រាជធានីភ្នំពេញ ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០– នៅថ្ងៃនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានប្រកាសបើកយុទ្ធនាការ “គ្រួសាររឹងមាំ” ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញ ពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា ជាយុទ្ធនាការផ្សព្វផ្សាយថ្នាក់ជាតិលើកជាលើកដំបូង។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលរៀបចំឡើងដោយមានការគាំទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងមានការ ចូលរួមពីក្រសួង ស្ថាប័ន និងអង្គការដៃគូ ដែលមានគោលដៅរួមគ្នាក្នុងការលុបបំបាត់ អំពើហិង្សាលើកុមារ។ យុទ្ធនាការនេះជាការបោះជំហានទៅមុខដ៏វិជ្ជមានមួយផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បី បញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។ យុទ្ធនាការ គ្រួសាររឹងមាំ មានគោលបំណងដោះស្រាយនូវបញ្ហាសង្គម និងវប្បធម៌ ដែលធ្វើឱ្យមានអំពើហិង្សា លើកុមារនិងធ្វើឱ្យមានជំនឿថា មណ្ឌលថែទាំជាទីកន្លែងដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ។ អំពើហិង្សាគឺជាកង្វល់ដ៏ធំមួយ ដែលមានកុមារជាងពាក់កណ្តាលនៅក្នុងប្រទេស ធ្លាប់ទទួលរងអំពើហិង្សាយ៉ាងហោចណាស់ ក៏មានមួយទម្រង់ផងដែរ មុនពេលពួកគេអាយុ១៨ឆ្នាំ។ អំពើហិង្សាលើកុមារអាចជះឥទ្ធិពលអវិជ្ជមានយូរអង្វែងដល់សុខុមាលភាពកុមារក្នុងទិដ្ឋភាពផ្សេងៗ ទាក់ទងនឹងអាកប្បកិរិយា ផ្លូវចិត្ត និងរាងកាយនៅក្នុងវ័យជំទង់ និងនៅពេលពេញវ័យ។ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងអាជ្ញាធរ រាជធានី ខេត្តអាទិភាពទាំង៥ បានបង្កើត និងអនុវត្តផែនការសកម្មភាព និងផែនការប្រតិបត្តិរាជធានី ខេត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវការថែទាំកុមារ និងសមាហរណកម្មកុមារចំនួន៣០ភាគរយ ពីមណ្ឌលថែទាំកុមារទៅកាន់គ្រួសាររបស់ពួកគេវិញដោយសុវត្ថិភាពនៅត្រឹមឆ្នាំ២០១៦-២០១៨។ ជាលទ្ធផលចំនួនមណ្ឌលថែទំាកុមារត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់។ ទោះបីយ៉ាងណាក៏ដោយ នៅមានកុមារប្រមាណជា១៧០០០នាក់ កំពុងតែរស់នៅតាមមណ្ឌលថែទាំនៅឡើយនៅក្នុងឆ្នាំ២០១៨។ ខណៈពេលដែលមានភាពក្រីក្រ កង្វះខាតការទទួលបានការអប់រំ និងការគាំទ្រសុខុមាលភាពសង្គមជំរុញឱ្យក្រុមគ្រួសារមួយចំនួន បានយកកុមារទៅដាក់នៅមណ្ឌលថែទាំ។ កត្តាជំរុញមួយទៀត អាចបណ្តាលមកពីជំនឿដែលយល់ថា កុមារនឹងទទួលបានការថែទាំ និងការអប់រំល្អប្រសើរពីមណ្ឌលថែទាំផងដែរ។ ការដាក់កុមារនៅមណ្ឌលថែទាំ ធ្វើឱ្យកុមារប្រឈមមុខនឹងហានិភ័យនៃអំពើហិង្សា ការកេងប្រវ័ញ្ច និងការមិនអើពើ ដែលអាចបង្ករ ផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍកុមារ។ ដោយមើលឃើញពីសារសំខាន់ទាំងនេះ ទើបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា…
រាជធានីភ្នំពេញ ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០– នៅថ្ងៃនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានប្រកាសបើកយុទ្ធនាការ “គ្រួសាររឹងមាំ” ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញ ពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា ជាយុទ្ធនាការផ្សព្វផ្សាយថ្នាក់ជាតិលើកជាលើកដំបូង។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលរៀបចំឡើងដោយមានការគាំទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងមានការ ចូលរួមពីក្រសួង ស្ថាប័ន និងអង្គការដៃគូ ដែលមានគោលដៅរួមគ្នាក្នុងការលុបបំបាត់ អំពើហិង្សាលើកុមារ។ យុទ្ធនាការនេះជាការបោះជំហានទៅមុខដ៏វិជ្ជមានមួយផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បី បញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។
