រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩៖ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកទី២៦នៃប្រទេសជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងជាប្រទេសឈានមុខនៅក្នុងតំបន់ ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបញ្ចប់អំពើហិង្សាគ្រប់រូបភាពលើកុមារ។ ថ្ងៃនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ (GPEVAC) បញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ និងបានប្រកាសជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកប្រទេសនៃភាពដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។

ប្រទេសកម្ពុជាគឺជាប្រទេសទី៤នៅក្នុងតំបន់ ដែលបានក្លាយជាប្រទេសនាំមុខបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន និងប្រទេសម៉ុងហ្គោលី។ ការប្ដេជ្ញាចិត្តនេះធ្វើឡើងខណៈដែលកម្ពុជាកំពុងពន្លឿន កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចចក្ខុវិស័យ ប្រែក្លាយពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមការសិក្សាអង្កេតថ្នាក់ជាតិស្ដីពីអំពើហិង្សាលើកុមារនៅកម្ពុជាក្នុងឆ្នាំ២០១៣ បានបង្ហាញថាក្នុងចំណោមកុមារចំនួន២នាក់ មានម្នាក់បានទទួលរងយ៉ាងហោចណាស់មួយទម្រង់នៃអំពើហិង្សា មុនពេលពួកគេឈានដល់វ័យ១៨ឆ្នាំ[1]។ អំពើហិង្សាលើកុមារ គឺជាបញ្ហាសកលដែលបង្កផលវិបាកធ្ងន់ធ្ងរស្ទើរពេញមួយជីវិតដល់សង្គមជាតិ។ អំពើហិង្សាលើកុមារបានធ្វើឱ្យកុមារ និងគ្រួសារទទួលរងនូវការឈឺចាប់ និងអាចបង្កផលវិបាករយៈពេលវែងដូចជា ការអភិវឌ្ឍរូបរាងកាយយឺត បញ្ហាឥរិយាបថ បញ្ហាសុខភាពផ្លូវកាយ និងបញ្ហាសុខភាពផ្លូវចិត្តជាដើម។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា “ក្នុងទិសដៅឆ្លើយតបនឹងបញ្ហាអំពើហិង្សាលើកុមារ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធនានា ឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីអាចឱ្យកុមាររស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវវិធានការជាច្រើនរួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋាននានាជាច្រើនដើម្បីធានាដល់កិច្ចការពារកុមារឱ្យកាន់តែប្រសើរឡើង។”
ឯកឧត្តមក៏បានបន្ថែមទៀតថា “ស្ថិតក្នុងបរិការណ៍នេះ កម្ពុជាបានក្លាយជាប្រទេសឈានមុខក្នុងបណ្តាប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាព អំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្តល់ភ័ស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារទាំងផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្តដែលកុមារបានជួបប្រទះ និងកំពុងជួបបញ្ហាប្រឈម។ ផ្អែកលើលទ្ធផលនៃការអង្កេតនេះ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១ ត្រូវបានរៀបចំឡើង ក្នុងទិសដៅធានាដល់ការដោះស្រាយ និងមានវិធានការទាន់ពេលវេលាលើបញ្ហាអំពើហិង្សាលើកុមារគ្រប់រូបភាព ក៏ដូចជា ដើម្បីលើកកម្ពស់ការការពារ និងការអភិវឌ្ឍសិទ្ធិកុមារប្រកបដោយចីរភាព។