នៅក្នុងស្ថានភាពប្រក្រតី កុមារនៅកន្លែងថែទាំកុមារមានភាពងាយរងគ្រោះរួចទៅហើយ ដូច្នេះ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ពួកគេកាន់តែងាយរងគ្រោះជាងមុន។ បន្ថែមលើបញ្ហាប្រឈមដែលមានស្រាប់របស់ពួកគេទាក់ទងនឹងកង្វះការថែទាំពីគ្រួសារនៅពេលនេះ កុមារទាំងនេះកំពុងប្រឈមមុខនឹងស្ថានភាពថ្មីមួយ ដែលគ្មានភាពប្រាកដប្រជា។
ដូចកុមារដទៃទៀតនៅក្នុងអំឡុងពេលនេះដែរ ពួកគេមិនអាចទៅសាលារៀនដែលស្ថិតនៅក្រៅបរិវេណរបស់ពួកគេ លេងកំសាន្តដោយសេរីដូចពួកគេអាចលេងជាមួយមិត្តភក្តិរបស់ពួកគេកាលពីមុន និងត្រូវនៅក្នុងផ្ទះគ្រប់ពេល។ អ្វីដែលពួកគេអាចសួរ គឺតើពេលណាទើបស្ថានភាពនេះនឹង បញ្ចប់ ហើយគ្មានអ្នកណាម្នាក់ដឹងចម្លើយឡើយ។
កុមារនៅបុរីកុមារកំព្រាបាត់ដំបង II បានចូលរួមនៅក្នុងវគ្គសិក្សាបន្តអំពីការយល់ដឹង និងការអនុវត្តទាក់ទងនឹងជំងឺកូវីដ ១៩ ដែលរៀបចំដោយបុគ្គលិកសង្គមមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
នៅប្រទេសកម្ពុជា កុមារចំនួន ៩.៣៨៣នាក់ កំពុងរស់នៅក្នុងកន្លែងថែទាំកុមារ និងកុមារចំនួន ១.៤៦៩នាក់ ផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការសមាហរណកម្មទៅកាន់គ្រួសារ និង សហគមន៍ វិញ។ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ ពួកគេត្រូវការការគាំទ្រច្រើនជាងពេលណាៗទាំងអស់ រួមទាំងការគាំទ្រលើការអប់រំ ការលេងកំសាន្ត និងសុខភាពផ្លូវចិត្ត។
នៅពេលបច្ចុប្បន្ន បុគ្គលិកសង្គម អ្នកថែទាំ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលកំពុងបង្កើនសេវារបស់ពួកគេជាមួយនឹងចំណេះដឹង និងធនធាន ដើម្បីធ្វើឱ្យកុមារបន្តទទួលបានព័ត៌មាន និងមានសុវត្ថិភាព។ ពួកគេផ្ដល់សម្ភារអនាម័យ រៀបចំវគ្គសិក្សា ពង្រឹងការអនុវត្តវិធានការប្រុងប្រយ័ត្នជាមុន និងផ្ដល់ការពិគ្រោះយោបល់ផ្លូវចិត្ត។
បុគ្គលិកសុខភាពមកពីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយឈ្មោះថា អង្គការទំនុកចិត្តកុមារកម្ពុជា (CCT) នៅខេត្តបាត់ដំបង បានរៀបចំវគ្គសិក្សាមួយ សម្រាប់កុមារ និងអ្នកថែទាំរបស់ពួកគេអំពីការបង្ការជំងឺកូវីដ ១៩។ គោលបំណងនៃវគ្គនេះ គឺដើម្បីធ្វើឱ្យកុមារយល់ និងការពារខ្លួនពួកគេ។
