ការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់ - គ្រួសាររឹងមាំ

កុមារគ្រប់រូបមានសិទ្ធិរស់នៅជាមួយគ្រួសារ។

បច្ចុប្បន្ន ប្រទេសកម្ពុជាមានកុមារអាយុក្រោម ១៨ឆ្នាំ ជាង១៦០០០ នាក់ មិនបានរស់នៅជាមួយឪពុក ឬម្ដាយបង្កើតរបស់ខ្លួនឡើយ។ កុមារទាំងនេះ កំពុងរស់នៅក្នុង “ការថែទាំជំនួស” នៅតាមមណ្ឌលកុមារកំព្រា មណ្ឌលថែទាំតាមវត្តអារាម ការថែទាំដោយឪពុកម្ដាយធម៌ ឬផ្ទះស្នាក់នៅជាក្រុមជាដើម។

ជាញឹកញ៉ាប់ កុមារមួយចំនួន ពុំបានរស់នៅផ្ទះរបស់ខ្លួនទេ ហើយជម្រើសតែមួយគត់ គឺការបំបែកចេញពីគ្រួសារ។ នេះ អាចដោយសារតែជីវិតគ្រួសាររបស់ពួកគេ មានហិង្សាធ្ងន់ធ្ងរ ឪពុកម្ដាយរបស់ពួកគេ ប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន បង្ក​គ្រោះថា្នក់ចំពោះកុមារ ឬអាចដោយសារតែពួកគេជាក្មេងកំព្រា ពុំមានបងប្អូនសាច់ញាតិថែទាំពួកគេជាដើម។ ប៉ុន្តែ បើមានការគាំទ្រ និងជ្រោមជ្រែងត្រឹមត្រូវ គ្រួសារភាគច្រើន អាចរស់នៅជាមួយគ្នា ហើយកុមារអាចរស់នៅផ្ទះរបស់ខ្លួនបាន។ កុមារគ្រប់រូបមានសិទ្ធិធំលូតលាស់ ក្នុងបរិយាកាសគ្រួសារ ដែលនេះជាគោលការណ៍មួយ មានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមារ។ យុទ្ធសាស្ត្រ Cambodia PROTECT មានគោលបំណង ជួយប្រជាជនឱ្យយល់ដឹងថា ការបំបែកកុមារពីគ្រួសារគឺជាការពុំចាំបាច់ និងអាចជៀសវាងបាន។

ការសិក្សាជាច្រើនបង្ហាញឱ្យឃើញថា ភាពក្រីក្រ និងកង្វះការអប់រំ ជាកត្តាជំរុញឱ្យឪពុកម្ដាយយកកូនរបស់ខ្លួនទៅដាក់ក្នុងមណ្ឌលថែទាំ។ ឪពុកម្ដាយក្រីក្រតែងតែមានជំនឿថា មណ្ឌលថែទាំ អាច​ផ្ដល់​ការ​អប់រំ​ ផ្ដល់កន្លែង​ស្នាក់​នៅ និងផ្ដល់អាហារបីពេលក្នុងមួយថ្ងៃដល់​កូន​របស់​ខ្លួន។ ប៉ុន្ដែ ការធំឡើងក្នុងមណ្ឌលថែទាំ គឺត្រូវបានដឹងច្បាស់ថា មានផលប៉ះពាល់ខ្លាំងលើផ្នែកសុខភាព ស្មារតី ផ្លូវចិត្ត និងផ្លូវកាយរបស់កុមារ។ ក្នុងករណីធ្ងន់ធ្ងរបំផុត ការថែទាំក្នុងមណ្ឌល អាចនាំឱ្យកុមាររងនូវការរំលោភបំពាន និងកេងប្រវ័ញ្ចទៀត​ផង។

ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន និង​យុវនីតិសម្បទា (អ.ស.យ) បានបង្កើនខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ឱ្យ​ធ្លាក់​ ឬ​ថយ​ចុះ នូវនិន្នាការ ដែលយកកុមារទៅថែទាំជំនួស ដ៏គួរឱ្យព្រួយបារម្ភនេះ។ ក្នុងឆ្នាំ ២០១៥ ក្រសួង​ អ.ស.យ បានចងក្រឯកសារកំណត់ទីតាំងកន្លែងថែទាំកុមារ នៅក្នុងរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា និងកត់ត្រាចំនួនកុមារដែលកំពុងស្នាក់នៅ។ ឯកសារនេះ បានផ្តល់ជាមូលដ្ឋានគ្រឹះនៃការកសាងផែនការសកម្មភាព ដើម្បីលើកកម្ពស់ការថែទាំកុមារ (២០១៦ – ២០១៨) ហើយផែនការនេះក៏ត្រូវបានពន្យារហូតដល់ឆ្នាំ២០១៩ផងដែរ។