យុទ្ធនាការ គ្រួសាររឹងមាំ មានគោលបំណងដោះស្រាយនូវបញ្ហាសង្គម និងវប្បធម៌ ដែលធ្វើឱ្យមានអំពើហិង្សា លើកុមារនិងធ្វើឱ្យមានជំនឿថា មណ្ឌលថែទាំជាទីកន្លែងដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ។ អំពើហិង្សាគឺជាកង្វល់ដ៏ធំមួយ ដែលមានកុមារជាងពាក់កណ្តាលនៅក្នុងប្រទេស ធ្លាប់ទទួលរងអំពើហិង្សាយ៉ាងហោចណាស់ ក៏មានមួយទម្រង់ផងដែរ មុនពេលពួកគេអាយុ១៨ឆ្នាំ។ អំពើហិង្សាលើកុមារអាចជះឥទ្ធិពលអវិជ្ជមានយូរអង្វែងដល់សុខុមាលភាពកុមារក្នុងទិដ្ឋភាពផ្សេងៗ ទាក់ទងនឹងអាកប្បកិរិយា ផ្លូវចិត្ត និងរាងកាយនៅក្នុងវ័យជំទង់ និងនៅពេលពេញវ័យ។
ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងអាជ្ញាធរ រាជធានី ខេត្តអាទិភាពទាំង៥ បានបង្កើត និងអនុវត្តផែនការសកម្មភាព និងផែនការប្រតិបត្តិរាជធានី ខេត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវការថែទាំកុមារ និងសមាហរណកម្មកុមារចំនួន៣០ភាគរយ ពីមណ្ឌលថែទាំកុមារទៅកាន់គ្រួសាររបស់ពួកគេវិញដោយសុវត្ថិភាពនៅត្រឹមឆ្នាំ២០១៦-២០១៨។ ជាលទ្ធផលចំនួនមណ្ឌលថែទំាកុមារត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់។ ទោះបីយ៉ាងណាក៏ដោយ នៅមានកុមារប្រមាណជា១៧០០០នាក់ កំពុងតែរស់នៅតាមមណ្ឌលថែទាំនៅឡើយនៅក្នុងឆ្នាំ២០១៨។
ខណៈពេលដែលមានភាពក្រីក្រ កង្វះខាតការទទួលបានការអប់រំ និងការគាំទ្រសុខុមាលភាពសង្គមជំរុញឱ្យក្រុមគ្រួសារមួយចំនួន បានយកកុមារទៅដាក់នៅមណ្ឌលថែទាំ។ កត្តាជំរុញមួយទៀត អាចបណ្តាលមកពីជំនឿដែលយល់ថា កុមារនឹងទទួលបានការថែទាំ និងការអប់រំល្អប្រសើរពីមណ្ឌលថែទាំផងដែរ។ ការដាក់កុមារនៅមណ្ឌលថែទាំ ធ្វើឱ្យកុមារប្រឈមមុខនឹងហានិភ័យនៃអំពើហិង្សា ការកេងប្រវ័ញ្ច និងការមិនអើពើ ដែលអាចបង្ករ ផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍកុមារ។
ដោយមើលឃើញពីសារសំខាន់ទាំងនេះ ទើបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគាំទ្រ យុទ្ធសាស្រ្តប្រាស្រ័យទាក់ទង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា ឬហៅថា (យុទ្ធសាស្ត្រប្រាស្រ័យទាក់ទង Cambodia PROTECT)។ យុទ្ធនាការគ្រួសាររឹងមាំ បង្កើតឡើងដោយផ្អែកលើយុទ្ធសាស្រ្តCambodia PROTECT ។
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុត្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា៖ “យុទ្ធសាស្រ្តប្រាស្រ័យទាក់ទង Cambodia PROTECT បានសហការរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ជាមួយយូនីសេហ្វ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ និងធានាឲ្យប្រជាជនយល់ដឹងថា បរិយាកាសគ្រួសារមានសុវត្ថិភាពគឺជាទីកន្លែងដ៏ល្អប្រសើរបំផុត សម្រាប់កុមារលូតលាស់ និងអភិវឌ្ឍ”។
តាមរយៈយុទ្ធនាការគ្រួសាររឹងមាំ សារអប់រំសំខាន់ៗនឹងផ្សព្វផ្សាយទៅដល់ទូទាំងប្រទេស តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ប្រព័ន្ធឆ្លើយតបតាមបច្ចេកវិជ្ជាព័ត៌មានវិទ្យា សកម្មភាពផ្សព្វផ្សាយនៅតាមសហគមន៍ និងការស្វែងរកមតិគាំទ្រជាដើម។ យុទ្ធនាការនេះគឺផ្តោតសំដៅទៅលើកុមារ ឪពុកម្តាយ អាណាព្យាបាល អ្នកថែទាំកុមារ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ អ្នកផ្តល់សេវា អ្នកធ្វើគោលនយោបាយ អ្នកធ្វើការលើវិស័យយុត្តិធម៌ និងអ្នកសារ ព័ត៌មានជាដើម។
លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “យើងត្រូវធ្វើ យុទ្ធនាការនេះឱ្យទៅដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ គ្រប់សាលារៀន គ្រប់សហគមន៍ គ្រប់បណ្តាញផ្សព្វផ្សាយ ព័ត៌មាន”។ លោកស្រីបានបន្តទៀតថា៖ “អំពើហិង្សាប៉ះពាល់យើងគ្រប់គ្នា! យុទ្ធនាការនេះជាឱកាសដើម្បី កៀរគរប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យនិយាយថា ទេ ចំពោះអំពើហិង្សា និងថែរក្សាបរិស្ថានឱ្យមានសុវត្ថិភាព និងសុខភាពល្អសម្រាប់កូនៗ និងក្រុមគ្រួសាររបស់ពួកគេ”។
រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ តាមរយៈការប្រកាសចូលជាសមាជិកទី២៦ នៃប្រទេសជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដែលជាផ្នែកមួយនៃចលនា សកលដែលកំពុងបន្តអនុវត្ត ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ (GPEVAC) កាលពីចុងឆ្នាំ២០១៩នេះ។ កម្ពុជាបានពង្រឹងការយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងនិងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ដែលក្នុងនោះយុទ្ធនាការ “គ្រួសាររឹងមាំ” គឺជាសកម្មភាពអាទិភាពចម្បងមួយ។
ក្រសួងសង្គមកិច្ច អតីតយុត្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារបច្ចេកទេដែលមកពីអន្តរក្រសួងសម្របសម្រួលការអនុវត្តយុទ្ធនាការគ្រួសាររឹងមាំ។ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុត្ធជន និងយុវនីតិសម្បទា បានសង្កត់ធ្ងន់ពីសារសំខាន់នៃការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិជាមួយដៃគូពាក់ព័ន្ធសំខាន់ៗថា៖ “ខ្ញុំសូមស្វាគមន៍ចំពោះភាពដៃគូពីបណ្តាទីភ្នាកងារអង្គការសហប្រជាជាតិ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន អាជ្ញាធររដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ រួមទាំង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗកុមារ ដែលជាកម្លាំងមិនអាចខ្វះបាន ដើម្បីធ្វើឱ្យយុទ្ធនាការនេះទទួលបានជោគជ័យដ៏ធំធេងទៅបាន។ យើងរួមគ្នាបញ្ឈប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយពុំចាំបាច់នៅកម្ពុជា”។
កំណត់ចំណាំសម្រាប់និពន្ធនាយក៖
អំពីការអនុវត្តផែនការសកម្មភាព ដើម្បីការពារ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧–២០២១
កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានសិក្សាអង្កេតថា្នក់ជាតិស្តីពីអំពើហិង្សាលើកុមារ តាមរយៈភាពជាដៃគូជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្កាជំងឺឆ្លង(CDC)សហរដ្ឋអាមេរិក និង យូនីសេហ្វ។ ការអង្កេតនេះធ្វើឡើងក្នុងឆ្នាំ ២០១៣ ជាលើកដំបូងដែលបានផ្តល់ទិន្នន័យគួរឱ្យទុកចិត្ត និង ការប៉ាន់ស្មានជាតិដែលបង្ហាញពីទំហំ និងធម្មជាតិនៃអំពើហិង្សាប្រឆាំងនឹងកុមារនៅទូទាំងប្រទេស។ ដើម្បីឆ្លើយ តបនឹងរបកគំហើញនៃការសិក្សាស្រាជ្រាវស្តីពីអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា២០១៣ (CVACS) រាជរដ្ឋា ភិបាលបានប្តេជ្ញាចាត់វិធានការលើបញ្ហានេះ និងបានរៀបចំផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ ២០១៧-២០២១(ផែនការសកម្មភាព)។ ការបង្កើតផែនការសកម្មភាពនេះ គឺផ្អែកលើគោលការណ៍ និងយុទ្ធសាស្រ្ត INSPIRE។
សូមចូលរួមតាមដានយុទ្ធនាការតាមទំព័របណ្តាញសង្គមហ្វេសប៊ុក «គ្រួសាររឹងមាំ»
សូមចូលទាញយកឯកសារផែនការសកម្មភាពតាមរយៈតំណភ្ជាប់នេះhttps://www.unicef.org/cambodia/results_for_children_27251.html
សូមចូលរួមជាមួយយុទ្ធនាបញ្ឈប់អំពើហិង្សាពិភពលោក #ENDviolence Global របស់យូនីសេហ្វ ដោយចុចត្រង់នេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងអំពីការងារគាំទ្រកុមារ។