សារគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម សម្រាប់ នាយកសាលា គ្រូបង្រៀន និងបុគ្គលិកសាលារៀន - គ្រួសាររឹងមាំ

សារគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម សម្រាប់ នាយកសាលា គ្រូបង្រៀន និងបុគ្គលិកសាលារៀន

https://strongfamily.mosvy.gov.kh/wp-content/uploads/2020/09/UNICEF_PositiveDiscipline_Llaurado-33.jpg

ប្រជាជនគោលដៅ៖

 • នាយកសាលា គ្រូបង្រៀន និងបុគ្គលិកសាលារៀន

 

គោលបំណង៖

 • ដើម្បីផ្ដល់ការគាំទ្រសមស្រប និងការកំណត់អត្តសញ្ញាណករណីគួរជាទីកង្វល់ពីសំណាក់បុគ្គលិកសាលារៀនដើម្បីផ្ដល់ការគាំទ្រដល់កុមារ និងក្មេងជំទង់បន្ទាប់ពីការបិទសាលារៀន

 

សារ៖

ក្នុងអំឡុងពេលការរាតត្បាតជាសាកលនៃមេរោគ កូវីដ ១៩ កុមារ និងក្មេងជំទង់ប្រហែលជាត្រូវឆ្លងកាត់អារម្មណ៍ និងបទពិសោធន៍ដែល​ពួកគេ​មិនទម្លាប់ និងមានការឈឺចាប់ជាច្រើន ពួកគេ ព្រមទាំងបងប្អូន ឪពុកម្ដាយ មិត្តភក្កិរបស់ពួកគេ ប្រហែលជាអាចរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺនេះ និងនីតិវិធីរឹត​បន្ដឹង ដើម្បីព្យាបាល ឬរាំងខ្ទប់ការផ្ទុះជំងឺ។ ពួកគេប្រហែលជាត្រូវជួបបទពិសោធន៍ការដាក់អោយនៅដាច់តែឯងរយៈពេលយូរ ដូចជា​នៅផ្ទះ ឬនៅមន្ទីរពេទ្យ​ជាដើម

 

នៅពេលកុមារ និងក្មេងជំទង់ វិលត្រឡប់មកកាន់សាលារៀនវិញ បន្ទាប់ពីការបិទសាលារៀនមួយរយៈពេល ពួកគេអាចមានការលំបាកក្នុងការចាប់យកទម្លាប់ និងសកម្មភាពការអប់រំជាប្រក្រតីឡើងវិញ។ ពួកគេប្រហែលជានៅតែនាំមកជាមួយនូវអារម្មណ៍ឈឺចាប់ រួមទាំងការបាត់បង់ និងទុក្ខសោក ពួកគេប្រហែលជាត្រូវតស៊ូយ៉ាងលំបាកដើម្បី​​ប្រមូលអារម្មណ៍ និងយកចិត្តទុកដាក់ប្រកបដោយនិរន្តរភាព។

ពេលត្រឡប់មកសាលារៀនវិញ កុមារ អាចបង្ហាញនូវអាការៈដូចជា៖

 • អង្គុយងោក ដោយសារពួកគេមានការលំបាកក្នុងការគេង ឬតែងយល់សប្ដិអាក្រក់ជាញឹកញាប់
 • ភ័យខ្លាច ប្រុងស្មារតី​ជាប្រចាំ ស្ដែងចេញនូវការភ័យខ្លាច
 • ស្រគត់ស្រគំ មិនសូវនិយាស្តី ឬមិនចូលរួមក្នុងសកម្មភាពក្នុងថ្នាក់ ឬសកម្មភាពក្នុងសាលា
 • ឆេវឆាវ ឈ្លានពានជាមួយមិត្តភក្កិ និងមនុស្សពេញវ័យ
 • ពិបាកផ្ចង់អារម្មណ៍ ជាញឹកញាប់ និងមានលទ្ធផលការសិក្សាចុះទាប
 • ត្អូញត្អែអំពីការឈឺចាប់នៅក្នុងពោះ ឬឈឺក្បាល
 • ចាប់ផ្ដើមមានអាកប្បកិរិយាជាកូនក្មេងជាងអាយុជាក់ស្ដែងរបស់ពួកគេ
 • តាមមនុស្សធំជាប់ជានិច្ច រួមទាំងតាមគ្រូផងដែរ ហើយមានអាកប្បកិរិយាពឹងផ្អែកលើអ្នកដទៃ
 • មានចំណាប់អារម្មណ៍ថយចុះនៅក្នុងការលេង និងការចូលរួមជាមួយសកម្មភាពលេងកំសាន្ត
 • សោកសៅ យំច្រើនជាងប្រក្រតី ឬយំដោយគ្មានមូលហេតុជាក់ច្បាស់។

 

ក្មេងជំទង់អាចបង្ហាញ៖

 • ការលំបាកក្នុងការបញ្ចប់កិច្ចការ និងប្រមូលអារម្មណ៍ លទ្ធផលការសិក្សារៀនសូត្រធ្លាក់ចុះ
 • កម្លាំងចិត្តក្នុងការរៀនសូត្រថយចុះ មិនសូវចូលរួមក្នុងការជជែក និងចែករំលែក
 • ប្រែជាស្រគត់ស្រគំ ព្យាយាមនៅដាច់ពីគេ
 • មានភាពឆេវឆាវខ្ពស់ មិនគោរពវិន័យ ឬបទបញ្ជាផ្ទៃក្នុងរបស់សាលា និងមានអាកប្បកិរិយាឈ្លានពាន
 • បាត់បង់ក្ដីសង្ឃឹមចំពោះអនាគត មានក្ដីភ័ន្តភាំង
 • មានអារម្មណ៍ថាខ្លួនមានកំហុស ឬអយុត្តិធម៌
 • មានក្ដីបារម្ភកាន់តែច្រើនឡើងអំពីសុវត្ថិភាព និងការរាតត្បាតជម្ងឺ