គោលការណ៍គ្រឹះពីរសម្រាប់ពង្រឹងកិច្ចការពារកុមារ គឺ៖ “ឧត្តមប្រយោជន៍របស់កុមារ” និង “ការមិនបង្កគ្រោះថ្នាក់”។ កម្មវិធីការថែទាំជំនួស គួរតែគោរពតាមគោលការណ៍ពីរ ដែលមានទិសដៅបង្ការការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់ (គោលការណ៍ភាពចាំបាច់) ហើយក្នុងករណីមិនអាចជៀសវាងបាន ពួកគេត្រូវធានាឱ្យមានការថែទាំជំនួសដ៏ប្រសើរបំផុត (គោលការណ៍ស្ដីពីភាពសក្តិសម)។ គោលការណ៍ទាំងអស់នេះ ចាំបាច់ត្រូវតែជាមូលដ្ឋានគ្រឹះរាល់ការសម្រេចចិត្តដែលពាក់ព័ន្ធជាមួយកុមារ ជាពិសេស ការសម្រេចចិត្តអំពីថា តើកុមារគួរទៅរស់នៅទីណា និងជាមួយនរណា។ នៅពេលបង្រួបបង្រួមកុមារជាមួយគ្រួសារ ឬធ្វើសមាហរណកម្មកុមារពីមណ្ឌលថែទាំ ឱ្យទៅក្នុងគ្រួសាររបស់ខ្លួនវិញ រាល់ការសម្រេចចិត្តទាំងអស់ ចាំបាច់ត្រូវធ្វើឡើងក្នុងឧត្តមប្រយោជន៍របស់កុមារជា​ចំបង។ សុវត្ថិភាព និងសុខុមាលភាពរបស់កុមារ ពុំអាចត្រូវបានកាត់បន្ថយនៅក្រោមស្ថានភាពណាមួយឡើយ។

https://strongfamily.mosvy.gov.kh/wp-content/uploads/2019/09/2.03.2_UNNECESSARY_FAMILY_SEPERATION_BLUE_OVERLAY_1.png

តើអ្វីជាការបំបែក

កុមារពីគ្រួសារដោយមិនចាំបាច់?

ការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់ គឺជាការទុកដាក់កុមារក្នុងការថែទាំជំនួស (មណ្ឌលថែទាំកុមារ វត្តអារាម ដែលមានលក្ខណៈជាមណ្ឌលថែទាំ ឬផ្ទះរស់នៅជាក្រុម) ដែលមិនបានពិនិត្យឲ្យអស់លទ្ធភាព នូវមធ្យោបាយសម្រាប់ថែទាំនៅក្នុងគ្រួសារ។ ភាពក្រីក្រ គឺជាកត្តាជំរុញដ៏ខ្លាំង ដែលធ្វើឱ្យមានការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់។ គេទទួលស្គាល់ថា ការថែទាំដ៏ល្អប្រសើរបំផុតសម្រាប់កុមារ គឺពីគ្រួសាររបស់ពួកគេផ្ទាល់។ ប្រសិនបើពុំអាចធ្វើបែបនេះបានទេ ជម្រើសដ៏ល្អបំផុត គឺត្រូវឱ្យមានការថែទាំជំនួសនៅតាមគ្រួសារ៖ ការថែទាំដោយឪពុកម្ដាយធម៌ និងការថែទាំដោយសាច់ញាតិ។ ការទុកដាក់កុមារក្នុងមណ្ឌលថែទាំកុមារ គួរតែជាជម្រើសចុងក្រោយបំផុត ហើយគួរតែធ្វើឡើងក្នុងរយៈពេលខ្លី តាមដែលអាចធ្វើបាន។

https://strongfamily.mosvy.gov.kh/wp-content/uploads/2019/09/2.03.3_UNNECESSARY_FAMILY_SEPERATION_BLUE_OVERLAY_2.png

តើអ្វីខ្លះ ជាផលប៉ះពាល់នៃ

ការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់?

ការស្រាវជ្រាវបង្ហាញឱ្យឃើញថា កុមារដែលត្រូវបានចិញ្ចឹមបីបាច់ក្នុងមណ្ឌលថែទាំ អាចរងគ្រោះពីភាពយឺតយ៉ាវ ឬភាពមិនប្រក្រតីក្នុងការនិយាយ អភិវឌ្ឍខួរក្បាល និងការលូតលាស់ផ្នែករាងកាយយឺតយ៉ាវ មានអត្រាប្រឈមនឹងជំងឺខ្ពស់ មានបញ្ហាផ្នែកបុគ្គលិកលក្ខណៈ និងសុខភាពផ្លូវចិត្តមិនល្អ​។ កុមារដែលបំបែកចេញពីគ្រួសាររបស់ខ្លួន ប្រឈមហានិភ័យ នៃការរំលោភបំពាន និងការកេងប្រវ័ញ្ច។

ខេត្តបាត់ដំបង
ខេត្តសៀមរាប
ក្រុង ព្រះសីហនុ
ខេត្តកណ្ដាល
រាជធានីភ្នំពេញ