នៅក្រោមផ្ទះដំបូលស័ង្កសីជាមួយនឹងពិដានត្រឹមកម្ពស់ក្បាល កុមារមួយក្រុមមានគ្នាប្រាំនាក់ និងអ្នកថែទាំរបស់ពួកគេកំពុងស្ដាប់បុគ្គលិកសង្គមដោយយកចិត្តទុកដាក់។ នៅថ្ងៃនេះ ពួកគេកំពុងរៀនអំពីជំងឺកូវីដ ១៩ ដែលបានបង្កឱ្យមានការបិទសាលារៀនរបស់ពួកគេ និងការរិតបន្តឹងចំពោះទំនាក់ទំនងរបស់ពួកគេជាមួយមិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ។
លោកស្រី ឡុង សារ៉ាន់ ដែលជាមន្រ្តីគម្រោងនៃអង្គការកុមាររីករាយកម្ពុជានៅខេត្តបាត់ដំបង បានរៀបចំវគ្គសិក្សាមួយសម្រាប់កុមារចំនួនប្រាំនាក់ ដែលកំពុងរស់នៅក្នុងគ្រួសារធម៌។
ដាលីស *[i] មានអាយុ ១១ឆ្នាំ និងដារា* ជាបងប្រុសរបស់នាង ដែលមានអាយុ ១៣ឆ្នាំ គឺជាកុមារពីរនាក់ ដែលភាពរីករាយខ្លាំងបំផុត។ នៅពេលសួរអំពីរបៀបការពារខ្លួនពីការឆ្លងជំងឺកូវីដ ១៩ ដាលីសបាននិយាយថា “ខ្ញុំត្រូវលាងដៃទាំងពីររបស់ខ្ញុំជាមួយនឹងសាប៊ូ និងទឹកស្អាត”។ ដារាបានបន្ថែមទៀតថា “ហើយយើងត្រូវស្ថិតនៅឆ្ងាយពីអ្នកដទៃចម្ងាយយ៉ាងតិចបំផុតពីរម៉ែត្រ”។ ពួកគេទាំងពីរនាក់បានបង្ហាញអំពីរបៀបលាងដៃ និងការរក្សាគម្លាតពីគ្នាទៅដល់អ្នកផ្សេងទៀតនៅក្នុងវគ្គសិក្សា។
ដាលីស និងដារា ស្ថិតក្នុងចំណោមកុមារប្រាំនាក់ ដែលកំពុងស់នៅក្នុងជាមួយឪពុកម្ដាយធម៌ ដែលពួកគេទទួលបានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយឈ្មោះថា អង្គការកុមាររីករាយ (KMR) នៅខេត្តបាត់ដំបង។ ជំនួសឱ្យការដាក់ពួកគេនៅក្នុងមណ្ឌលថែទាំកុមារ អង្គការមិនមែនរដ្ឋាភិបាលមួយនេះផ្ដល់ការថែទាំជំនួសនៅក្នុងគ្រួសារ និងសហគមន៍ ដែលជួយឱ្យពួកគេធំលូតលាស់ឡើងកាន់តែរឹងមាំ ទាំងផ្លូវកាយ និងផ្លូវចិត្ត។
លោកស្រី ឡុង សារ៉ាន់ ដែលជាមន្រ្តីគម្រោងនៃអង្គការ KMR ដឹកនាំវគ្គសិក្សានៅថ្ងៃនេះ។ គាត់បង្ហាញសារឡើងវិញអំពីរបៀបការងារពីការឆ្លងជំងឺកូវីដ ១៩ និងផ្ដល់ឱកាសឱ្យកុមារ និងឪពុកម្ដាយធម៌របស់ពួកគេអនុវត្ត។ សាររបស់គាត់រួមមានការលាងដៃជាមួយនឹងទឹកស្អាត សាប៊ូ ឬជែលអាល់កុល ការខ្ទប់ច្រមុះ និងមាត់ជាមួយនឹងក្រដាសជូតមាត់ ឬការប្រើកែងដៃខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ការពាក់ម៉ាស និងការរក្សាគម្លាតពីអ្នកដទៃចម្ងាយពីរម៉ែត្រ។
លោកស្រី សារ៉ាន់ បាននិយាយថា “ខ្ញុំត្រូវនិយាយយ៉ាងច្រើន និងនិយាយជាច្រើនដង ដើម្បីឱ្យពួកគេយល់។ ខ្ញុំផ្ដល់ឱកាសឱ្យពួកគេអនុវត្ត ហើយខ្ញុំធ្វើការតាមដាននៅពេលក្រោយទៀត ដើម្បីពិនិត្យមើលថា តើពួកគេពិតអនុវត្តវិធីទាំងនេះនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេដែរឬទេ”។
[i] **ឈ្មោះត្រូវបានផ្លាស់ប្ដូរ ដើម្បីការពារអត្តសញ្ញាណរបស់កុមារ។
លោកស្រី ឡុង សារ៉ាន់ ដែលជាមន្រ្តីគម្រោងនៃអង្គការ KMR បានបង្ហាញអំពីការលាងដៃទៅដល់កុមារ
សម្រាប់រយៈពេលពីរខែចុងក្រោយនេះ នេះគឺជាទម្លាប់ ដែលលោកស្រី សារ៉ាន់ បុគ្គលិកសង្គម និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនៅទូទាំងប្រទេស បាន និងកំពុងធ្វើ ដើម្បីគាំទ្រកុមារងាយរងគ្រោះដែលកំពុងរស់នៅក្នុងការថែទាំជំនួស។ ពួកគេបានផ្ដល់សម្ភារអនាម័យ រៀបចំវគ្គសិក្សា ពង្រឹងការអនុវត្តវិធានការប្រុងប្រយ័ត្ន និងផ្ដល់ការពិគ្រោះយោបល់ផ្លូវចិត្ត។
ខេង សុខវត្តី ដែលជាគិលានុបដ្ឋាយិការមកពីអង្គការទំនុកចិត្តកុមារកម្ពុជា (CCT) នៅខេត្ត បាត់ដំបង គិតថា គាត់មានតួនាទីបន្ថែមជាអ្នកផ្ដល់ការពិគ្រោះយោបល់ក្រៅផ្លូវការ សម្រាប់កុមារ និងអ្នកថែទាំ ដែលមានអារម្មណ៍មិនច្បាស់លាស់ នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។ នៅគ្រប់វគ្គសិក្សាទាំងអស់ដែលគាត់រៀបចំនៅតាមផ្ទះថែទាំកុមារដោយឪពុកម្ដាយធម៌ គាត់សង្កេតមើលថា តើមានអ្នកណាម្នាក់ត្រូវការដំបូន្មាន និងសេចក្ដីណែនាំដែរ ឬទេ និងផ្ដល់ការគាំទ្រដល់ពួកគេ រួមទាំងធ្វើការបញ្ជូនពួកគេទៅរកក្រុមការងាររបស់គាត់។
ខេង សុខាវត្តី ដែលជាគិលានុបដ្ឋាកយិការនៃអង្គការ CCT បានសួរកុមារអំពីវិធានការការពារពីជំងឺកូវីដ ១៩។
សុខាវត្តី បាននិយាយថា “សុខភាពផ្លូវចិត្តរស់កុមារបានទទួលរងផលប៉ះពាល់នៅក្នុងអំឡុងពេលនេះ ដោយសារពួកគេភ័យខ្លាចជំងឺកូវីដ ១៩។ ការជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីជំងឺនេះ របៀបការពារខ្លួនពួកគេ និងការធានាអះអាងចំពោះពួកគេថា ពួកគេមានយើង ដែលរង់ចាំផ្ដល់ការគាំទ្រដល់ពួកគេ អាចកាត់បន្ថយការព្រួយបារម្ភរបស់ពួកគេបាន។”
កុមារនៅក្នុងកន្លែងថែទាំទ្រង់ទ្រាយធំៗក៏កំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដែលមិនបានរំពឹងទុកមុន នៅក្នុងអំឡុងពេលនេះ ដែលជាការបន្ថែមការលំបាកៗទៅលើបញ្ហាប្រឈមដែលមានស្រាប់របស់ពួកគេទាក់ទងនឹងកង្វះការថែទាំពីគ្រួសារ។
