ដៃគូដែលការពារកុមាររបស់យើង
រាជរដ្ឋាភិបាលកម្ពុជា កំពុងដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើកុមារ និងការបែកបាក់គ្រួសារ ដែលមិនចាំបាច់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាដៃគូសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការ និងឆ្លើយតបនេះ។ យុទ្ធសាស្រ្ត Cambodia PROTECT ជំរុញឲ្យរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។
ក្រុមការងារបច្ចេកទេស ស្តីពីការការពារ និងឆ្លើយតប ចំពោះអំពើហិង្សាប្រឆាំងនឹងកុមារ ត្រូវបានបង្កើតឡើងនៅដើមនៅឆ្នាំ២០១៩ ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពរបស់ប្រទេសកម្ពុជា ក្នុងការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១។ ក្រុមការងារបច្ចេកទេសនេះ កំពុងដឹកនាំសកម្មភាពសំខាន់ៗ រួមជាមួយនឹងយុទ្ធនាផ្សព្វផ្សាយ “គ្រួសាររឹងមាំ” ដែលត្រូវបានធ្វើឡើង នៅទូទាំងប្រទេស ដោយបណ្តាក្រសួង និងអង្គការមិនមែនរដ្ឋាភិបាលនានា។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) ដើរតួនាទីនាំមុខគេ ក្នុងការការពារ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា។ ក្រសួងកំពុងដឹកនាំ ក្រុមការងារបច្ចេកទេសស្តីពីកិច្ចការពារ និងការឆ្លើយតបចំពោះអំពើហិង្សាប្រឆាំងនឹងកុមារ ដោយសម្របសម្រួល ជាមួយសមាជិកទាំងអស់ ក្នុងការអនុវត្តយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងលើកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា (Cambodia PROTECT)។
ក្រសួងធម្មការ និងសាសនា កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបញ្ចប់អំពើហិង្សាលើកុមារ និងការបែកបាក់គ្រួសារដែលមិនចាំបាច់ ដោយបង្កើនការយល់ដឹងនៅក្នុងវិស័យសាសនា ទាំងនៅតាមទីវត្តអារាម ក៏ដូចជានៅតាមសហគមន៍។ កម្មវិធីការពារកុមារតាមវត្តអារាម ត្រូវបានបង្កើតឡើង ជាផ្នែកមួយនៃគោលនយោបាយវត្តសង្គហកុមារ (គោលនយោបាយការពារសុវត្ថិភាពកុមារ នៃក្រសួងធម្មការ និងសាសនា ២០១៨)។ គោលនយោបាយនេះ មានគោលបំណងបង្កើតបរិយាកាសប្រកបដោយកិច្ចការពារសម្រាប់កុមារនៅក្នុងទីវត្តអារាម និងនៅក្នុងសហគមន៍។ កម្មវិធីនេះមានបំណងសម្រេចឲ្យបាន នូវសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជា រួមទាំងកិច្ចការពារពីអំពើហិង្សា និងការរំលោភបំពាន តាមរយៈសមាសធាតុបី៖
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ប.ទ.ក) កំពុងដឹកនាំការផ្តួចផ្តើមគំនិតមួយចំនួន ដើម្បីដោះស្រាយបញ្ហាអំពើហិង្សាលើកុមារ ជាពិសេសការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមអ៊ិនធឺណិត។ ក្រសួងបានសហការជាមួយក្រុមហ៊ុនមួយចំនួន រួមមាន ស្មាតអាស្យាតា ក្រុមហ៊ុន Google និងGSMA ដើម្បីចូលរួមទប់ស្កាត់ និងការពារកុមារពីហានិភ័យដែលកើតចេញពីការប្រើប្រាស់អ៊ិនធឺណិត តាមរយៈកម្មវិធីមានឈ្មោះថា “អក្ខរកម្មឌីជីថល និងសុវត្ថិភាព នៃការប្រើប្រាស់បណ្តាញអ៊ិនធឺណិត”។ កម្មវិធីនេះ បានផ្តោតលើការបង្រៀនសិស្សនៅតាមវិទ្យាល័យ អំពីមូលដ្ឋាននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយភាពទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ តាមរយៈបញ្រ្ជាបការយល់ដឹងបញ្ហាផ្សេងៗ ដែលកើតមានលើបណ្តាញអ៊ិនធឺណិត ដូចជា ការបោកបញ្ឆោត ការគម្រាមកំហែងខាងផ្នែកស្មារតីជាដើម និងវិធីសាស្រ្តឆ្លើយតបចាំបាច់នានា។ ក្នុងឆ្នាំ២០២០ ក្រសួងមានផែនការរៀបចំយុទ្ធនាការទ្រង់ទ្រាយធំ ដែលមានឈ្មោះថា “កម្មវិធីលើកកម្ពស់ការយល់ដឹងពីហានិភ័យ នៃការប្រើប្រាស់បណ្តាញអ៊ិនធឺណិតចំពោះកុមារ” ដើម្បីផ្សព្វផ្សាយពីបញ្ហាទាំងនេះដល់សាធារណជនទូទៅឲ្យបានយល់ដឹងទូលំទូលាយជាងមុន។ កម្មវិធីនេះធ្វើឡើង ក្រោមជំនួយកិច្ចសហការរបស់ស្ថានទូតឥណ្ឌា។
ក្រសួងកិច្ចការនារី បានដឹកនាំ និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍមួយចំនួន រៀបចំយុទ្ធសាស្រ្តស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន ក្រោមទស្សនវិស័យធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងកុមារជាមួយឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ព្រមទាំងបរិយាកាសគ្រួសារប្រកបដោយសុវត្ថិភាព ស្ថេរភាព និងអំណោយផលដល់ការលូតលាស់របស់កុមារគ្រប់រូបក្នុងប្រទេសកម្ពុជា ដើម្បីលូតលាស់ និងអភិវឌ្ឍខ្លួន ក្លាយជាមនុស្សពេញវ័យដែលមានសុខភាពល្អ មានការគោរព និងមានផលិតភាពខ្ពស់។ គម្រោងនេះបាន និងកំពុងអនុវត្តនៅក្នុងរាជធានីខេត្តគោលដៅចំនួន៨ មាន រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កណ្តាល ព្រះសីហនុ រតនគិរី ត្បូងឃ្មុំ និងខេត្តព្រៃវែង ។ ទន្ទឹមនេះ ក្រសួងកិច្ចការនារី ក៏កំពុងដឹកនាំសម្របសម្រួល អនុវត្តសាកល្បងគម្រោង ទប់ស្កាត់អាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ នៅខេត្តរតនគិរី ក្នុងគោលបំណងរួមចំណែក ឱ្យបានសម្រេចនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់អាពាហ៍ពិអាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ ដែលជាផ្នែកមួយក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយកាត់បន្ថយការមានផ្ទៃពោះរបស់មនុស្សវ័យ ជំទង់ និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ នៅសហគមន៍ជនជាតិដើមភាគតិច តាមរយៈបង្កើនការបង្ការ និងអន្តរាគមន៍ឆ្លើយតប ការសម្របសម្រួលពហុវិស័យ និងកិច្ចសហប្រតិបត្តិការ និងការបង្កើតប្រព័ន្ធប្រមូលទិន្នន័យ ត្រួតពិនិត្យ និងវាយតម្លៃ។
