រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល និង អង្គការអន្តរជាតិ បានបង្កើនកិច្ចខិតខំរបស់ខ្លួនក្នុងការឆ្លើយតបចំពោះបញ្ហាអំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់គ្រួសារ។ ច្បាប់ គោលនយោបាយ ផែនការសកម្មភាព និង យុទ្ធសាស្រ្តដូចមានរាយឈ្មោះខាងក្រោម ដើម្បីលើកកម្ពស់ស្ថានភាពកុមារក្នុងប្រទេសកម្ពុជា។
គោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ (២០០៦)
គោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ (២០០៦) ចែងអំពីការគាំទ្ររបស់រដ្ឋាភិបាលចំពោះការថែទាំនៅតាមគ្រួសារ និងនៅតាមសហគមន៍។ គោលបំណងរបស់គោលនយោបាយនេះ គឺដើម្បីធានាឱ្យបានថា កុមារអាចធំធាត់ក្នុងគ្រួសារ និងសហគមន៍ ជាពិសេសនៅក្នុងគ្រួសារកំណើត និងសហគមន៍ដើមកំណើតរបស់ខ្លួន។ គោលនយោបាយនេះ ក៏មានបំណងពង្រឹងសមត្ថភាពរបស់សហគមន៍ក្នុងការថែទាំ និង ការពារកុមារងាយរងគ្រោះតាមរយៈការលើកកម្ពស់ និងការពង្រឹងបណ្ដាញសុវត្ថិភាពសហគមន៍។ បទដ្ឋានអប្បបរមាស្ដីពីការថែទាំជំនួសចំពោះកុមារ (២០០៨) បំពេញបន្ថែមលើគោលនយោបាយស្ដីពីការថែទាំជំនួស។
ការប្តេជ្ញាចិត្តស្នូលរបស់អន្តរក្រសួង ដើម្បីបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០១៤)
ជាកិច្ចឆ្លើយតបចំពោះការរកឃើញរបស់ការអង្កេតស្ដីពីអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា ក្រសួងចំនួន១៣ បានចេញការប្តេជ្ញាចិត្តស្នូល ដើម្បីបង្ការ និង ឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០១៤)។ ការប្តេជ្ញាចិត្តស្នូល ក្លាយជាមូលដ្ឋានគ្រឹះនៃផែនការសកម្មភាពពហុវិស័យជាតិ ដែលបានគណនាថ្លៃចំណាយក្នុងការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។
ផែនការសកម្មភាពដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០១៧-២០២១)
ផែនការសកម្មភាពដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០១៧-២០២១) ចែងអំពីតួនាទី ការទទួលខុសត្រូវ និងសកម្មភាពនៃក្រសួងនានារបស់រដ្ឋាភិបាល។ ផែនការសកម្មភាពនេះ រួមមានអន្តរាគមន៍ផ្នែកសំខាន់ៗ ក្នុងវិស័យសុខាភិបាល សុខុមាលភាពសង្គម អប់រំ និងយុត្តិធម៌ នៅថា្នក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់សហគមន៍ ដោយមានក្របខ័ណ្ឌការងារពិនិត្យតាមដាន និងវាយតម្លៃ។ គោលបំណងរបស់ផែនការសកម្មភាពនេះ គឺដើម្បីពង្រឹងប្រព័ន្ធការពារកុមារនៅថ្នាក់ជាតិក្នុងប្រទេសកម្ពុជា។
អនុក្រឹត្យស្ដីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ (២០១៥)