នៅក្នុងប្រទេសកម្ពុជា កុមារចំនួន ៩.៣៨៣នាក់ កំពុងស់នៅក្នុងកន្លែងថែទាំកុមារ ហើយកុមារចំនួន ១.៤៦៩នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណើរការសមាហរណកម្មទៅកាន់គ្រួសារ និងសហគមន៍។ កុមារទាំងនេះត្រូវការការគាំទ្រកាន់តែច្រើនថែមទៀត សម្រាប់ការអប់រំ និងការលេងកំសាន្ត ទឹក និងអនាម័យ កិច្ចការពារពីការរំលោភបំពាន និងសុខភាពផ្លូវចិត្ត។
ទឹម ស្រីអូន គឺជាបុគ្គលិកសង្គមនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ហើយគាត់មើលឃើញកុមារជួបប្រទះការលំបាក នៅគ្រប់ពេលដែលគាត់ចុះទៅកាន់មណ្ឌលថែទាំកុមារ។ នៅពេលថ្មីៗនេះ គាត់មើលឃើញថា កុមារទាំងនេះលេងកំសាន្តតិចជាងមុន មិនត្រឹមតែដោយសារតែការអនុវត្តវិធានការការពារពីជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ប៉ុន្តែក៏ខ្វះរបស់ក្មេងលេងជាច្រើនប្រភេទផ្សេងៗគ្នាផងដែរ។ ជាមួយនឹងការលេង និងទំនាក់ទំនងតិចជាងមុន ពួកគេមិនសូវសកម្ម និងមានភាពតានតឹងក្នុងចិត្តកាន់តែច្រើនជាងមុន។
ទឹម ស្រីអូន ដែលជាបុគ្គលិកសង្គមនៃមន្ទីរ ស.អ.យ បានធ្វើឱ្យប្រាកដថា កុមារលាងដៃរបស់ពួកគេបានត្រឹមត្រូវ។
ស្រីអូនបាននិយាយថា “ពួកគេសួរខ្ញុំជាច្រើនដងថា នៅពេលណាទើបការរាតត្បាតជាសកលនេះនឹងបញ្ចប់។ ខ្ញុំនិយាយថា ខ្ញុំមិនដឹងទេ ហើយខ្ញុំទាញការយកចិត្តទុកដាក់របស់ពួកគេទៅលើវិធានការការពារខ្លួនវិញ។ បច្ចេកទេសនេះមិនតែងតែមានប្រសិទ្ធភាពឡើយ នៅពេលខ្លះ ពួកគេធុញទ្រាន់ និងលែងជឿទុកចិត្តលើខ្ញុំ។ ប៉ុន្តែតាមរយៈការចំណាយពេលស្ដាប់ ដើម្បីយល់អំពីពួកគេ ខ្ញុំនៅតែអាចជួយពួកគេឱ្យមានអារម្មណ៍កាន់តែល្អបាន”។
ដោយសារការរាតត្បាតនេះអូសបន្លាយបន្តទៅមុខទៀត ភាពតានតឹងក្នុងចិត្តរបស់កុមារកើនឡើង។ ការសន្ទនាបែបពិបាកៗរវាងពួកគេ និងបុគ្គលិកសង្គម និងអ្នកថែទាំរបស់ពួកគេ កើតឡើងកាន់តែញឹកញាប់។ បញ្ហានេះក៏ពិតជាកើតឡើងចំពោះកុមារ និងឪពុកម្ដាយបង្កើតរបស់ពួកគេនៅក្នុងសហគមន៍ក្រីក្រផងដែរ។ ជាមួយនឹងការតាមដានត្រួតពិនិត្យតិចតួចពីឪពុកម្ដាយ ដោយឪពុកម្តាយជាច្រើនកំពុងមានការលំបាករួចទៅហើយនៅក្នុងជីវភាពរស់នៅរបស់គ្រួសារ ជាហេតុបណ្តាលឱ្យកុមារមិនអើពើចំពោះវិធានការការពារខ្លួន និងវិលត្រលប់ទៅរកជីវិតប្រក្រតីរបស់ពួកគេវិញ។