អំពើហិង្សានាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះកុមារម្នាក់ៗ ចំពោះក្រុមគ្រួសារ ចំពោះសហគមន៍ និងចុងក្រោយចំពោះសង្គមជាតិទាំងមូល។ ឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ការប្តេជ្ញាចិត្ត ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារ និងបានកសាងផែនការជាតិ សម្រាប់អភិវឌ្ឍន៍កុមារ ២០១៦-២០១៨ និងផែនការសកម្មភាពជាតិ លុបបំបាត់អំពើហិង្សាលើកុមានៅកម្ពុជា២០១៧-២០២១។ ជាមួយគ្នានេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាបង្កើតឲ្យមានបរិស្ថានប្រកបដោយសុវត្ថិភាពនៅតាមសាលារៀន ដោយការពង្រឹងការអនុវត្តច្បាប់អប់រំ ដើម្បីធានាថា បុគ្គលិកសិក្សាទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វីជ្ជាជីវៈគ្រូបង្រៀន ដាក់វិន័យចំពោះបទល្មើសព្រហ្មទណ្ឌ និងក្រមសីលធម៌វីជ្ជាជីវៈគ្រូបង្រៀន ជាពិសេស ការរំលោភបំពានផ្លូវភេទ។ ក្រសួងក៏បានជំរុញនូវការអនុវត្តវិធីសាស្រ្តរៀនសូត្រ និងបង្រៀនដោយមិនប្រើអំពើហិង្សា (ការអប់រំវិន័យបែបវិជ្ជមាន) បង្កើតនូវយន្តការរាយការណ៍ និងទទួលយកបណ្តឹងតវ៉ាពីការរំលោភបំពាន ប្រកបដោយប្រសិទ្ធភាព មានលក្ខណៈកុមារមេត្រី និងសមស្របសម្រាប់កុមារីនៅគ្រប់សាលារៀនផងដែរ។ ក្រសួងបានអនុម័តគោលនយោបាយស្តីពីកិច្ចការពារកុមារនៅតាមសាលារៀន ដែលមានគោលបំណងជំរុញលើកកម្ពស់ ឱ្យមានការបង្កើតនូវបរិយាកាសរៀនសូត្រប្រកបដោយសុវត្ថិភាព សុខុមាលភាព និងផ្តល់ការគាំទ្រដល់កុមារគ្រប់រូបដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ មធ្យោបាយនេះ ធ្វើឲ្យកុមារគ្រប់រូប ទទួលបាននូវការលូតលាស់ទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញា និងស្មារតី ដោយជៀសផុតពីអំពើហិង្សាគ្រប់ទម្រង់ ដើម្បីឱ្យក្លាយជាធនធានមនុស្ស សម្រាប់អភិវឌ្ឍប្រទេសជាតិ ប្រកបដោយចេរភាព។
ក្រសួងមហាផ្ទៃ សហការ គាំទ្រ និងសម្របសម្រួលក្នុងការអនុវត្តកម្មភាពរបស់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងការងារលើកកម្ពស់ការឆ្លើយតប និងទប់ស្កាត់អំពើហិង្សាលើកុមារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) មាននាទីសម្របសម្រួលជាមួយបណ្តាក្រសួងទាំងឡាយ ដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារនៅក្នុងប្រទេសកម្ពុជា។ ក.ជ.ក កំពុងអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ជាពិសេសក្នុងវិស័យ ការពារកុមារតាមអ៊ិនធឺរណិត។ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សហការជាមួយ អង្គការដៃគូ ធ្វើការសិក្សាវិភាគស្ថានភាពជាលើកដំបូង នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឬOnline Child Sexual Exploitation (OCSE) នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណង៖