សម្រាប់រយៈពេលពីរខែចុងក្រោយនេះ បុគ្គលិកសុខភាពបាន និងកំពុងប្រាប់កុមារ និងអ្នកថែទាំរបស់ពួកគេអំពីសារដូចៗគ្នា ពោលគឺការលាងដៃជាមួយនឹងទឹកស្អាត សាប៊ូ ឬជែលអាល់កុល ការខ្ទប់ច្រមុះ និងមាត់ជាមួយក្រដាសជូតមាត់ ឬកែងដៃ នៅពេលក្អក ឬកណ្ដាស់ ការពាក់ម៉ាស និងការរក្សាគម្លាតពីរម៉ែត្រពីអ្នកដទៃ។
ស៊ុន ស្រួយ ដែលជាបុគ្គលិកសង្គមនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បានពិនិត្យការយល់ដឹងរបស់កុមារអំពីវិធានការការពារពីជំងឺកូវីដ ១៩ នៅក្នុងវគ្គសិក្សាតាមដានបន្តនៅក្នុងបុរីកុមារកំព្រាបាត់ដំបង II។
នៅចុងបញ្ចប់នៃវគ្គសិក្សានីមួយៗ កុមារបង្ហាញអំពីការរៀនសូត្ររបស់ពួកគេ តាមរយៈការបង្ហាញអំពីរបៀប ដែលពួកគេអនុវត្តទម្លាប់ដែលផ្តល់នូវសុខភាពល្អ ដូចជា ការលាងសម្អាតដៃ។
យុវវ័យពីរនាក់នៅក្នុងបុរីកុមារកំព្រាបាត់ដំបង II បានបង្ហាញដល់បុគ្គលិកសង្គម និងមិត្តភក្តិរបស់ពួកគេអំពីជំហានដ៏ត្រឹមត្រូវក្នុងការលាងដៃ ជាវិធីសាមញ្ញ ប៉ុន្តែជាបច្ចេកទេសប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការការឆ្លង និងការរីករាលដាលនៃមេរោគ ដូចជា ជំងឺកូវីដ ១៩។
មិនត្រឹមតែកន្លែងថែទាំកុមារប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលិកសង្គមក៏ត្រូវការធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីផ្ដល់ព័ត៌មានដល់កុមារ និងឪពុកម្ដាយ អំពីកម្មវិធីថែទាំដោយឪពុកម្ដាយធម៌ ឬកម្មវិធីថែទាំតាមផ្ទះរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផងដែរ។ គម្រោងថែទាំជំនួស គាំទ្រដល់ឪពុកម្ដាយធម៌ ឬ អ្នកអាណាព្យាបាល ក្នុងការចិញ្ចឹមកុមារនៅក្នុងបរិយាកាសគ្រួសារ។
លោកស្រី ឡុង សារ៉ាន់ ដែលជាមន្រ្តីគម្រោងនៃអង្គការកុមាររីករាយកម្ពុជានៅខេត្តបាត់ដំបង បានរៀបចំវគ្គសិក្សាមួយសម្រាប់កុមារចំនួនប្រាំនាក់ ដែលកំពុងរស់នៅក្នុងគ្រួសារធម៌។
លោកស្រី សារ៉ាន់ ជាមន្ត្រីគម្រោងនៃគម្រោងថែទាំជំនួសតាមសហគមន៍នៃអង្គការសមាគមកុមាររីករាយបាននិយាយថា “ខ្ញុំត្រូវនិយាយយ៉ាងច្រើន និងនិយាយជាច្រើនដង ដើម្បីឱ្យកុមារយល់។ ខ្ញុំមិនអាចបញ្ចប់នៅត្រឹមប៉ុណ្ណឹងទេ ប៉ុន្តែខ្ញុំត្រូវផ្ដល់ឱកាសឱ្យពួកគេអនុវត្ត។ បន្ទាប់មក ខ្ញុំត្រូវវិលត្រលប់មកវិញនៅពេលក្រោយ ដើម្បីពិនិត្យមើលថា តើពួកគេពិតជាអនុវត្តវិធីទាំងនេះដែរឬទេ។ ហើយវិធីនេះក៏អនុវត្តចំពោះឪពុកម្ដាយធម៌ផងដែរ”។
កុមារម្នាក់អនុវត្តលាងសម្អាតដៃជាមួយនឹងអាល់កុលសម្លាប់មេរោគក្នុងអំឡុងពេលវគ្គសិក្សានៅផ្ទះថែទាំកុមារតាមគ្រួសារ ដែលរៀបចំឡើងដោយអង្គការទំនុកចិត្តកុមារកម្ពុជា (CCT) នៅខេត្តបាត់ដំបង។