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវអនុក្រឹត្យស្ដីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ (២០១៥) រួមជាមួយសេចក្ដីថ្លែងបញ្ជាក់ការប្ដេជ្ញាចិត្ត។ ឯកសារទាំងនេះ បានត្រួសត្រាយផ្លូវសម្រាប់សកម្មភាពសំខាន់ៗជាច្រើន ទាក់ទងជាមួយការថែទាំនៅមណ្ឌល រួមទាំងសមាហរណកម្មកុមារ ដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំ និង សេចក្ដីសម្រេចចិត្តមិនទទួលយកការដាក់ពាក្យសុំបើកមណ្ឌលថែទាំកុមារថ្មីរហូតទាល់តែស្ថាប័នដែលមានបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណ បង្កើតយន្តការឃ្លាំមើល ដើម្បីត្រួតពិនិត្យលើសំណើសុំដាក់កុមារក្នុងមណ្ឌលថែទាំដោយមិនចាំបាច់។
ផែនការពង្រឹងការថែទាំកុមារ (២០១៦-២០១៨)
ផែនការពង្រឹងការថែទាំកុមារ (២០១៦-២០១៨) មានបំណងលើកកម្ពស់ការថែរក្សាគ្រួសារ ការដកកុមារចេញពីមណ្ឌលថែទាំ និង សមាហរណកម្មកុមារដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំឱ្យវិលត្រលប់ទៅផ្ទះ និងសហគមន៍របស់ខ្លួនវិញ។ ផែនការសកម្មភាពនេះ ត្រូវបានពន្យាររហូតដល់ឆ្នាំ ២០១៩ ហើយកំពុងចូលរួមចំណែកក្នុងការធ្វើសមាហរណកម្មកុមារពីមណ្ឌលថែទាំឱ្យទៅរស់នៅជាមួយគ្រួសារ និង សហគមន៍របស់ខ្លួនវិញ។ ផែនការសកម្មភាពនេះ ក៏ជួយកាត់បន្ថយចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំកុមារ និង កសាងសមត្ថភាពរបស់ប្រព័ន្ធការពារកុមារ ជាពិសេស គឺសមត្ថភាពសម្រាប់ការថែទាំជំនួស។
អនុក្រឹត្យលេខ ៣៤
អនុក្រឹត្យលេខ ៣៤ ត្រូវបានប្រកាសឱ្យប្រើប្រាស់ ដើម្បីផ្ទេរការទទួលខុសត្រូវក្នុងការផ្ដល់សេវាការពារកុមារពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ។ ក្នុងខែមីនា ឆ្នាំ ២០១៧ រដ្ឋាភិបាលបានអនុម័តលើអនុក្រឹត្យនេះ ជាហេតុធ្វើឱ្យការគ្រប់គ្រងលើមណ្ឌលថែទាំកុមាររបស់រដ្ឋ ត្រូវផ្លាស់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទៅឱ្យរដ្ឋបាលរាជធានី និង ខេត្ត ដូចជាមន្ទីរសង្គមកិច្ចជាដើម។ ការទទួលខុសត្រូវក្នុងការធ្វើអធិការកិច្ចលើផ្ទះស្នាក់នៅដំណើរការដោយ NGO ត្រូវផ្ទេរទៅឱ្យការិយាល័យសង្គមកិច្ច។ ការគ្រប់គ្រងលើសេវាថែទាំជនរងគ្រោះ និងជនងាយរងគ្រោះនៅតាមសហគមន៍ ត្រូវផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ក្រុង និងឃុំ ដោយមានការចាត់កញ្ចប់មូលនិធិ និងបុគ្គលិកសមស្រប។
គោលនយោបាយសាលារៀនកុមារមេត្រី (២០០៧)