អង្គការយូនីសេហ្វផ្តល់អាទិភាពដល់កុមារ និងយុវវ័យ។ អ្នកណាគេជាអ្នកណា។ កន្លែងណាដែលពួកគេរស់នៅ។ យូនីសេហ្វ ជឿជាក់ថា កុមារគ្រប់រូបទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយពួកគេមានសិទ្ធិលូតលាស់លូតលាស់បំពេញសក្តានុពលរបស់ពួកគេទទួលបានការគោរពដោយសេចក្តីថ្លៃថ្នូរ និងចូលរួមនៅក្នុងសង្គម។
យូនីសេហ្វលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប ក្នុងគ្រប់កិច្ចការទាំងអស់ដែលខ្លួនធ្វើ។ អង្គការយូនីសេហ្វ បានគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងអនុវត្តកម្មវិធីការពារជាតិកម្ពុជា ដែលជាយុទ្ធសាស្ត្រទំនាក់ទំនងដើម្បីបញ្ចប់អំពើហិង្សា និងការបែកបាក់គ្រួសារដែលមិនចាំបាច់នៅកម្ពុជា (ឆ្នាំ ២០១៧-២០២២) ។ រួមគ្នាជាមួយដៃគូទាំងអស់ យូនីសេហ្វធ្វើការដើម្បីបកប្រែការប្តេជ្ញាចិត្តនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែងដោយខិតខំប្រឹងប្រែងដើម្បីឈានទៅរកក្មេងស្រី និងក្មេងប្រុសដែលងាយរងគ្រោះបំផុត និងមិនរាប់បញ្ចូលក្នុងតំបន់ក្រីក្រនៅទីក្រុង និងជនបទ។
កិច្ចការពារកុមារ គឺជាវិស័យការងារស្នូលរបស់អង្គការ Save the Children ជាពិសេសគឺការលើកកម្ពស់បច្ចេកទេសចិញ្ចឹមបីបាច់កូនជាវិជ្ជមាន។ អង្គការ Save the Children ផ្ដោតការយកចិត្តទុកដាក់លើបញ្ហានានា ដែលប៉ះពាល់ដល់កុមារក្នុងមណ្ឌលថែទាំ ដោយជឿជាក់ថា កុមារបានទទួលការការពារកាន់តែប្រសើរពីគ្រួសារ និងសហគមន៍របស់ខ្លួន ឱ្យរួចផុតពីអំពើហិង្សា ការមិនអើពើ និងការកេងប្រវ័ញ្ច។ កម្មវិធីការពារកុមាររបស់អង្គការនេះ មានបំណងលើកកម្ពស់ការយល់ដឹងរបស់ឪពុកម្ដាយ និងអ្នកថែទាំ ជាពិសេសគឺឪពុក អំពីអំពើហិង្សា និងការកេងប្រវ័ញ្ចលើកុមារ។ ក្នុងនាមជាទីភ្នាក់ងារនាំមុខមួយ របស់បណ្ដាញការថែទាំកុមារ ក្នុងគ្រួសារជាអាទិភាពចម្បង និងREACT អង្គការ Save the Children បានផ្ដួចផ្ដើម និងសម្របសម្រួលឱ្យសង្គមស៊ីវិល ទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងរដ្ឋាភិបាលឱ្យធ្វើការរួមគ្នា ដើម្បីការពារកុមារពីអំពើហិង្សា និងការបំបែកពីគ្រួសារដោយមិនចាំបាច់។