 

អ្វីដែលគ្រូបង្រៀន និងថ្នាក់គ្រប់គ្រងសាលារៀន ព្រមទាំងបុគ្គលិកសាលារៀនចាំបាច់ត្រូវដឹង៖

 • ទាំងអស់នេះគឺជាការឆ្លើយតបកើតមានជាសាមញ្ញ និងជាប្រក្រតីរបស់កុមារ និងក្មេងជំទង់ដែលបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏ឈឺចាប់ ឬមានភាពតានតឹង។
 • នាយកសាលា និងគ្រូបង្រៀន មានតួនាទីដ៏ចាំបាច់ក្នុងនាមជាជនគំរូ និងជាប្រភពនៃការគាំទ្រ ព្រមទាំងការស្ដាប់ដោយសកម្មចំពោះកុមារ និងក្មេងជំទង់ក្នុងអំឡុងពេល និងក្រោយពេលមានព្រឹត្តិការណ៍ដ៏តានតឹងក្នុងចិត្ត និងគួរឱ្យឈឺចាប់។
 • គ្រូបង្រៀនអាចទទួលការបណ្ដុះបណ្ដាលរហ័សស្ដីពីការសង្រ្គោះបឋមផ្នែកចិត្តសាស្ត្រ ដើម្បីអាចគាំទ្រសិស្សដែលកំពុងមានភាពតានតឹងឱ្យបានគ្រប់គ្រាន់។

 

អ្វីដែលគ្រូបង្រៀន ថ្នាក់គ្រប់គ្រងសាលារៀន និងបុគ្គលិកសាលារៀនអាចធ្វើបាន៖

 • លើកកម្ពស់បរិយាកាសរៀនសូត្រដែលផ្តល់ការគាំទ្រ ដោយហេតុថានេះគឺជាគន្លឹះដ៏សំខាន់ដើម្បីជួយដល់កុមារ និងក្មេងជំទង់បន្ធូរភាពតានតឹង និងអារម្មណ៍ឈឺចាប់បានសន្សឹមៗ ព្រមទាំងជម្នះអារម្មណ៍តានតឹង ភាពសោកសៅ និងការបាត់បង់។
 • ពិនិត្យអាកប្បកិរិយា និងអារម្មណ៍របស់កុមារឱ្យបានហ្មត់ចត់ និងស្ដាប់យ៉ាងសកម្ម ព្រមទាំងផ្តល់ការលួងលោម និងលើកទឹកចិត្តតាមការចាំបាច់។
 • ផ្ដល់អាទិភាពគាំទ្រដល់សុខុមាលភាពផ្លូវចិត្ត និងយុទ្ធសាស្ត្រទប់ទល់ស្ថានភាពតានតឹង ដល់កុមារ និងលទ្ធផលការសិក្សារៀនសូត្រនៅក្នុងស្ថានភាពដែលកុមារ និងក្មេងជំទង់ហាក់បង្ហាញនូវអាការៈតានតឹងក្នុងចិត្ត។
 • ត្រូវមានសមត្ថភាពអាចស្គាល់សញ្ញានៃភាពតានតឹងអារម្មណ៍ធ្ងន់ធ្ងរ និងចូលរួមយ៉ាងសកម្មជាមួយអាណាព្យាបាលដើម្បីចែករំលែកកង្វល់ពាក់ព័ន្ធជាមួយសុខុមាលភាពរបស់កុមារ និងសមត្ថភាពរបស់គេក្នុងការសះជាឡើងវិញ។

 

ស្វែងរកជំនួយ៖

 • នៅពេលមានកង្វល់ទាក់ទងជាមួយការគំរាមដែលនឹងកើតមានចំពោះសុវត្ថិភាពរបស់កុមារ (ឧ. ក្មេងជំទង់ប៉ុនប៉ងធ្វើអត្តឃាត ករណីអំពើហិង្សាក្នុងគ្រួសារ និងការបំពាន/ការរំលោភ/ការកេងប្រវ័ញ្ច។ល។) គ្រូបង្រៀន មានភារកិច្ចផ្ដល់ព័ត៌មានដល់ថ្នាក់គ្រប់គ្រងសាលារៀន និងត្រូវជូនដំណឹងភ្លាមៗដល់អ្នកផ្ដល់សេវាសមស្រប (ដូចជាបុគ្គលិកសង្គមជាដើម)។
 • សម្រាប់ការគាំទ្រផ្នែកចិត្តសាស្ត្រ សូមទូរស័ព្ទមកកាន់អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (TPO កម្ពុជា) តាមទូរស័ព្ទទាន់ហេតុការណ៍លេខ៖ ០១៧ ២២២ ៣៧២/ ០៨៩ ៦៦៦ ៣២៥/ ០៩៧ ៩១១១ ៩១៨ ។ ទំព័រហ្វេសប៊ុករបស់អង្គការ TPO កម្ពុជា៖ facebook.com/tpocambodia

ខេត្តបាត់ដំបង
ខេត្តសៀមរាប
ក្រុង ព្រះសីហនុ
ខេត្តកណ្ដាល
រាជធានីភ្នំពេញ