គោលនយោបាយសាលារៀនកុមារមេត្រី (២០០៧) មានបំណងជួយធានាឱ្យបានថា កុមារទាំងអស់ ជាពិសេសកុមារក្នុងស្ថានភាពលំបាក មានលទ្ធភាពប្រកបដោយសមធម៌ដើម្បីទៅសាលារៀន។ គោលនយោបាយនេះ ក៏មានបំណងធានាឱ្យបានថា កុមារទាំងអស់ដែលកំពុងរៀននៅសាលា បានទទួលការថែទាំ និងបានទទួលការគាំទ្រពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យពួកគេមានសុខភាពល្អ មានសុវត្ថិភាព និងបានទទួលការការពារពីអំពើហិង្សានៅក្នុងសាលារៀន នៅក្នុងគ្រួសារ និងនៅក្នុងសង្គម។ សៀវភៅណែនាំស្ដីពីការបង្ការអំពើហិង្សាលើកុមារ (២០០៨) ត្រូវបានផលិតឡើងដើម្បីបង្កើនការយល់ដឹងអំពីបុព្វហេតុ និងផលវិបាកនៃអំពើហិង្សាប្រភេទផ្សេងៗក្នុងសាលារៀន។ សៀវភៅណែនាំនេះ បានរាយឈ្មោះការទទួលខុសត្រូវនានារបស់នាយកសាលា គ្រូបង្រៀន សិស្សានុសិស្ស ឪពុកម្ដាយ ឬអាណាព្យាបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងការបង្ការអំពើហិង្សាលើកុមារ។
គោលនយោបាយ វត្តសង្គហកុមារ (គោលនយោបាយកិច្ចការពារកុមារ)
គោលនយោបាយ វត្តសង្គហកុមារ (គោលនយោបាយកិច្ចការពារកុមារ) គឺជាផ្នែកមួយនៃយន្តការដ៏ទូលំទូលាយនៅក្នុងវត្តអារាម ដើម្បីឆ្លើយតបទៅនឹងករណីអំពើហិង្សាលើកុមារ ឬ ការរំលោភបំពានលើកុមារដែលត្រូវបានសង្ស័យ ឬដែលត្រូវបានរាយការណ៍។ សកម្មភាពដើម្បីលើកកម្ពស់សុវត្ថិភាពកុមារក្នុងបរិវេណវត្តអារាម និងក្នុងសហគមន៍ រួមមាន៖ ១) ពង្រឹងសមត្ថភាពព្រះសង្ឃ ដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារតាមរយៈការបណ្ដុះបណ្ដាលព្រះសង្ឃ និងអភិវឌ្ឍកម្មវិធីសិក្សាដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំពុទ្ធិកសិក្សា (បឋម មធ្យម និងបរិញ្ញាបត្រ) ២) ការចូលរួមយ៉ាងសកម្មរបស់ព្រះសង្ឃក្នុងការអប់រំសហគមន៍ និងលើកកម្ពស់ការយល់ដឹងដល់សហគមន៍ ដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ និងដើម្បីបង្ការការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់ និង ៣) បង្កើតកម្មវិធីការពារកុមារតាមវត្តអារាម ដោយរួមមានយន្តការកិច្ចការពារសុវត្ថិភាពគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបចំពោះករណីការរំលោភបំពានលើកុមារដែលត្រូវបានសង្ស័យ និង ត្រូវបានរាយការណ៍ក្នុងបរិវេណវត្តអារាម និងក្នុងសហគមន៍។
ការបណ្ដុះបណ្ដាលគ្រូបង្រៀនស្ដីពីការដាក់ពិន័យបែបវិជ្ជមាន
ក្រសួងអប់រំ យុវជន និងកីឡា បានអភិវឌ្ឍ ឯកសារបណ្ដុះបណ្ដាលគ្រូបង្រៀនស្ដីពីការដាក់ពិន័យបែបវិជ្ជមាន ដោយមានបំណងជំរុញឱ្យមានទំនាក់ទំនងប្រកបដោយសន្តិសុខ មានលក្ខណៈកុមារមេត្រី និង អហិង្សារវាងគ្រូជាមួយសិស្សានុសិស្សរបស់ខ្លួន។ ឯកសារការបណ្ដុះបណ្ដាលនេះ ផ្ដោតការយកចិត្តទុកដាក់លើវិធីប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រងលើថ្នាក់រៀន ដោះស្រាយទំនាស់ក្នុងវិធីអហិង្សា និងបង្កើតទំនាក់ទំនងជាវិជ្ជមានរវាងសិស្ស និងគ្រូ។ ឯកសារការបណ្ដុះបណ្ដាលនេះ រួមមាន៖ សៀវភៅណែនាំសាលាកុមារមេត្រីដែលត្រូវបានកែសម្រួលឡើងវិញស្ដីពីការបង្ការអំពើហិង្សាលើកុមារ និង សៀវភៅណែនាំចំនួនបីក្បាលស្ដីពីការដាក់ពិន័យបែបវិជ្ជមាន ដោយសៀវភៅទាំងបីក្បាលនោះ រួមមាន៖ ១) មគ្គុទ្ទេសក៍សម្រាប់អ្នកសម្របសម្រួល ២) សៀវភៅឧបករណ៍សម្រាប់អ្នកដឹកនាំជាន់ខ្ពស់សាលារៀន និង ៣) សៀវភៅឧបករណ៍សម្រាប់គ្រូបឋមសិក្សា។