អស់រយៈពេលជាង៤០ឆ្នាំ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា ប្តេជ្ញាចិត្តដើម្បីសុខុមាលភាពកុមារកម្ពុជា ជាពិសេសកុមារដែលងាយរងគ្រោះ តាមរយៈកម្មវិធីបច្ចេកទេសចំនួន៤គឹ អាហារូបត្ថម្ភ ការអប់រំ ការការពារកុមារ និងការអភិវឌ្ឍយុវជន។ អង្គការកំពុងប្រតិបត្តិការនៅ៩ខេត្ត និងរាជធានីភ្នំពេញ ដែលផ្តល់ ផលប្រយោជន៍ ដល់កុមារជាង២លាននាក់ជារៀងរាល់ឆ្នាំ។ ដោយសារតែអំពើហិង្សាគ្រប់ទម្រង់កំពុងគំរាម កំហែងដល់សុខុមាលភាព កុមារនៅទូទាំងសកលលោក អង្គការទស្សនៈពិភពលោកបានបង្កើតយុទ្ធនាការ សកលមួយដែលមានឈ្មោះថា “យើងត្រូវការការចូលរួមពីពិភពលោកទាំងមូល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ”។ នៅកម្ពុជា យុទ្ធនាការ “គំរូអហិង្សា អ្នកធ្វើបាន ខ្ញុំក៏ធ្វើបាន” ដែលមានរយៈពេល៥ឆ្នាំ មានគោលបំណងជំរុញការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយា របស់ឪពុកម្តាយ អាណាព្យាបាល អ្នកថែទាំ និងគ្រូបង្រៀន ជៀសវាងប្រើការដាក់ទណ្ឌកម្មផ្លូវកាយ និងផ្លូវចិត្ត ក្នុងការអប់រំកុមារនៅផ្ទះ និងសាលារៀន។ ការងារនេះធ្វើឡើងនៅកម្រិតសហគមន៍ ជាមួយបណ្តាញកិច្ចការពារកុមារ ក្លឹបកុមារ និងយុវជន និងអ្នកពាក់ព័ន្ធនានា ហើយនៅកម្រិតថា្នក់ជាតិ ដោយសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ និង ការចូលរួមរបស់សាធារណៈជន។
អង្គការឆាលហ្វាន កម្ពុជា គឺជាការិយាល័យតំណាងរបស់អង្គការឆាលហ្វាន អូស្រ្តាលី ដែលជាអង្គការអភិវឌ្ឍន៍អន្តរជាតិ ឯករាជ្យ បំពេញការងារ ដើម្បីកាត់បន្ថយភាពក្រីក្រសម្រាប់កុមារនៅក្នុងសហគមន៍កំពុងអភិវឌ្ឍ។ អង្គការឆាលហ្វាន អូស្រ្តាលី គឺជាសមាជិកសម្ពន្ធអង្គការឆាលហ្វាន – ដែលជាបណ្តាញសកលនៃអង្គការចំនួន ១១ ជួយដល់កុមារ និងគ្រួសារ១៣លាននាក់ នៅក្នុងប្រទេសចំនួន៦០។ អង្គការឆាលហ្វាន អូស្ត្រាលី ដែលជាសមាជិកមួយនៃក្រុមប្រឹក្សា អូស្ត្រាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ គឺជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីត្រឹមត្រូវ និងទទួលស្គាល់ដោយ នាយកដ្ឋានការបរទេស និងពាណិជ្ជកម្ម ដែលគ្រប់គ្រងកម្មវិធីជំនួយអន្តរជាតិរបស់រដ្ឋាភិបាលអូស្ត្រាលី។ អង្គការឆាលហ្វាន បានចាប់ផ្តើមការងារនៅកម្ពុជា ក្នុងឆ្នាំ ២០០៧ និងបានធ្វើការជាដៃគូជាមួយកុមារ សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ ប្រកបដោយនិរន្តរភាព ឆ្លើយតបទៅនឹងបញ្ហាមនុស្សធម៌ពេលមានគ្រោះមហន្តរាយ និងលើកកម្ពស់សិទ្ធិកុមារ។ គម្រោងអភិវឌ្ឍន៍ជាច្រើន បាន និងកំពុងត្រូវបានអនុវត្តក្នុងតំបន់ជនបទ នៃខេត្តស្វាយរៀង ព្រៃវែង ក្រចេះ បាត់ដំបង និងជាយរាជធានីភ្នំពេញ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់សហគមន៍ក្រីក្រ និងងាយរងគ្រោះ។ ជាមួយការផ្តោតលើវិស័យកិច្ចការពារកុមារ និងភាពធន់ គុណភាពនៃការអប់រំ ជីវភាពប្រកបដោយនិរន្តរភាព ការចូលរួមលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន អាហារូបត្ថម្ភកុមារ ទឹកស្អាត និងអនាម័យ និងការពង្រឹងសមត្ថភាពយុវជន អង្គការឆាលហ្វាន កម្ពុជា កំពុងធ្វើការដើម្បីពង្រឹងអំណានថ្នាក់ដំបូង តាមរយៈបច្ចេកវិជ្ជាទំនើប និងពង្រឹងយន្តការជាតិការពារកុមារកម្រិតសហគមន៍។ អង្គការឆាលហ្វាន កម្ពុជា អនុវត្តកម្មវិធីរបស់ខ្លួនដោយសហការជាមួយអង្គការមិនមែន រដ្ឋាភិបាលក្នុងតំបន់ និងជាដៃគូជាមួយក្រសួង និងមន្ទីរពាក់ព័ន្ធនានា។
អង្គការភ្លែនអន្តរជាតិ គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយ ដែលព្យាយាមបង្កើតឲ្យបាននូវពិភពលោកដែលមានភាពយុត្តិធម៌ លើកកម្ពស់ដល់សិទ្ធិ និងសមភាពសម្រាប់ក្មេងស្រី។ អង្គការភ្លែន ធ្វើការជាមួយប្រជាជន និងដៃគូ ដើម្បីផ្ដល់អំណាចដល់កុមារ មនុស្សវ័យក្មេង និងសហគមន៍ ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលដោះស្រាយនូវមូលហេតុជាឫសគល់ នៃការរើសអើងចំពោះក្មេងស្រី ការមិនរាប់បញ្ចូល និងភាពងាយរងគ្រោះ។ ជំរុញឲ្យមានការកែប្រែការអនុវត្ត និងគោលនយោបាយនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងកម្រិតសកល តាមរយៈវិសាលភាពការងាររបស់យើង បទពិសោធន៍ និងចំណេះដឹងពីភាពជាក់ស្តែងដែលកុមារជួបប្រទេះ។ ធ្វើការជាមួយកុមារ និងសហគមន៍ ដើម្បីត្រៀម និងឆ្លើយតបចំពោះវិបត្តិទាំងឡាយ និងជម្នះលើស្ថានភាពលំបាកផ្សេងៗ។ គាំទ្រដល់ការរីកចម្រើន ប្រកបដោយ សុវត្ថិភាព និងជោគជ័យរបស់កុមារតាំងពីកំណើតរហូតដល់ពេញវ័យ។
អង្គការ ហ្រេ្វនអ៊ិនធើណេសិនណល ធ្វើការជាមួយកុមារ និងយុវជនរងគ្រោះ ឬងាយរងគ្រោះ ឬបាត់បង់ឱកាស ព្រមទាំងគាំទ្រគ្រួសាររបស់ពួកគេឲ្យរស់នៅជួបជុំគ្នា ដើម្បីក្លាយជាមនុស្ស ដែលមានសក្តានុពលក្នុងសង្គម តាមរយៈកម្មវិធីខាងក្រោមនេះ៖
១.កម្មវិធីកល្យាណមិត្តនៅខេត្តសៀមរាប៖ ផ្តល់មណ្ឌលសំចត មណ្ឌលស្នាក់នៅបណ្តោះអាសន្ន ការកាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងញៀន ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីការការពារ និងការរីករាលដាលមេរោគអេដស៍ ផ្តល់ជំនាញវិជ្ជាជីវៈ អប់រំក្រៅប្រព័ន្ធ សមារណកម្មទៅសាលារដ្ឋ និងសមាហរណកម្មកុមារទៅគ្រួសារ និងសហគមន៍ ។
២.កម្មវិធីចលនាសុវត្ថិភាពកុមារ៖ ការពារកុមារឲ្យរួចផុតពីការរំលោភបំពានគ្រប់ទម្រង់ តាមរយៈការលើកកម្ពស់ការយល់ដឹង អំពីការការពារកុមារ និងការធ្វើអន្តរាគមន៍បន្ទាន់ តាមទូរស័ព្ទសុវត្ថិភាពកុមារ អន្តរាគមន៍បន្ទាន់២៤ម៉ោង ។
