆ្នាំ២០១៧មក ក្រសួងកិច្ចការនារី បានអនុវត្តកម្មវិធីចិញ្ចឹមកូនបែបវិជ្ជមាននៅក្នុងខេត្តចំនួនបួន ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ។
សៅឡយ និងចន្រ្ទា បានរៀនសូត្រពីរបៀបចិញ្ចឹមកូនបែបវិជ្ជាមាន ដោយបានស្តាប់ពីគ្រូសម្របសម្រួល និងឪពុកម្តាយផ្សេងទៀតជាច្រើនផងដែរ។
យ៉ៃ ចន្រ្ទា និងកូនតូចរបស់គាត់ ពេលចូលរៀនវគ្គការចិញ្ចឹមកូនបែបវិជ្ជមាន ©ICS-SP/UNICEF Cambodia/2020
កម្មវិធីបណ្តុះបណ្តាលចិញ្ចឹមកូនបែបវិជ្ជមាន បានបើភ្នែករបស់សៅឡយ ធ្វើឱ្យគាត់យល់ដឹង និងសោកស្តាយនៅទង្វើដែលគាត់ធ្លាប់បានធ្វើចំពោះកូនរបស់គាត់ខ្លាំងណាស់។ សៅឡយបាននិយាយថា៖ “ខ្ញុំធ្លាប់បានធ្វើខុសច្រើនលើកូន និងប្រពន្ធខ្ញុំ”។ ពេលគាត់រៀនចប់មេរៀននីមួយៗ គាត់បានយល់ដឹងអំពីផលប៉ះពាល់នៃការប្រដៅកូនដោយហិង្សា និងដាក់ទារុណ្ឌកម្មលើកូន។
ចាប់តាំពីគាត់បានចូលរួមជាមួយវគ្គការចិញ្ចឹមកូនបែបវិជ្ជមានមក សៅឡយ ឈប់ប្រព្រឹត្តហិង្សានៅក្នុងគ្រួសារទៀតហើយ។ គាត់បានប្តេជ្ញាមើលថែទាំកូនប្រពន្ធរបស់គាត់ ជាពិសេសកូនស្រីតូចរបស់គាត់ នៅពេលណាកូនគាត់ឈឺ គាត់ប្រញ៉ាប់យកកូនទៅមណ្ឌលសុខភាពភ្លាម។
ចន្ទ្រាសប្បាយរីករាយខ្លាំងណាស់ ពេលដែលប្តីរបស់គាត់បានផ្លាស់ប្តូរ និងចេះនិយាយពាក្យពេចន៍ផ្អែមល្ហែម កោតសរសើរ និងជំរុញលើកទឹកចិត្តកូនៗ។
សៅឡយ និយាយថា៖ “ពេលរៀនចប់វគ្គនេះ ខ្ញុំបានយល់ថាកូនខ្ញុំនឹងស្តាប់បង្គាប់ ប្រសិនបើខ្ញុំចេះនិយាយ និងស្តាប់កូនដោយយកចិត្តទុកដាក់”។ សៅឡយបានរៀនសូត្រយ៉ាងច្រើនពីរបៀបគ្រប់គ្រងកំហឹង ចេះប្រើប្រាស់នូវពាក្យពេចន៍វិជ្ជមាន ពេលនិយាយស្តីជាមួយកូន ហើយទំនាក់ទំនងជាមួយប្រពន្ធរបស់គាត់ក៏ល្អប្រសើរជាងមុនផងដែរ។
ហិង្សាគ្រួសារបានចប់ ទំនាក់ទំនងគូស្រករក៏ល្អប្រសើរឡើង។ សៅឡយ និងចន្រ្ទាចាប់ផ្តើមយល់ចិត្ត យល់ថ្លើមគ្នា។ ពួកគេនិយាយជាមួយគ្នាដោយបើកចំហរ និងជជែកគ្នាដោយជឿជាក់។ កូនស្រីរបស់ពួកគេក៏ចាប់ផ្តើមចេះស្តាប់បង្គាប់ នាងហ៊ានលេងជាមួយឪពុករបស់នាង ដោយមិនខ្លាចដូចមុនទៀត។ ទំនាក់ទំនងប្តីប្រពន្ធ និងកូនៗ រឹតតែមានភាពល្អល្អុកល្អើន និងផ្អែមល្ហែម។