ជាធម្មតា កម្មវិធីចិញ្ចឹមកូនបែបវិជ្ជមាននៅក្នុងភូមិនានាផ្ដល់ការទប់ស្កាត់អំពើហិង្សា ដែលឪពុកម្ដាយ និងអ្នកថែទាំបានប្រព្រឹត្ត ប៉ុន្តែនៅពេលបច្ចុប្បន្ន កម្មវិធីទាំងនេះក៏បញ្ចូលនូវវិធានការពារពីជំងឺកូវីដ ១៩ ផងដែរ។
ម្ដាយម្នាក់បង្ហាញអំពីរបៀប ដែលគាត់ខ្ទប់មាត់របស់គាត់ជាមួយនឹងកែងដៃ នៅពេលកណ្ដាស់ នៅអំឡុងពេលនៃវគ្គសិក្សា សម្រាប់ឪពុកម្ដាយ ដែលរៀបចំឡើងដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយឈ្មោះថា អង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គម (ICS-SP) នៅខេត្តបាត់ដំបង។
ឪពុកម្ដាយរៀនអំពីរាល់បច្ចេកទេសចាំបាច់ទាំងអស់ និងបង្រៀនបន្តដល់កូនៗរបស់ពួកគេនៅផ្ទះ។ ពួកគេក៏ទទួលបានសម្ភារអនាម័យ រួមមានសាប៊ូ ម៉ាស់ និងទឹកអាល់កុលលាងដៃសម្លាប់មេរោគ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេផងដែរ។
ម្ដាយម្នាក់អនុវត្តពាក់ម៉ាសឱ្យកូនស្រីរបស់គាត់ បន្ទាប់ពីគាត់បានរៀនពីបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។
អង្គការយូនីសេហ្វធ្វើឱ្យការខិតខំប្រឹងប្រែងរបស់បុគ្គលិកសង្គម និងអង្គការមិនមែនរដ្ឋាភិបាលអាចអនុវត្តទៅតាមបាន តាមរយៈការបន្តគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ) និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូ។ គោលបំណងសំខាន់ គឺដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ ១៩ លើកុមារងាយរងគ្រោះ។
បុគ្គលិកអង្គការយូនីសេហ្វបាននិយាយជាមួយកុមារ ដើម្បីពិនិត្យរកបញ្ហាប្រឈមនានារបស់កុមារងាយរងគ្រោះនៅកន្លែងថែទាំកុមារ និងការគាំទ្រដែលពួកគេត្រូវការ។
គិតត្រឹមពេលសរសេរអត្ថបទនេះ ប្រទេសកម្ពុជាបានរាយការណ៍ឱ្យដឹងថា មានមនុស្សចំនួន ១២២នាក់បានឆ្លងជំងឺកូវីដ ១៩ និងបានជាសះស្បើយទាំងអស់។ ចាប់តាំងពីរកឃើញករណីដំបូង និងដោយមានការរួមវិភាគទានពី USAID និងរដ្ឋាភិបាលជប៉ុន អង្គការយូនីសេហ្វបានគាំទ្រក្រសួងសុខាភិបាលក្នុងការដឹកនាំធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីគ្រោះអាសន្ន និងយុទ្ធនាការជម្រុញឱ្យមានការចូលរួមរបស់សហគមន៍នៅទូទាំងប្រទេស។ ប្រជាជនកម្ពុជាចំនួនជាង ១០លាននាក់នៅក្នុងចំណោមប្រជាជនកម្ពុជា ១៦លាននាក់ បានទទួលផលពីសកម្មភាពទាំងនេះ។