យុទ្ធសាស្រ្តការចិញ្ចឹមបីបាច់កូនជាវិជ្ជមាន ២០១៧
ក្រសួងកិច្ចការនារី បានប្រកាសនូវយុទ្ធសាស្រ្តការចិញ្ចឹមបីបាច់កូនជាវិជ្ជមាន រួមជាមួយកញ្ចប់ឧបករណ៍របស់ យុទ្ធសាស្រ្តនេះ ក្នុងខែធ្នូ ឆ្នាំ ២០១៧។ យុទ្ធសាស្រ្តនេះ មានបំណងជួយបង្ការ និងកាត់បន្ថយអំពើហិង្សាលើកុមារ និងរក្សាកុមារឱ្យរស់នៅជាមួយគ្នាតាមរយៈការលើកកម្ពស់ការចិញ្ចឹមបីបាច់កូនជាវិជ្ជមាន និង ការបង្កើនលទ្ធភាពទទួលបានការគាំទ្រក្នុងការចិញ្ចឹមកូនយ៉ាងសមស្រប និង ទាន់ពេលវេលា។ យុទ្ធសាស្រ្តនេះ ក៏ដើរតួនាទីជា មគ្គុទ្ទេសក៍សម្រាប់អ្នកដើរតួនាទីរបស់រដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល ដែលធ្វើការជាមួយកុមារ និងគ្រួសារផងដែរ។ តាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមបីបាច់កូននៅតាមសហគមន៍ យុទ្ធសាស្ត្រនេះ លើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរអាកប្បកិរិយាមិនសមស្របដែលបង្កឱ្យមានអំពើហិង្សាលើកុមារ រួមមានដូចជា ការដាក់ទណ្ឌកម្មផ្នែករាងកាយធ្ងន់ធ្ងរ និងបានគូសបញ្ជាក់តម្រូវការឱ្យមានការយល់ដឹងកាន់តែច្រើនអំពីសិទ្ធិកុមារ និងការអភិវឌ្ឍរបស់កុមារ។
កម្មវិធីភាពជាដៃគូដើម្បីកិច្ចការពារកុមារ (3PC)
ក្រោមកិច្ចដឹកនាំរបស់អង្គការមិត្តសំឡាញ់ កម្មវិធីភាពជាដៃគូដើម្បីកិច្ចការពារកុមារ (3PC) បាននាំយក NGOs ចំនួន ១០ ដែលធ្វើការក្នុងវិស័យការពារកុមារក្នុងប្រទេសកម្ពុជាឱ្យមកជួបជុំគ្នា។ ភាពជាដៃគូនេះ ធ្វើការយ៉ាងជិតស្និទ្ធដើម្បីសម្របសម្រួលសេវាការងារសង្គម សមាហរណកម្មកុមារពីមណ្ឌលថែទាំ ធ្វើការជាមួយគ្រួសារ និង សហគមន៍ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការការពារកុមារ និង ផ្ដល់ការឆ្លើយតបក្នុងគ្រាអាសន្ននៅពេលចាំបាច់។ 3PC សហការជាមួយរដ្ឋាភិបាល ដើម្បីពង្រឹងប្រព័ន្ធការពារកុមារនៅទូទាំងប្រទេស។
យុទ្ធសាស្ត្រ គ្រួសាររឹងមាំ ២០១៩ – ២០២៤
យុទ្ធសាស្ត្រ គ្រួសាររឹងមាំ គឺជា យុទ្ធនាការប្រាស្រ័យទាក់ទង និងលើកកម្ពស់ការយល់ដឹងថ្នាក់ជាតិ ដែលផ្ដល់ការយកចិត្តទុកដាក់លើការអប់រំប្រជាពលរដ្ឋឱ្យដឹងថា អំពើហិង្សាក្នុងទម្រង់ណាក្ដី និងការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់ទាំងអស់ គឺជាការខុសឆ្គង។ បទដ្ឋានសង្គម និងគំនិតហួសសម័យដែលត្រូវបានទទួលយកមួយចំនួន អាចនាំឱ្យកុមាររងការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត និងធ្វើឱ្យមានការបែកបាក់គ្រួសារ និងការបំបែកកុមារពីគ្រួសារដោយមិនចាំបាច់។ អង្គការយូនីសេហ្វធ្វើការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងក្រសួងពាក់ព័ន្ធសំខាន់ៗដទៃទៀត ដើម្បីអភិវឌ្ឍយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង ដឹកនាំដោយរដ្ឋាភិបាលមួយនេះ។ យុទ្ធសាស្រ្តនេះ មានបំណងឆ្លើយតបចំពោះនិយាមសង្គម និងនិយាមវប្បធម៌ដែលធ្វើឱ្យអំពើហិង្សាលើកុមារក្លាយជារឿងស្របច្បាប់ និងធ្វើឱ្យជំនឿដែលចាត់ទុកថា មណ្ឌលថែទាំកុមារផ្ដល់អត្ថប្រយោជន៍ដល់កុមារជាគំនិតធម្មតា។
លិខិតបទដ្ឋានគតិយុត្តិថ្មី
ក្នុងឆ្នាំ ២០១៦ ប្រទេសកម្ពុជាបានអនុម័តលើលិខិតបទដ្ឋានគតិយុត្តិថ្មី ដោយផ្ដោតការយកចិត្តទុកដាក់លើ “ការបង្វែរ” ជំនួសឱ្យការដាក់ទណ្ឌកម្ម។ ការអនុម័តច្បាប់យុត្តិធម៌អនីតិជន គឺជាជំហានដ៏មានសារសំខាន់ឆ្ពោះទៅស្ថាបនាប្រព័ន្ធយុត្តិធម៌អនីតិជនដាច់ដោយឡែកមួយ ដែលធានាឱ្យមានការគោរពសិទ្ធិកុមារក្នុងដំណើការយុត្តិធម៌ និងជួយធានាថា ការប្រព្រឹត្តចំពោះកុមារត្រូវបានកែសម្រួលឱ្យស្របទៅតាមកម្រិតអាយុរបស់ពួកគេ។ ច្បាប់យុត្តិធម៌អនីតិជន គឺជាវិធានការដំបូងបំផុតមួយក្នុងប្រទេសកម្ពុជា ដើម្បីការពារសិទ្ធិកុមារទំនាស់ជាមួយច្បាប់តាម រយៈការផ្ដោតការយកចិត្តទុកដាក់លើការបង្វែរជាការឆ្លើយតបសមស្របចំពោះបទឧក្រិដ្ឋរបស់យុវជន។ ដើម្បីដោះស្រាយបញ្ហាកុមារទំនាស់ជាមួយច្បាប់ ច្បាប់យុត្តិធម៌អនីតិជនតម្រូវឱ្យមានអ្នកដើរតួនាទីយុត្តិធម៌ដែលមានឯកទេស និងអង្គភាពជំនាញ ក្នុងនោះរួមមានដូចជា មន្រ្តីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា ចៅក្រម និងតុលាការ។ ច្បាប់ចែងថា ការចាប់ខ្លួន ការឃុំខ្លួន និងការដាក់ពន្ធនាគារ គួរតែជាវិធានការចុងក្រោយបំផុត។
ច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ
ច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ មានបំណងបង្រ្កាបសកម្មភាពការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ដើម្បី៖ ការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន រក្សា និងពង្រឹងទំនៀមទម្លាប់ល្អរបស់ជាតិ និងអនុវត្តពិធីសារអង្គការសហប្រជាជាតិ ដើម្បីបង្ការ បង្រ្កាប និងដាក់ទណ្ឌកម្មការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ។ ច្បាប់នេះ បំពេញបន្ថែមឱ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មឆ្លងដែនដោយមានកាចាត់តាំង ឬ លិខិតូបករណ៍អន្តរជាតិ ឬ កិច្ចព្រមព្រៀងដទៃទៀតទាក់ទងជាមួយការជួញដូរមនុស្ស ដែលព្រះរាជាណាចក្រកម្ពុជាបានផ្ដល់សច្ចាប័ន ឬបានចុះហត្ថលេខា។