សៅឡយ និងចន្រ្ទា មិនដែលខកខានទៅចូលរួមវគ្គការចិញ្ចឹមកូនបែបវិជ្ជមានម្តងណាឡើយ ទោះបីជាពួកគេជាប់រវល់យ៉ាងណាក៏ដោយ។ ពួកគេចាប់ផ្តើមចែករំលែកទៅដល់ឪពុកម្តាយផ្សេងទៀត នូវអ្វីដែលពួកគេបានរៀន ជាពិសេសជាមួយក្រុមឪពុក និងបានជំរុញលើកទឹកចិត្តឱ្យក្រុមឪពុកទាំងនោះ មកចូលរួមវគ្គការចិញ្ចឹមកូនបែបវិជ្ជមាន។
គូស្រករនេះនៅតែបន្តស្វែងយល់អំពីសិទ្ធិកុមារ និងការកាត់បន្ថយហិង្សាលើកុមារ ហើយពួកគេបានព្យាយាមបញ្ចុះបញ្ចូលអ្នកភូមិឱ្យមកចូលរួមវគ្គការចិញ្ចឹមកូនបែបវិជ្ជាមាន។ ពួកគេក៏បានជួយពន្យល់ដល់ឪពុកម្តាយណាដែលខកខានមិនចូលរួមនៅមេរៀនខ្លះនៃវគ្គការចិញ្ចឹមកូនបែបវិជ្ជមាន។ ទាំងសៅឡយ និងចន្រ្ទាសុទ្ធតែស្នើសុំឱ្យពង្រីកកម្មវិធីចិញ្ចឹមកូនបែបវិជ្ជាមាននៅទូទាំងខេត្តទៀតផង។
រឿងរ៉ាវរបស់សៅឡយ និងចន្រ្ទា ជាឧទាហរណ៍មួយ ដែលកម្មវិធីចិញ្ចឹមកូនបែបវិជ្ជមានបានជួយដល់ឪពុកម្តាយ និងអាណាព្យាបាលនៅតាមតំបន់ជនបទក្នុងការចិញ្ចឹមថែទាំកូន ឱ្យមានទំនាក់ទំនងសិ្នទ្ធស្នាល និងបង្កើតនូវបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់កូនៗ។
ក្រសួងកិច្ចការនារី បានបង្កើតកម្មវិធីការចិញ្ចឹមកូនបែបវិជ្ជមាន រួមនឹងកញ្ចប់សម្ភារៈជាច្រើន សម្រាប់ក្រុមឪពុកម្តាយផ្សេងៗគ្នា។ កញ្ចប់សម្ភារៈទាំងអស់នោះបានប្រើប្រាស់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមកូនបែបវិជ្ជមាន បង្កើនចំណេះដឹងរបស់ឪពុកម្តាយ និងជួយពួកគេឱ្យផ្លាស់ប្តូរទម្លាប់។
អង្គការយូនីសេហ្វ បានផ្តល់ការគាំទ្របច្ចេកទេស និងថវិកាដល់ក្រសួង និងដៃគូនានា ក្នុងការអនុវត្តសកម្មភាព ដូច្នេះ ពួកគេអាចផ្តល់ការសម្របសម្រួល និងគាំទ្រដល់ក្រុមឪពុកម្តាយ និងអាណាព្យាបាលប្រកបដោយគុណភាពខ្ពស់។
ចាប់តាំពីឆ្នាំ២០១៨មក អង្គការ ICS-SP បានអនុវត្តកម្មវិធីការចិញ្ចឹមកូនបែបវិជ្ជមាននៅតាមសហគមន៍ និងបណ្តុះបណ្តាល់ឪពុកម្តាយ និងអាណាព្យាបាលចំនួន ៥៦៥៦នាក់ និងកុមារចំនួន១៧៨៧៦នាក់។ សមិទ្ធផលដ៏ធំធេងនេះ អាចកើតមានបានដោយសារទទួលគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)។