៣.កម្មវិធីភាពជាដៃគូ ដើម្បីកិច្ចការពារកុមារ (3PC)៖ ជាកម្មវិធីដែលអង្គការហ្រេ្វនអ៊ិនធើណេសិនណល បានដឹកនាំ អនុវត្តជាមួយអង្គការចំនួន១០ជាសមាជិក ដោយមានការសម្របសម្រួល និងតម្រង់ទិសពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងផ្តល់បច្ចេកទេសពីអង្គការយូនីសេហ្វ។ កម្មវីធីនេះ ពង្រឹងប្រព័ន្ធការពារកុមារឲ្យរឹងមាំ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវគុណភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកលទ្ធផលបែបវិជ្ជមាន និងយូរអង្វែង។
៤.គម្រោងមុខរបរសង្គម ដើម្បីបង្កើនការងារ និងសហគ្រិនភាព មានគោលបំណងលើកកម្ពស់ និងគាំទ្រយុវជន ឲ្យទទួលបាននូវឱកាស ជំនាញ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល ទ្រទ្រង់ការរស់នៅ និងជួយដល់គ្រួសាររបស់ពួកគេឲ្យរស់នៅប្រកបដោយសុភមង្គល។
អង្គការទំនុកចិត្តកុមារកម្ពុជា (CCT) ប្រើប្រាស់គំរូកិច្ចការពារកុមារ បែបបង្ការនៅតាមសហគមន៍ ដើម្បីគាំទ្រដល់គ្រួសារមុនពេលពួកគេត្រូវធ្លាក់ដល់ស្ថានភាពដែលធ្វើឱ្យពួកគេយល់ថា ពួកគេចាំបាច់ត្រូវយកកុមារទៅដាក់ក្នុងមណ្ឌលថែទាំកុមារ។ ជាផ្នែកមួយនៃគំរូការថែទាំតាមគ្រួសារបែបសព្វជ្រុងជ្រោយ អង្គការស៊ីស៊ីធី រៀបចំសិក្ខាសាលា និងចែកចាយសម្ភារ ស្វែងរកការគាំទ្រ ដើម្បីឱ្យប្រជាជនអាចស្វែងយល់អំពីគ្រោះថា្នក់នៃការយកកុមារទៅដាក់ក្នុងមណ្ឌលកុមារកំព្រា និងសារៈសំខាន់ នៃការរក្សាគ្រួសារឱ្យនៅជួបគ្នា។ ស៊ីស៊ីធី ធ្វើការងាររបស់ខ្លួនក្នុងសហគមន៍មូលដ្ឋាន និងធ្វើការសម្រាប់ NGOs មន្ត្រីរដ្ឋាភិបាល ទេសចរណ៍ និងម្ចាស់ជំនួយ។ ចាប់តាំងពីឆ្នាំ ២០១៨ មក ស៊ីស៊ីធីបានសហការនៅក្រោមបណ្ដាញការថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT ដើម្បីអនុវត្តយុទ្ធនាការផ្លាស់ប្តូរអាកប្បកិរិយាសហគមន៍ក្នុងភូមិចំនួន១៨ ក្នុងខេត្តបាត់ដំបង។
អង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ផ្តល់ជូននូវការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃ២៤ ម៉ោង។ អង្គការ មានសេវាផ្តល់ព័ត៌មាន សេវាបញ្ចូនបន្ត និងតាមដានសម្រាប់កុមារ និងយុវវ័យរហូតល់អាយុ២៥ឆ្នាំ នៅទូទាំងប្រទេស។ អនុញ្ញាតិឲ្យកុមារ និងយុវវ័យ ទាក់ទងតាមទូរស័ព្ទជំនួយកុមារលេខ១២៨០ ជាសម្លេង និងផ្ញើសារជាអក្សរ នៅពេលដែលពួកគេត្រូវការ ឬនៅពេលជាក់លាក់ណាមួយ។ កុមារ និងយុវវ័យ អាចនិយាយជាមួយអ្នកពិគ្រោះយោបល់ក្នុងបរិយាកាសរក្សាការសម្ងាត់ និងមានសុវត្ថិភាព ។ ពួកគេក៏អាចទាក់ទងតាមប្រព័ន្ធអ៊ីនធឺណិត ឬ អ៊ីម៉ែលផងដែរ។
