ជប៉ុនផ្តល់ថវិកាចំនួន២លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារ - គ្រួសាររឹងមាំ

ជប៉ុនផ្តល់ថវិកាចំនួន២លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារ

Rudina Vojvoda / មាស ប៊ុនលី - 6 ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។

https://strongfamily.mosvy.gov.kh/wp-content/uploads/2019/01/IMG_9777.jpeg
រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។ Photo by: Rudina Vojvoda / មាស ប៊ុនលី

រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩៖ នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។ គម្រោងថ្មីនេះមានគោលបំណងពន្លឿនចំណាត់ការ ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល កុមារកម្ពុជាងាយរងគ្រោះជាងមួយលាននាក់ នឹងទទួលបានកិច្ចការពារកាន់តែខ្លាំងពីអំពើហិង្សា។

ក្រោមកិច្ចគាំទ្រថវិកាពីជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន២លានដុល្លារអាមេរិក គម្រោងនេះនឹងជួយ​បង្កើនសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១ ពង្រីកអន្តរាគមន៍សំខាន់ៗ សាកល្បងវិធានការច្នៃប្រឌិតថ្មីៗ និងអនុវត្តក្របខ័ណ្ឌ INSPIRE ដែលជាកម្រងយុទ្ធសាស្ត្រ៧ចំណុច ដើម្បីបញ្ចប់អំពើហិង្សាលើកុមារប្រកបដោយប្រសិទ្ធភាព។

នៅប្រទេសកម្ពុជា មានកុមារជាងពាក់កណ្តាលក្នុងចំណោមកុមារទាំងអស់ បានទទួលរងអំពើហិង្សាយ៉ាងហោចណាស់ក្នុងមួយទម្រង់ មុនពេលពួកគេឈានដល់អាយុ១៨ឆ្នាំ។ បើទោះជាមានបញ្ហាធ្ងន់ធ្ងរជាច្រើនទាក់ទងនឹងកិច្ចការពារដែលកុមារបានជួបប្រទះក៏ដោយ ប្រព័ន្ធកិច្ចការពារកុមាររបស់កម្ពុជាភាគច្រើនមិនទទួលបានមូលនិធិគាំទ្រគ្រប់គ្រាន់ឡើយ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថា “ដើម្បីរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារ។ ការបង្កើតឱ្យមាននូវប្រព័ន្ធកិច្ចការពារកុមារមួយ ដែលមានការសម្របសម្រួលទូទាំងប្រទេស ព្រមជាមួយបុគ្គលិកមានជំនាញ និងសមត្ថភាព នឹងជួយដល់កុមារដែលបានទទួលរងអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន ឱ្យទទួលបានការថែទាំ និងកិច្ចគាំទ្រដែលពួកគេត្រូវការ ព្រមទាំងនឹងជួយបង្ការអំពើហិង្សានៅពេលអនាគតផងដែរ។”

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីនូជី (Hidehisa HORINOUCHI) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់ថា កិច្ចការពារកុមារគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានារបស់រដ្ឋាភិបាលជប៉ុន។

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីនូជី បានមានប្រសាសន៍ថា “ភាពចាំបាច់នៃកិច្ចការពារកុមារ ត្រូវបានបញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ រដ្ឋាភិបាលជប៉ុន គាំទ្រដល់សកម្មភាពផ្សេងៗគ្នានៃគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្រោមកិច្ចដឹកនាំរបស់នាយករដ្ឋមន្ត្រី អាបេ (Abe)។ នៅកម្ពុជា ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្សព្វផ្សាយផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១។ ដោយផ្តោតលើគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងនៅក្នុងវិស័យនេះរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងជាទឹកប្រាក់ចំនួន២២៣លានយ៉េនជប៉ុន ស្មើនឹង២លានដុល្លារអាមេរិក ជូនដល់អង្គការយូនីសេហ្វ ដើម្បីគាំទ្រដល់ក្រសួងពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពកិច្ចការពារកុមារ នៅក្នុងផែនការសកម្មភាពនេះ។ ខ្ញុំជឿថាហិរញ្ញប្បទានឥតសំណងនេះ មានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍមួយដ៏ល្អដល់ស្មារតីកុមារជាច្រើន​ ដែលពួកគេនឹងរួមចំណែកអភិវឌ្ឍអនាគតរបស់​ប្រទេសកម្ពុជា។

លោកស្រី ណាតាឆា ផាឌីសុន ប្រធានស្តីទីយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “គម្រោងនេះ នឹងបន្តពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានប្រព័ន្ធកិច្ចការពារកុមារមួយដែលដំណើរការ និងមានសម្របសម្រួលល្អ ដើម្បីអាចបង្ការ និងឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារឱ្យកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផល កុមារងាយរងគ្រោះជាង១លាននាក់ នឹងទទួលបានកិច្ចការពារកាន់តែប្រសើរពីអំពើហិង្សា តាមរយៈក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌច្បាប់ដែលល្អជាងមុន សេវាកិច្ចការពារកុមារប្រកបដោយគុណភាព និងបរិយាកាសសហគមន៍ដែលផ្តល់កិច្ចគាំទ្រ។ ក្រសួងជាច្រើន រួមមានក្រសួងសុខាភិបាល យុត្តិធម៌ មហាផ្ទៃ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រមទាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ នឹងដើរតួនាទីដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវលទ្ធផលគន្លឹះទាំងនេះ។ ការអនុវត្តគម្រោងនេះប្រកបដោយជោគជ័យ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសឈានមុខគេក្នុងតំបន់ សម្រាប់ការប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។

ខេត្តបាត់ដំបង
ខេត្តសៀមរាប
ក្រុង ព្រះសីហនុ
ខេត្តកណ្ដាល
រាជធានីភ្នំពេញ