លោក ហួន លួង ដែលមានឪពុកម្នាក់មានអាយុ ៥៥ឆ្នាំ នៅក្នុងវគ្គសិក្សានេះ បាននិយាយថា “កូនៗរបស់ខ្ញុំមិនស្ដាប់ខ្ញុំឡើយ នៅពេលដែលខ្ញុំប្រាប់ពួកគេកុំឱ្យចេញទៅខាងក្រៅ ប្រសិនបើមិនចាំបាច់។ យើងបាននិយាយគ្នាយ៉ាងតឹងតែង ហើយនៅទីបំផុត បានព្រមព្រៀងគ្នាថា ពួកគេត្រូវពាក់ម៉ាស និងលាងដៃឱ្យបានកាន់តែញឹកញាប់ នៅពេលទៅលេងនៅខាងក្រៅ”។
លោក ហួន លួង បានចែករំលែកបទពិសោធន៍របស់ពួកគេអំពីការការពារពីជំងឺកូវីដ ១៩ និងរបៀបនិយាយជាមួយកូនៗអំពីការរាតត្បាតជាសកលនៃជំងឺនេះ។
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ឈ្មោះថាអង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គម (ICS-SP) បង្រៀនលោក លួង និងឪពុកម្ដាយផ្សេងទៀតអំពីការចិញ្ចឹមកូនបែបវិជ្ជមាន ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ។ នៅពេលបច្ចុប្បន្ន ពួកគេក៏បញ្ជូលគន្លឹះអំពីការការពារពីជំងឺកូវីដ ១៩ ផងដែរ។ នៅពេលនេះ ជំនាញនានា និងចំណេះដឹងថ្មីៗកាន់តែមានភាពពាក់ព័ន្ធ និងមានសារប្រយោជន៍ជាងពេលណាៗទាំងអស់ ដើម្បីជួយឪពុកម្ដាយក្នុងការទប់ទល់នឹងការលំបាកនានា រួមទាំងការបាត់បង់ប្រាក់ចំណូលគ្រួសារ និងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនៗពួកគេ។
អង្គការយូនីសេហ្វគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការមិនមែនរដ្ឋាភិបាលនានា និងបុគ្គលិកសង្គម ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ ១៩ លើកុមារងាយរងគ្រោះ។ គិតត្រឹមពេល សរសេរអត្តបទនេះ ប្រទេសកម្ពុជាបានរាយការណ៍ឱ្យដឹងថា មានមនុស្សចំនួន ១២៤នាក់បានឆ្លងជំងឺកូវីដ ១៩ និងបានជាសះស្បើយទាំងអស់។ ជាមួយនឹងការរួមវិភាគទានពី USAID និង រដ្ឋា ភិបាលជប៉ុន អង្គការយូនីសេហ្វបានធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីហានិភ័យនៃគ្រោះអាសន្ន និងយុទ្ធនាការបង្កការចូលរួមរបស់សហគមន៍នៅទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះបានគ្របដណ្ដប់ទៅដល់មនុស្សជាង ១០លាននាក់ ក្នុងចំណោមប្រជាជនកម្ពុជាជាង ១៦លាននាក់។
[1] **ឈ្មោះត្រូវបានផ្លាស់ប្ដូរ ដើម្បីការពារអត្តសញ្ញាណរបស់កុមារ។