ក្រោមការដឹកនាំរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបានទទួលការសម្របសម្រួលពីអង្គការ Save the Children បណ្ដាញការថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT (FCF | REACT) គឺជាបណ្ដាញធ្វើការរួមគ្នា ដើម្បីគាំទ្រកុមារឱ្យរស់នៅក្នុងការថែទាំប្រកបដោយសុវត្ថិភាព មានការទំនុកបម្រុងនៅតាម គ្រួសារ។ បណ្តាញនេះ ទទួលការគាំទ្រថវិកាពីសហភាពអឺរ៉ុប ទីភ្នាក់ងារជំនួយអាមេរិក USAID មូលនិធិ GHR អង្គការ Save the Children ហុងកុង និងអង្គការយូនីសេហ្វ ដើម្បីគាំទ្រកុមារកម្ពុជាជាង៧.០០០នាក់។ FCF | REACT ធ្វើការក្នុងកិច្ចសហការជាមួយរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល (NGOs) ក្នុងស្រុក និងអង្គការអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ និងពង្រឹងការថែទាំនៅតាមគ្រួសារ។ ដោយមានអង្គការជាសមាជិកជាង ៦០ FCF | REACT កំពុងធ្វើការដើម្បីបង្ការកុំឱ្យកុមារត្រូវបានបំបែកពីគ្រួសាររបស់ខ្លួន និងដើម្បីបង្កើនចំនួនកុមារ ដែលត្រូវបានធ្វើសមាហរណកម្មប្រកបដោយសុវត្ថិភាព និងដោយជោគជ័យទៅក្រោមការថែទាំរបស់គ្រួសារវិញ។ បណ្ដាញធ្វើការងាររបស់ខ្លួនតាមរយៈការពង្រឹងប្រព័ន្ធ និងគោលនយោបាយ និងធ្វើការដោយផ្ទាល់ ដើម្បីផ្ដល់សេវាដល់កុមារ និងគ្រួសារ។
អង្គការម្លប់ឫស្សីជាអង្គការគ្រីស្តបរិស័ទ ក្នុងស្រុក និងមិនមែនរដ្ឋាភិបាលមួយ ដែលធ្វើការផ្តោតសំខាន់ លើតម្រូវការរបស់ដៃគូពាក់ព័ន្ធ និងចង់ឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយា ឥរិយាបថ និងទំនាក់ទំនង។ អង្គការម្លប់ឫស្សី ផ្តល់ការគាំទ្រ អប់រំ និងពង្រឹងដល់គ្រួសារនៅក្នុងសហគមន៍ ដើម្បីអោយគេទទួលបានផ្នត់គំនិតល្អៗ មានចំណេះដឹង មានសមត្ថិភាពក្នុងការគ្រប់គ្រង និងថែទាំសមាជិកគ្រួសារ ជាពិសេសកុមារ។
ប្រទេសជប៉ុនគឺជាអ្នករួមចំណែកដ៏ធំក្នុងលុបបំបាត់អំពើហិង្សាលើកុមារនៅកម្ពុជា។ ជប៉ុនបានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងនិងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។ វិភាគទានសប្បុរសធម៌ពីរដ្ឋាភិបាលជប៉ុន បានធ្វើឱ្យការផ្សព្វផ្សាយនូវសារសំខាន់ៗ បានធ្វើឡើងយ៉ាងទូលំទូលាយ តាមរយៈយុទ្ធនាការគ្រួសាររឹងមាំ ក្នុងគោលបំណង ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធការពារកុមារនៅប្រទេសកម្ពុជា ដើម្បីការពារកុមារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងរំលោភបំពាន ព្រមទាំងបង្ការការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។ ការងាររបស់ USAID បានអនុវត្តទៅតាមយុទ្ធសាស្រ្តកម្រិតខ្ពស់ក្នុងការការពារ និងថែទាំកុមារក្នុងស្ថានភាពលំបាក (ឆ្នាំ ២០១៩-២០២៣) ដែលមានគោលដៅយុទ្ធសាស្ត្រចំនួនបី៖១) បង្កើតនូវការចាប់ផ្តើមដ៏រឹងមាំ ២) ដាក់គ្រួសារជាអាទិ៍ភាព និងទី៣) ការពារកុមារពីអំពើហិង្សា។ USAID បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង និងសម្ភារអប់រំសម្រាប់យុទ្ធនាការគ្រួសាររឹងមាំ។